បើ​រដ្ឋាភិបាល​​អាមេរិក​​បន្ដ​បិទទ្វារ​ តើ​នឹងមាន​​វិបត្ដិ​អ្វីខ្លះ​​កើតឡើង​?

15-01-2019 1:15 pm 10614
រូបភាពវិមានរដ្ឋាភិបាលអាមេរិកCapitol Hill​

​ជា​លើកដំបូង​ក្នុង​ប្រវត្ដិសាស្ដ្រ​អាមេរិក ដែល​រដ្ឋាភិបាល​ត្រូវ​បិទទ្វារ​ក្នុង​រយៈពេល​យូរ​បំផុត​។ ការបិទទ្វារ​រដ្ឋាភិបាល​ដោយសារតែ​ខ្វែងគំនិត  លើ​ផែនការ​សង់​ជញ្ជាំង​ព្រំដែន​រវាង​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ជាមួយ​សមាជិក​សភាគ​ណ​បក្ស​ប្រជាធិបតេយ្យ​។ លោក​ត្រាំ​ចង់ឲ្យ​សង់​ជញ្ជាំង​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិក ខណៈ​សមាជិកសភា​គណ​បក្ស​ប្រជាធិបតេយ្យ​ថា​ធ្វើ​ដូច្នេះ ជា​ការចំណាយ​ប្រាក់​ខ្ជះខ្ជាយ​។ ភាព​តានតឹង​ផ្ទុះឡើង​កាន់តែខ្លាំង ក្រោយ​លោក​ត្រាំ​មិន​ព្រម​ចុះហត្ថលេខា​លើ​កញ្ចប់​ថវិកា សម្រាប់​ប្រើប្រាស់​ក្នុង​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល ជំរុញ​ឲ្យ​បិទទ្វា​ររហូត​ដល់ពេលនេះ មិនទាន់​រក​ដំណោះស្រាយ​ឃើញ​ទេ​។ តើ​អាមេរិក​អាច​នឹង​ជួប​បញ្ហា​ប្រឈម​អ្វីខ្លះ​?

​ជា​បន្ដ​សូម​ស្ដាប់​ព័ត៌មាន​បន្ថែម រាយការណ៍​ជូន​ដោយ​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិ​ការអន្ដរ​ជាតិ​ដូចតទៅ​៖

សំឡេង៖

​គិត​មកដល់ពេលនេះ​មាន​រយៈពេល​ជាង​២០​ថ្ងៃ​ហើយ ដែល​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​អាមេរិក​ត្រូវ​បិទទ្វារ​។ ការបិទទ្វារ​គឺជា​លើក​ទី​បី​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​ដូណាល់ ត្រាំ និង​ជា​ការបិទទ្វារ​រយៈពេល​យូរ​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​អាមេរិក ចាប់ផ្ដើម​តាំងពី​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៨​មក​។ មូលហេតុ​ដែល​ឈានដល់​ការបិទទ្វារ​រដ្ឋាភិបាល ដោយសារតែ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ មិន​ព្រម​ចុះហត្ថលេខា​ឲ្យប្រើ​ប្រាស់​កញ្ចប់​ថវិកា​ថ្មី​។

​ចំពោះ​ដើមចម លោក​ដូណាល់ ត្រាំ​ទទូច​ចង់ឲ្យ​សមាជិកសភា​គាំទ្រ​ផែនការ​សាងសង់​ជញ្ជាំង​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិក ជា​កិច្ចសន្យា​មួយ​លោក​បានធ្វើ​ក្នុងអំឡុងពេល​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កាលពី​ឆ្នាំ​២០១៦​។ លោក​លើក​មូលហេតុ​ថា ការសាងសង់​ជញ្ជាំង​ព្រំដែន​មាន​ប្រយោជន៍​ណាស់ អាច​ការពារ​អាមេរិក​ពី​ក្រុម​ចំណាកស្រុក​ខុសច្បាប់​។ ជនអន្ដោប្រវេសន៍​ខុសច្បាប់ ដែល​ឆ្លងកាត់​ចូល​ទឹកដី​អាមេរិក​តាម​ព្រំដែន​ម៉ិក​ស៊ិក  កំពុង​បង្ក​ការគំរាមកំហែង​ដល់​ប្រជាជន​អាមេរិក​។ នេះ​បើតាម​ការអះអាង​របស់​លោក​ត្រាំ​។ មួយវិញទៀត ការសង់​ជញ្ជាំង​ព្រំដែន​អាច​ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន ឆ្លងកាត់​តាម​ព្រំដែន​ម៉ិក​ស៊ិក​ផងដែរ​។ 

