កម្ពុជា​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​សូត្រ​អន្តរជាតិ​លើក​ទី​៤​នៅ​ប្រទេស​ចិន​

14-01-2019 4:11 pm 875
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក​សំ សិរី​រតន៍ បាន​គូសបញ្ជាក់ថា កម្ពុជា​នឹង​ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​សូត្រ​អន្តរជាតិ​លើក​ទី​៤ ដែល​គ្រោង​រៀបចំឡើង​នៅក្នុង​ខេត្ត​សាន​ស៊ី ប្រទេស​ចិន នា​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩ ខាងមុខ ដើម្បី​ដកស្រង់​បទពិសោធន៍​ទាក់ទង​ការអភិវឌ្ឍ​វិស័យ​សូត្រ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​។​

​ការចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ តប​ទៅ​នឹង​សំណើ​អញ្ជើញ​ជា​ផ្លូវការ របស់លោក​អភិបាលរង​ខេត្ត​សាន​ស៊ី វួ​យ ចឹង​ជិន ដែល​បាន​ដឹកនាំ​ប្រតិភូ ធ្វើ​ការស្វែងយល់​អំពី​ស្ថានភាព​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍​កម្ពុជា នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៩​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក​សំ សិរី​រតន៍ ក៏​បាន​ប្រាប់​ភាគី​ចិន អំពី​វ​ឌ្ឍ​ភាព​នៃ​កំណើនសេដ្ឋកិច្ច និង​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ព្រម​ទាំង​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ នៅ​លើ​វិស័យ​ពាណិជ្ជកម្ម ដូចជា​ការនាំ​ចេញ​កសិផល និង​ការបង្កើត​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​នៅ​ខេត្ត​ក្វាង​ចូ​វ ហាយ​នី​ង ស៊ី​អាន និង​ទីក្រុង​ហុងកុង ព្រមទាំង​ការរៀបចំ​វេទិកា​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី ជាដើម​។​

​លោក​អភិបាលរង​ខេត្ត​សាន​ស៊ី វួ​យ ចឹង​ជិន បាន​ស្វាគមន៍​កម្ពុជា ដែល​បាន​បញ្ជាក់​ពី​ការចូលរួម និង​បាន​ចែករំលែក​នូវ​ព័ត៌មាន ទាក់ទិន​នឹង​វឌ្ឍនភាព​នៃ​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។​ទន្ទឹម​គ្នា​នោះ​ដែរ លោក​ក៏​បាន​លើកឡើង​នូវ​សក្តានុពល​ទេ​ចរណ៍​នៃ​ខេត្ត​សាន​ស៊ី ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសច​រហូតដល់ ៦,៣​លាន​នាក់ កាលពី​ឆ្នាំ​២០១៨ និង​ជា​ខេត្ត​ដែល​មាន​ការរីកចម្រើន​ផ្នែក​វិស័យ​កសិកម្ម សេដ្ឋកិច្ច និង​អប់រំ​មួយ នៅក្នុង​ប្រទេស​ចិន​៕

ព័ត៌មានផ្សេងទៀត