នាយករដ្ឋមន្ដ្រី​​អង់គ្លេស​​នៅតែ​មិនអាច​​អូសទាញ​​សមាជិកសភា​គាំទ្រ​​កិច្ចព្រមព្រៀង​​ចេញពី​អឺរ៉ុប​

16-01-2019 9:29 am 1169
  ស្តាប់
រូបភាពនាយករដ្ឋមន្ដ្រីអង់គ្លេស​​លោកស្រី​ថេរ៉េសា ម៉េ
ស្តាប់ជាសំឡេង

​សភា​អង់គ្លេស​កាលពី​ថ្ងៃទី​១៥​មករា បានរៀបចំ​ការបោះឆ្នោត​តាម​ការគ្រោងទុក ក្រោយ​លើក​ពេល​ពី​ចុងឆ្នាំ​២០១៨​។ ជា​ការបោះឆ្នោត​អនុម័ត​លើ​កិច្ចព្រមព្រៀង​ចាកចេញ​ពី​សមាជិក​អឺរ៉ុប ក្រោយ​លោកស្រី​នាយករដ្ឋមន្ដ្រី​ថេរ៉េសា ម៉េ បាន​ដឹកនាំ​កិច្ចចរចា​ទម្រាំ​សម្រេចបាន​កិច្ចព្រមព្រៀង​នេះ​។ ប៉ុន្ដែ​លទ្ធផល​ខកចិត្ដ​នៅតែ​កើតឡើង​ដដែល ទោះបី​លោកស្រី​ម៉េ​បាន​ព្យាយាម​ពន្យល់​ពី​សារសំខាន់​នៃ​កិច្ចព្រមព្រៀង​ក្ដី​។ 

​កិច្ចព្រមព្រៀង​ទទួលបាន​សំឡេងគាំទ្រ​តែ​២០២​សំឡេង​ប៉ុណ្ណោះ ប៉ុន្ដែ​សំឡេង​ប្រឆាំង​មាន​រហូតដល់​៤៣២​សំឡេង​។ ក្រោយ​ទទួលបាន​លទ្ធផល​មេដឹកនាំ​គណបក្ស​ពលករ បានចាត់ទុក​ការបោះឆ្នោត​ជា​ការបោះឆ្នោត​មិន​ទុកចិត្ដ​លើ​រដ្ឋាភិបាល ដូច្នេះ​បញ្ហា​នេះ​នឹងត្រូវ​ពិភាក្សា​ពិភាក្សា​បន្ថែម​។ រដ្ឋាភិបាល​អង់គ្លេស​មា​ន​ពេល​បី​ថ្ងៃ ជជែក​រក​ដំណោះស្រាយ​និង​កំណត់​ផែនការ​ផ្សេង​។ លោកស្រី​ម៉េ​បាន​ប្រាប់​ទៅ​សមាជិកសភា​ទាំងអស់​ថា លោកស្រី​នឹង​ជួបពិភាក្សា​ជាមួយ​សមាជិកសភា​គណ​បក្ស​លោកស្រី​និង​គណបក្សប្រឆាំង​បន្ដទៀត ស្វែងរក​ការគាំទ្រ​កិច្ចព្រមព្រៀង​។​

​លោកស្រី​បាន​សង្កត់ធ្ងន់ថា ការចាកចេញ​ពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង មិនមែនជា​យុទ្ធសាស្ដ្រ​របស់​របស់​រដ្ឋាភិបា​លឡើយ​។ លោកស្រី​មាន​តួនាទី​ណែនាំ​ដល់​ប្រជាជន​អង់គ្លេស ដែល​ពួកគេ​បានសម្រេច​ចិត្ដតាមរ​យៈ​ការបោះឆ្នោត​ប្រជាម​តិកា​លពី​២​ឆ្នាំកន្លះ​មុន​។ សម្រាប់​ក្រុមអ្នកវិភាគ​មើលឃើញថា មិនមែនជា​រឿង​ងាយស្រួល​ឡើយ សម្រាប់​លោកស្រី​ម៉េ​ដែល​ត្រូវ​ទាញយក​សម្បទាន​បន្ថែម​ពី​សហភាព​អឺរ៉ុប ដើម្បី​បំពេញ​តាម​ការចង់បាន​របស់​សមាជិកសភា ដែល​បច្ចុប្បន្នកំពុង​ជំទាស់​នឹង​កិច្ចព្រមព្រៀង​។​

​មាន​សមាជិកសភា​ខ្លះ​ទទូច​ចង់ឲ្យ​រដ្ឋាភិបាល​ពន្យារពេលចាក​ចេញពី​អឺរ៉ុប ដែល​កាលបរិច្ឆេទ​កំណត់​នៅ​ថ្ងៃទី​២៩​ខែ​មីនាឆ្នាំ​២០១៩​នេះ ហើយ​ត្រូវ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ម្ដងទៀត​ស្វែងរក​ការផ្លាស់ប្ដូរ​កិច្ចព្រមព្រៀង​។ សមាជិកសភា​ខ្លះទៀត​បាន​ស្នើឲ្យ​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ ស្ដីពី​ការចាក​ចេញពី​អឺរ៉ុប​ម្ដងទៀត ប៉ុន្ដែ​យុទ្ធសាស្ដ្រ​ទាំងពីរ​នេះ​មិនមែនជា​ជម្រើស​ងាយស្រួល​ឡើយ​៕

ព័ត៌មានផ្សេងទៀត