​ដូច្នេះ លោក​ត្រាំ​ចង់បាន​ការឯកភាព​យល់ព្រ​មពី​សមាជិកសភា ឲ្យប្រើ​ប្រាស់​កញ្ចប់​ថវិកា​ប្រមាណ​៥.៧​ពាន់​លាន​ដុល្លារ​សម្រាប់​សង់​ជញ្ជាំង​ព្រំដែន​។ ប៉ុន្ដែ​លោក​មិន​ទទួលជោគជ័យ​ក្នុង​កិច្ចការ​នេះឡើយ​។ សំណើ​របស់លោក​ត្រូវ​សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​ជំទាស់​ដាច់ខាត ហើយ​ថា​ជា​ការចាយវាយ​ប្រាក់​ខ្ជះខ្ជាយ​ទៅវិញ​។ ឆ្លើយតប​នឹង​ការជំទាស់​របស់​គណបក្ស​ប្រជាធិបតេយ្យ លោក​ត្រាំ​បាន​ជ្រើស​យក​ការបិទទ្វារ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល​ជាការ​សងសឹក​។ លោក​ធ្លាប់​ព្រមាន​ថា បើ​គ្មាន​ការយល់ព្រម​លើ​ការសង់​ជញ្ជាំង​ព្រំដែន ក៏​គ្មាន​ការបើកទ្វារ​រដ្ឋាភិបាល​វិញ​ដែរ​។ ផ្នែក​នៃ​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​មួយចំនួន អាច​បិទទ្វារ​ដល់​ខែ​ឬ​ឆ្នាំ​ផង​ក៏​ថា​បាន​។ រហូត​មកដល់ពេលនេះ នៅ​ពុំទាន់​រក​វិធីសាស្ដ្រ​ដោះស្រាយបាន​នៅឡើយ​។​

​ការបិទទ្វារ​រដ្ឋាភិបាល​ដែល​ឈានចូល​ដល់​រយៈពេល​យូរ​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​អាមេរិក បង្កឲ្យមាន​ក្ដីព្រួយបារម្ភ​យ៉ាងខ្លាំង​កើតឡើង​។ អ្នកជំនាញ​ជាច្រើនរូប​បាន​បញ្ចេញ​ទស្សនៈ​ថា កត្ដា​នេះ​នឹង​ធ្វើឲ្យ​អាមេរិក​ប្រឈម​បញ្ហា​ជាច្រើន​។ ក្នុងនោះ​មានដូចជា ប្រជាជន​អាមេរិក​៣៨​លាន​នាក់​ដែលមាន​ប្រាក់ចំណូល​ទាប នឹង​បាត់បង់​បណ្ណ​ទិញ​អាហារ​ក្នុង​តម្លៃថោក ប្រជាជន​៦​លាន​នាក់​នឹង​ប្រឈម​កាលបរិច្ឆេទ​មិន​ច្បាស់លាស់​សម្រាប់​ការបង់ពន្ធ ប្រជាជន​២​លាន​នាក់​នឹង​គ្មាន​ជំនួយ​សម្រាប់​ជួល​ផ្ទះ​នឹង​ប្រឈម​ការបណ្ដេញចេញ បុគ្គលិក​រដ្ឋាភិបាល​ចំនួន​៨​សែន​នាក់​នឹង​ធ្លាក់​ក្នុង​វិបត្ដិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ ឧស្យាន​និង​សារមន្ទីរ​ត្រូវ​បិទទ្វារ ខណៈ​នៅ​អាកាសយានដ្ឋាន​នឹង​ជួប​បញ្ហា​ខ្វះ​បុគ្គលិក​ធ្វើការ ហើយ​ជះឥទ្ធិពល​ដល់​ភ្ញៀវទេសចរ​។ 

​បន្ថែម​លើ​នេះ​ប្រព័ន្ធតុលាការ​សហព័ន្ធ​នឹង​ដំណើរការ​យឺតយ៉ាវ ប្រាក់​សម្រាប់​ជួយសង្គ្រោះ​នៅ​តំបន់​រងគ្រោះ​មហន្ដរាយ​នឹងត្រូវ​បាត់បង់ ការត្រួតពិនិត្យ​នៅ​រដ្ឋ​បាល​ចំណីអាហារ​និង​ឱសថ និង​ការត្រួតពិនិត្យ​នៅ​ទីភ្នាក់ងារ​ការពារ​បរិ​ស្ថាន នឹង​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​ធ្វើឲ្យ​ផ្ទុះគ្រោះថ្នាក់​កើតឡើង ក្រុមហ៊ុន​ឯកជន​នឹងត្រូវ​ជាប់គាំង ហើយ​ទី​ផ្សារភាគហ៊ុន​នឹងត្រូវ​ធ្លាក់ចុះ​។ អ្វីដែល​បានលើកឡើង​ទាំង​អំបាលម៉ាន គឺជា​ការមើលឃើញ​របស់​អ្នកជំនាញ​ជាច្រើ​ន​រូប មាន​ទាំង​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​ផងដែរ​។​

