រកឃើញ​ប្រអប់​ខ្មៅ​កត់ត្រា​សំឡេងយន្តហោះ​ឥណ្ឌូនេស៊ី​ធ្លាក់សម្លាប់​មនុស្ស​១៨៩​នាក់​

14-01-2019 5:11 pm 1223
  ស្តាប់
ប្រអបថតសំឡេងរបស់យន្តហោះBoeing 737 MAX 8ត្រូវបានរកឃើញនៅថ្ងៃចន្ទនេះ
ស្តាប់ជាសំឡេង

​មន្ត្រី​ឥណ្ឌូនេស៊ី និយាយថា​ពួកគេ បាន​រកឃើញ​ប្រអប់​ខ្មៅ​មួយទៀត របស់​យន្តហោះ​ឥណ្ឌូនេស៊ី ប្រភេទ Boeing 737 MAX 8 ដែល​ធ្លាក់​កាលពី​ខែតុលា​ឆ្នាំ​២០១៨​ហើយ​។ ប្រអប់​ខ្មៅ​នេះ ត្រូវបាន​គេ​រកឃើញ​នៅថ្ងៃចន្ទនេះ ក្នុង​ជម្រៅ ៨ ម៉ែត្រ ក្រោម​ភក់​នៅឯ​បាតសមុទ្រ​។ ប្រអប់​ខ្មៅ​មួយ​នេះ មាន​សារសំខាន់​ណាស់ នៅក្នុង​ការជួយ​ដល់​អ្នក​ស៊ើបអង្កេត ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ ដែល​បណ្តាលឲ្យ​យន្តហោះ​ធ្លាក់​។ មាន​សារសំខាន់ ព្រោះ​វា​បាន​កត់ត្រា​ការសន្ទនា ជាពិសេស​ការ​ឆ្លើយឆ្លង​គ្នា​ចុងក្រោយ រវាង​អ្នកបើក​យន្តហោះ​និង​អ្នកគ្រប់គ្រង​នៅ​លើដី មុនពេល​យន្តហោះ​បាត់​ការទាក់ទង​។​

​នេះ​ជា​ប្រអប់​ខ្មៅ​ទី​ពីរ ដែល​បាន​រកឃើញ បន្ទាប់ពី​ប្រអប់​ខ្មៅ​ទីមួយ ដែលមាន​តួនាទី​កត់ត្រា​ទិន្នន័យ​ហោះហើរ​របស់​យន្តហោះ ត្រូវបាន​រកឃើញ​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន នៅក្នុង​សមុទ្រ Java ។ យ៉ាងណា គេ​ត្រូវ​ចំណាយពេល រហូតដល់​ទៅ​៦​ខែ​ឯណោះ ដើម្បី​វិភាគ​ទិន្នន័យ​ដែល​កត់ត្រា​ដោយ​ប្រអប់​ខ្មៅ​។ 

​សូមបញ្ជាក់ថា យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air ប្រភេទ Boeing 737 MAX 8​ជើងហោះហើរ JT 610 បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា និង​ត្រូវគេ​អះអាងថា​បាន ធ្លាក់​លិច​ក្នុង​ទឹកសមុទ្រ Java ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៨​។ មនុស្ស​ក្នុង​យន្តហោះ​ចំនួន​១៨៩​នាក់ បាន​ស្លាប់​ទាំងអស់​។ នៅ​ក្នុងនោះ ក្រុម​ជួយសង្គ្រោះ​បាន​រកឃើញ​និង​ស្រង់​បាន​សាកសព​ខ្លះ​ប៉ុណ្ណោះ មក​លើគោក ដើម្បី​ធ្វើ​កោសល្យវិច្ច័យ​បញ្ជាក់​អត្តសញ្ញាណ​។ ក្រោយ​យន្តហោះ​ធ្លាក់ មានការ​សន្និដ្ឋានថា យន្តហោះ​មាន​បញ្ហា​បច្ចេកទេស ខណៈ មុន​បាត់​ការទាក់ទង អ្នក​បើ​យន្តហោះ បាន​ស្នើសុំ​បង្វែ​ទិសដៅ​យន្តហោះ​ត្រឡប់ក្រោយ​វិញ​។ 

​គួរ​ជម្រាបជូន​ថា ឥណ្ឌូនេស៊ី​ជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​កោះមាន​មនុស្ស​រស់នៅ ហេតុនេះ​ទើប​ប្រទេសមួយ​នេះ ពឹងផ្អែក​លើ​ការប្រើប្រាស់​ផ្លូវអាកាស ដើម្បី​ដឹកជញ្ជូន​មនុស្សម្នា​ទៅ​និង​មក​។ ទន្ទឹមនឹង​ការ​មមាញឹក ក្នុង​ការប្រើប្រាស់​ផ្លូវអាកាស ឥណ្ឌូនេស៊ី​ហាក់​ជួបប្រទះ​បញ្ហា​ផ្លូវអាកាស គួរឲ្យកត់សំគាល់ ក្នុង​រយៈពេល​២​ទៅ​៣​ឆ្នាំ​ចុងក្រោយ​នេះ​។ នៅ​ខែសីហា​ឆ្នាំ ២០១៥ យន្តហោះ​ដឹក​អ្នកដំណើរ ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Trigana របស់​ឥណ្ឌូនេស៊ី បាន​ធ្លាក់​នៅ Papua ដោយសារ​អាកាសធាតុ​មិនល្អ សម្លាប់​មនុស្ស​ទាំងអស់​នៅក្នុង​យន្តហោះ​ចំនួន ៥៤​នាក់​។ ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រទេស​នេះ ក៏​ធ្លាប់បាន​ប្រឈម​នឹង​ការ​ហាមប្រាម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ផងដែរ ពី​ការហោះហើរ ចូល​ទៅកាន់​សហភាព​អឺរ៉ុប​និង​ដែនអាកាស​អាមេរិក ដោយសារ​បញ្ហា​សុវត្ថិភាព​៕

ព័ត៌មានផ្សេងទៀត