សាធារណ​មតិ​៖ មន្ទីរពេទ្យវ៉ិ​ចតូ​រៀ គួរតែ​បិទ​ចោលដើម្បី​ព្រមាន​ដល់​មន្ទីរពេទ្យ​ដទៃ​

14-01-2019 5:10 pm 5403
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ទីបំផុត​! ក្រោយ​អាជ្ញាធរ និង​ក្រុមមន្ត្រី​ក្រសួង​សុខាភិបាល បាន​ចុះ​ស្រាវជ្រាវ ជុំវិញ​ករណី​មន្ទីរពេទ្យវ៉ិ​ចតូ​រៀ បាន​ចាក់សោរ​ទ្វារ​បង្ខាំង​នារី​ម្នាក់​ឲ្យ​វះកាត់ និង​បង្ខាំង​ម្ដាយ​នារី​រងគ្រោះ ព្រោះ​គ្មាន​ប្រាក់​បង់ថ្លៃ​ព្យាបាល​នោះ ត្រូវបាន​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ប្រកាស​បិទ​មន្ទីរ​ពេទ្យ «​វ៉ិ​ចតូ​រៀ​» ជា​បណ្តោះអាសន្ន​។​

​រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង មានប្រសាសន៍ ប្រាប់​សារព័ត៌មាន​ក្នុងស្រុក នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​មករា​នេះ​ថា បន្ទាប់​ពី​ខាង​ក្រសួង​ស្រាវជ្រាវ​រួចមក លោក​បាន​ឲ្យ​បិទ​សិន ដើម្បី​បើក​ការស្រាវជ្រាវ បន្តទៀត​។​
​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក នៃ​ឧត្តម​ក្រុមប្រឹក្សា ពិគ្រោះ​យោបល់ បាន​ប្រាប់​វិទ្យុ​វាយោ​ថា អាជ្ញាធរ​គួរ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ បិទ​មន្ទីរពេទ្យវ៉ិ​ចតូ​រៀនេះ​ចោល​តែ​ម្តង ព្រោះ​លោក​យល់ថា ក្រមសីលធម៌​វិជ្ជាជីវៈ របស់​ក្រុម​គ្រូពេទ្យ មិនគួរ​បំភិតបំភ័យ​អ្នក​ជម្ងឺ ហើយ​រឹតតែ​មិន​ត្រូវ​បង្ខាំង​អ្នក​ជម្ងឺ ដើម្បី​ជំរិត​ទារប្រាក់​បែបនេះ​ទេ​។​

សំឡេង​

​ដោយឡែក លោក ហ៊ុន ជា គេ​ស្គាល់​ថា​ជា​សាច់ញាតិ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​បញ្ចេញ​មតិយោបល់ នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោកថា តាម​គំនិត​របស់​ខ្ញុំ​រឿង​មន្ទី​ពេទ្យ​វ៉ិ​ច​តូ​រៀ ដែល​បាន​ចាក់សោរ​បង្ខាំង​មនុស្ស កាលពី​យប់​នេះ គឺ​បើ​គ្រាន់តែ​ចុះទៅ​បិទទ្វារ​មិនឲ្យ​ប្រកប​អាជីវកម្ម​តទៅទៀត គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ​។ ក្រសួង​សុខាភិបាល គួរតែ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ដើម្បី​ស្វែងរក​ឃាត់ខ្លួន​ជន ដែល​បាន​ប្រព្រឹត្តល្មើស (​អ្នក​ចាក់សោរ​) បង្ខាំង​មនុស្ស​ទុក​នោះ​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ព្រោះ​វា​គឺជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​មានចែង​ក្នុង​មាន​ត្រា​ច្បាប់ ដើម្បី​ជា​ការព្រមាន​ទៅ​ដល់​មន្ទី​ពេទ្យ​ឯកជន រឺ​គ្លីនិក​ឯកជន​ដ៏ទៃទៀត កុំអោយ​យក​គំរូ​អាក្រក់​តាម​មន្ទី​ពេទ្យ​វ៉ិ​ច​តូ​រៀនេះ​ទៀត​ផង​ដែរ​។​

ក៏​មាន​សាធារណៈមតិ​ជាច្រើន​ទៀត បានលើកឡើង នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ថា ដោយ​អំពាវនាវ ដល់​អាជ្ញាធរ និង​ក្រសួង​សុខាភិបាល គួរ​មាន​វិធានការ​ច្បាប់ សូម​កុំ​មើលឃើញ​លុយ ធំ​ជាង​សុខទុក្ខ​របស់​រាស្ត្រ​។​