​អ្វីដែល​ជា​ការចាប់អារម្មណ៍​មួយទៀត ចន្លោះពេល​អាមេរិក​កំពុង​ជួប​បញ្ហា ប្រទេស​ជា​គូប្រជែង​តួយ៉ាង​មាន​ចិន​ជាដើម អាច​នឹង​កេងចំណេញ​ប្រជាប្រិយភាព ឬ​មុខតំណែង​នានា​ក្នុង​ឆាក​អន្ដរជាតិ​។ ដូច​បានបញ្ជាក់​ហើយ​ថា ការបិទទ្វា​រដ្ឋាភិបាល​អាមេរិក​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ ហេតុនេះ​ចិន​អាច​ប្រើ​ពេលវេលា​ដែល​អាមេរិក​កំពុង​ជួប​វិបត្ដិ ពង្រឹងសមត្ថភាព​ផ្នែក​សេដ្ឋកិច្ច ក្នុងន័យ​ដណ្ដើម​តំណែង​មហាអំណាច​សេដ្ឋកិច្ច​លេខ​មួយ​ពី​អាមេរិក ស្របពេល​ចិន​កំពុងមាន​មហិច្ឆតា​ស្រាប់​។ តាម​របាយការណ៍​ស្រាវជ្រាវ​មួយ​បានបង្ហាញ​ក្នុងពេល​ថ្មីៗ​នេះ​ថា នៅ​ឆ្នាំ​២០២០​ចិន​នឹង​វ៉ា​ដាច់​អាមេរិក​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​លេខ​មួយ​ក្នុង​លោក​ហើយ​។​

​ងាក​មក​និយាយ​បន្ដិច​ពី​ឥរិយាបថ​រឹងរូស​របស់លោក​ដូណាល់ ត្រាំ​។ តាំងពី​ចូល​កាន់តំណែង​លោក​ត្រូវគេ​ដាក់​រហ័ស​នាម​ឲ្យ​ថា​ជា​បុរស​មាត់ឆៅ និយាយ​យ៉ាងម៉េច​ធ្វើ​អ៊ីចឹង ហើយ​ការសម្រេចចិត្ដ​របស់​លោក​គ្មាន​នរណា​អាច​ប៉ាន់ស្មា​ន​បានទេ​។ លោក​ធ្លាប់​ប្រកាសថា​លោក​ចូល​កាន់តំណែង ដើម្បី​ធ្វើឲ្យ​អាមេរិក​អស្ចារ្យ​ម្ដងទៀត ហេតុនេះ​លោក​ត្រូវតែ​ធ្វើ​គ្រប់យ៉ាង​គិត​អាមេរិក​ជាធំ មិន​ខ្វល់​ពី​ការរិះគន់​ឡើយ​។ ការសម្រេច​ឲ្យ​បិទទ្វា​ររដ្ឋាភិបាល ជា​ការដោះដូរ​នឹង​ជញ្ជាំង​ព្រំដែន​អាមេរិក​-​ម៉ិក​ស៊ិក ក៏​មិន​ទំនង​ថា​អាច​ដោះស្រាយបាន​ភ្លាមៗ​ដែរ បើ​ការចរចា​មិន​ផ្ដល់​ប្រយោជន៍​ដល់​គោលនយោបាយ​របស់លោក​។ បើ​អ៊ីចឹង​តើ​ដំណោះស្រាយ​អ្វីដែល​សមស្រប​បំផុត​សម្រាប់​បើកទ្វារ​រដ្ឋាភិបាល​វិញ​? តើ​លោក​ដូណាល់ ត្រាំ​អាច​ផ្លាស់ប្ដូរ​ចិត្ដមានះ​រឹងរូស​របស់លោកឬ​ទេ​? ចង់ដឹង​ដំណើររឿង​ទៅជា​យ៉ាងណា មានតែ​ត្រូវ​តាមដាន​បន្ដទៀត​៕

ព័ត៌មានផ្សេងទៀត