ក្រសួង​កសិកម្ម​​ប្រកាស​​បិទ​​ការនេសាទ​​«​ត្រី​កា​ម៉ុង​»​​នៅ​រដូវ​នេសាទ​​ឆ្នាំ​២០១៩​

15-01-2019 9:09 am 981
ត្រី​កា​ម៉ុង ឫ ត្រី​ប្លាធូុ។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ​នៅ​ថ្ងៃទី​១៤ មករា បានប្រកាស​បិទ​ការធ្វើ​នេសាទ​ត្រី​កា​ម៉ុង​សម្រាប់​រដូវ​នេសាទ​ឆ្នាំ ២០១៩ ក្នុង​គោលបំណង​ការពារ​និង​ទប់​ស្តា​ត​កុំឱ្យ​បាត់បង់​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​កសិកម្ម​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​គូសបញ្ជាក់ថា រដូវ​ពង​កូន​បន្ត​ពូជ​របស់​ត្រី​កាម៉ុង ឬ​ត្រី​ប្លាធូ នៅក្នុង​ដែន​នេសាទ​សមុទ្រ​របស់​កម្ពុជា ចាប់ពី​ថ្ងៃទី ១៥ ខែមករា​រហូតដល់​ថ្ងៃ ថ្ងៃទី ៣១ ខែ​មិនា​ឆ្នាំ ២០១៩​ខាងមុខ​។​ដើម្បី​ការពារ និង ទប់​ស្តា​ត​កុំឱ្យ​បាត់បង់ ក្រសួង អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​នេសាទ​ត្រី​កា​ម៉ុង ឬ​ត្រី​ប្លាធូ ទាំងអស់​នៅក្នុង​ដែន​នេសាទ​សមុទ្រ​កម្ពុជា​កម្ពុជា ត្រូវ​បញ្ឈប់​សកម្មភាព​ធ្វើ​នេសាទ​ចាប់ពី​ថ្ងៃទី ១៥ ខែ មករា រហូតដល់​ថ្ងៃទី ៣១ ខែ​មិនា​ឆ្នាំ​២០១៩ ជា​កំហិត ។​

​ក្រសួង​កសិកម្ម បានបង្ហាញ​ក្តី​សង្ឃឹមថា ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​នេសាទ​ត្រី​កា​ម៉ុង ប្លាធូ ទាំងអស់​នឹងចូលរួម​គោរព តាម​សេចក្តីជូនដំណឹង​នេះ ដើម្បី​រួមចំណែក​ថែរក្សា និង ការពារ​ធនធាន​ជលផល​សមុទ្រ​ឱ្យបាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត​។​

​គួរ​បញ្ជាក់ថា ត្រី​កា​ម៉ុង ឫ ត្រី​ប្លាធូ គឺជា​ត្រី​សមុទ្រ​មួយ​ប្រភេទ​ដ៏​ពេញនិយម សម្រាប់​ចម្អិន​ជា​អារ​ហារ​របស់​ពលរដ្ឋ​រស់​នៅ តាម​តំបន់​សមុទ្រ​។ តាម​តំបន់​ខ្លះ ឈ្មោះ​ត្រី​កា​ម៉ុង ឫ ត្រី​ប្លាធូ​នេះ ត្រូវបាន​គេ ហៅ​ត​គ្នា​ថា «​ត្រី​ចម្ហុយ​» ដែលមាន​ដាក់លក់​នៅលើ​ទីផ្សារ​ទូទាំងប្រទេស​។​

​ចំពោះ​អត្ថប្រយោជន៍​វិញ ត្រី​កា​ម៉ុងអាចជួយ​ដល់​សរសៃឈាម និង បេះដូង​របស់​មនុស្ស ដោយសារ​ត្រី​សមុទ្រ​ប្រភេទ​នេះ​ផ្ទុក​ទៅដោយ​សារធាតុ​អូ​មេហ្គា ៣ ដូច​ទៅនឹង​ត្រី​សាល​ម៉ន​ដែរ​។ នៅក្នុង សាច់​ត្រី​កា​ម៉ុង ១០០​ក្រាម មាន​អូ​មេហ្គា ៣ ប្រហែល ២-៣​ក្រាម ដែល​គ្រប់គ្រាន់​សម្រាប់​សេចក្តីត្រូវការ​របស់​រា​ង​កាយ ប្រសិនបើ​បរិភោគ​ជា​ប្រចាំថ្ងៃ ។ អូ​មេហ្គា គឺជា​ខ្លាញ់​ជួយ​កាត់បន្ថយ​អត្រា​ស្លាប់ ដោយសារ​ជំងឺ​បេះដូង ជំងឺ​សរសៃឈាម​ត្បៀត បន្ថយ​កូលេ​ស្តេ​រ៉ូល ត្រៃ​គ្លី​សី​រ៉ៃ រហូតដល់​កំហាប់​ស្អិត​របស់​ឈាម​៕

ព័ត៌មានផ្សេងទៀត