​លោក​ពេជ្រ ស្រស់ បាន​បញ្ជាក់បន្ថែម​ថា ប្រសិនបើ​មន្ទីរពេទ្យវ៉ិ​ចតូ​រៀនេះ បើក​ដំណើរការ​ក្រោមលេស​ហេតុផល​ផ្សេងៗ ឬ​ការ​សូកប៉ាន់​ណាមួយ នោះ​ប្រជាពលរដ្ឋ​ខ្មែរ នឹង​អស់ជំនឿ ទៅ​លើ​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​។​

សំឡេង​

​យ៉ាងណាក៏ដោយ វិទ្យុ​វាយោ មិនអាច​សុំ​ការឆ្លើយ​បញ្ជាក់​ពី​លោក​លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល ថា​តើ​ក្រសួង​នឹង​ចាត់​វិធានការ​បែបណា ប្រសិនបើ​រក​ឃើញ​ថា ខាង​មន្ទីរពេទ្យវ៉ិ​ចតូ​រៀ ពិតជា​បាន​ប្រព្រឹត្ត​ទោស​កំហុស​មែន​នោះ​?

​គួរបញ្ជាក់​ថា នៅវេលា​ម៉ោង​៨​យប់ ថ្ងៃទី​១៣ ខែ​មករា មាន​ករណី​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង នៅ​មន្ទីរពេទ្យវ៉ិ​ចតូ​រៀ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក​។ ហេតុការណ៍​នេះ គឺ​ដំបូង​ឡើយ​នារី​ម្នាក់ បាន​ទៅ​មន្ទីរពេទ្យ​ខាងលើ ជាមួយ​ម្ដាយ ដើម្បី​មក​ពិនិត្យ​ជំងឺ​រោគ​ស្ត្រី​។

​បន្ទាប់ពី​បាន​ពិនិត្យ​រួច ស្រាប់តែ​ខាង​មន្ទីរពេទ្យ បាន​ប្រាប់​ឲ្យ​នារី​រងគ្រោះ​ត្រូវតែ​វះកាត់ បើ​មិន​វះកាត់​ទេ​អាច​នឹង​ស្លាប់​។ ភ្លាមៗ​នោះ​នារី​រងគ្រោះ បាន​និយាយថា ខ្លួន​គ្មាន​ប្រាក់​ទេ បាន​សុំ​ចេញ​ទៅ​ក្រៅ​វិញ ថែម​ទាំង​សុំ​អង្វរ​ទៀត តែ​បែរជា​ខាង​មន្ទីរពេទ្យ​បង្ខិតបង្ខំ​ឲ្យ​នារី​រងគ្រោះ​ខាងលើ ត្រូវតែ​ធ្វើ​ការវះកាត់​ជាបន្ទាន់ ហើយ​ថែមទាំង​មិន​ប្រាប់​ពី​តម្លៃ​នៃ​ការវះកាត់​ទៀតផង​។​

លុះ​ក្រោយ​ធ្វើ​ការវះកាត់​រួច ខាង​មន្ទីរពេទ្យ​បាន​យក​វិក្កយបត្រ​បង់ថ្លៃ​វះកាត់​មក​ឲ្យ​គាត់ ដោយ​អស់ប្រាក់​ចំនួន​២,០០០​ដុល្លារ ថ្លៃ​ពិនិត្យ​១០​ដុល្លារ ថ្លៃ​ពិសោធន៍​៤៦​ដុល្លារ ហើយ​ការវះកាត់​នេះ មិនទាន់​ដឹង​ថា​ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ​។​

​ភ្លាមៗ​នោះ​ម្ដាយ​របស់​នារី​រងគ្រោះ គាត់​មាន​ប្រាក់​តែ​៦០០​ដុល្លារ​ទេ សល់​ប៉ុន្មាន​គាត់​សុំ​រំ​លួស ម្ដង​១០០​ដុល្លារ តែ​ករណី​នេះ​ខាង​មន្ទីរពេទ្យ​មិន​ព្រម​ទេ ទាល់តែ​មាន​៥០០​ដុល្លារ​ទៀត​។ ភ្លាមៗ​នោះ​ទ្វារ​របស់​មន្ទីរពេទ្យ ក៏​ត្រូវ​សន្តិសុខ យក​ច្រវាក់​មក​ចាក់​ទ្វារ​មិន​ឲ្យ​ក្រុម​គ្រួសាររប​ស់​គាត់​ចេញ​ឡើយ​។​

​ក្រោយ​ការវះកាត់ នារី​រងគ្រោះ​បាន​មាន​អា​ការៈឈឺ​ចុកចាប់​ខ្លាំង ត្រូវ​ក្រុមគ្រួសារ​ហៅ​ម៉ូតូ​កង់​បី ដឹកយក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​រដ្ឋ​វិញ ក្រោយ​មាន​ការអន្តរាគមន៍​ពី​អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ​៕

ព័ត៌មានផ្សេងទៀត