លោក​សម រង្ស៊ី​ ​ថា​​លោក​ហ៊ុន សែន​ កំពុង​កេង​​ពេលវេលា​​បំភ័ន្ត​​អន្តរជាតិ​​

14-01-2019 10:45 am 2126
  ស្តាប់
លោកសម រង្ស៊ី និងលោកហ៊ុន សែន ពេលនៅល្អូកល្អិន នឹងគ្នា
ស្តាប់ជាសំឡេង

​មេដឹកនាំ​ក្រុមប្រឆាំង លោក​សម រង្ស៊ី និយាយថា ហ៊ុន សែន ពេលនេះ​កំពុង​ចាប់​ប្រជារាស្ត្រ​ខ្មែរ ធ្វើ​ចំណាប់ខ្មាំង ដើម្បី​សម្លុត​សហគមន៍​អន្តរជាតិ មិនឲ្យ​មើលឃើញ ពី​របប​ផ្តាច់ការ​របស់ខ្លួន​។ លោក​ថា ការឃោសនា​របស់ លោក​ហ៊ុន សែន មានបំណង​គ្រាន់តែ​ចំណេញ​ពេល និង​បំភ័ន្ត​សហគមន៍​អន្តរជាតិ​ថា ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា បាន​វិល​ត្រឡប់មក​ភាព​ធម្មតា​វិញ​ហើយ ក្រោយពី​អ្វីដែល​លោក​ហ៊ុន សែន អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ បាន​រលាយ​ហើយ​នោះ​។​

​ប៉ុន្តែ លោក​សមរង្ស៊ី ថា សហគមន៍​អន្តរជាតិ នៅតែ​ជំរុញ ឲ្យមាន​ការដោះលែង លោក​កឹម សុខា ដោយ​ទម្លាក់ចោល នូវ​រាល់​ការចោទប្រកាន់​ទាំងអស់ មកលើ​រូបលោក​។ លោក​សម រង្ស៊ី ប្រាប់ថា ដំណោះស្រាយ​ករណី លោក​កឹម សុខា នេះ គឺជា​ជំហាន​ទី​១ ចាំបាច់ ប្រសិនបើ លោក​ហ៊ុន សែន ពិតជា​ចង់ឲ្យ​ស្ថានការណ៍ វិលត្រឡប់​មក​ភាព​ធម្មតា​វិញ​។​

​ជា​ការកត់សម្គាល់ មេដឹកនាំ​ក្រុមប្រឆាំង លោក​សម រង្ស៊ី មកដល់ពេលនេះ ដូចជា​មិនមាន​យុទ្ធសាស្ត្រ​អ្វី​ថ្មី ក្នុងការ​ទប់ទល់​ជាមួយ​លោក​ហ៊ុន សែន ក្រៅតែពី​ស្រែក​រក​អន្តរាគមន៍​អន្តរជាតិ ឲ្យ​ដាក់​សម្ពាធ និង​បន្ថែម​សម្ពាធ មកលើ​រដ្ឋាភិបាល​រប​ស់លោក​ហ៊ុន សែន​តែប៉ុណ្ណោះ​។​

​អ្នកតាមដាន​ស្ថានការណ៍​សង្គម លោក​មាស នី ក៏​មើលឃើញ​ស្រដៀង​គ្នា​នេះដែរ​។​លោក​ថា នៅពេលនេះ គណបក្ស​ធំ ដែល​លោក​ចង់​សំដៅលើ​គណ​ប​ក្សកាន់អំណាច គឺ​កំពុង​ព្យាយាម​ប្រើ​វិធី​ទិញ​ពេលវេលា​(buying time) ប៉ុន្តែ​គណបក្សប្រឆាំង ដូចជា​មិនទាន់មាន​អ្វី​ថ្មី ក្រៅពី​ស្រែក​ឲ្យ​អន្តរជាតិ​ជួយ​។ លោក​មាស នី លើកឡើងថា បើ​នៅតែ​បែបនេះ វា​មិន​ខុស​អី​ពី​សត្វ​មាន់​ដែល​គ្រាន់តែ​ដើរ​ក្រឡឹង​តែ​មិន​លោត​ចូល​ប្រយុទ្ធ រហូតដល់​កំណត់ពេល​ប្រកួត​ចប់ នៅ​ឆ្នាំ​២០២២ មិនបាន​ត្រៀម​សម្រាប់​ការ​ឈ្នះ​ម្តងទៀត​៕

ព័ត៌មានផ្សេងទៀត