មន្ត្រី​៖ មុខងារ​កាំកុងត្រូល​នឹង​ត្រូវ​ដក​ទុក​ឱ្យ​គយ​គ្រប់គ្រង​ជំនួស​វិញ​

16-01-2019 5:01 pm 1447
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​ពិធី​វេទិកាសាធារណៈ ស្តីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា មុខងារ​កាំកុងត្រូល នឹង​ត្រូវ​ដក​ទុក​ឱ្យ​គយគ្រប់គ្រង​ជំនួស​វិញ ។ លោក​ថា ពាក់ព័ន្ធ​នឹង​ការ​ទុក​ឱ្យ​មាន​តែ​ស្ថាប័ន​២​នៅ​តាម​ច្រកព្រំដែន ក្រសួង​សេដ្ឋកិច្ច​កំពុង​រៀបចំ​អនុក្រឹត្យ​ដើម្បី​ដាក់ចេញ​នា​ពេល​ឆាប់ៗ​នេះ...

​លោក វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថា សព្វថ្ងៃ មានតែ​កម្ពុជា​មួយ​ប៉ុណ្ណោះ ដែល​មាន​មន្ត្រី​កាំកុងត្រូល​នៅតាម​ព្រំដែន ខុស​ពី​ប្រទេស​គេ​ផ្សេង​ទៀត បើសិន​ជា​ដក​កាំកុងត្រូល​ចេញ​ពី​ច្រកទ្វារ​ព្រំដែន ទុក​ឱ្យ​គយ​ជា​អ្នកគ្រប់គ្រង​វិញ វា​អាច​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​រាជរដ្ឋាភិបាល ដើម្បី​យក​ទៅ​ផ្គត់​ផ្គង់​លើ​ចំណាយ​ផ្សេងៗ​វិញ ។​

​លោក​បន្ថែមថា រឿង​បញ្ហា​ទាក់ទង​នឹង​ការរកស៊ី ការនាំចេញ នាំ​ចូល​នៅ​តាម​ព្រំដែន លោក​យល់ថា ការដក​ស្ថាប័ន​កាំកុងត្រូល​នៅតាម​ព្រំដែន វា​មិនមែន​មានន័យថា បាត់​មុខងារ​ទាំង​អស់​នោះ​ទេ គឺ​គេ​ផ្ទេរ​វា​ឱ្យ​គយ​ហើយ​គយ​អាច​មើល​ទាំងអស់​បាន​ដូចគ្នា ។​

​លោក​រដ្ឋលេខាធិការ​បន្ត​ថា ពាក់ព័ន្ធ​នឹង​ការទុកឱ្យ​ស្ថាប័ន​តែ​២​នៅ​តាម​ច្រកទ្វារ​ព្រំដែន​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​រៀបចំ​អនុក្រឹត្យ​ដើម្បី​ដាក់ចេញ​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ ។​

​កាលពី​ថ្ងៃ​ទី​១១ ខែ​មករា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាសថា ចាប់ពី​ពេលនេះ​ទៅ នៅ​តាម​ច្រកព្រំដែន​ទាំងអស់ នឹង​មិន​ឱ្យមាន​ផ្នែក​ណាមួយ​ក្រៅតែពី «​នគរបាល​អន្តោប្រវេសន៍ និង​គយ​» តែប៉ុណ្ណោះ ។ ភ្នាក់ងារ​ដទៃៗ​ទៀត រួម​ទាំង​កាំកុងត្រូល គឺ​ត្រូវ​ដកចេញ​ឱ្យអស់ ។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ការអនុវត្ត​បែបនេះ គឺ​ដើម្បី​ចូលរួមចំណែក​ក្នុង​ការលុបបំបាត់​ភាព​អសកម្ម​ផ្សេងៗ និង​អំពើពុករលួយ​ជាដើម ម្យ៉ាងទៀត គឺ​បាន​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​ពាណិជ្ជករ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការប្រកប​អាជីវកម្ម​ផងដែរ ហើយ​វា​ក៏​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ចជាតិ មាន​ដង្ហើម​រស់​បាន​ដោយ​ស្រួល ៕

ព័ត៌មានផ្សេងទៀត