បុគ្គលិក​ក្រុមហ៊ុន​Huaweiដែល​ប៉ូឡូញ​ចាប់ខ្លួនត្រូវបាន​បណ្តេញ​ចេញពី​ការងារ​

13-01-2019 4:11 pm 1834
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រុមហ៊ុន​ចិន Huawei បានឲ្យដឹង​នៅ​ថ្ងៃ​សៅរ៍ថា ខ្លួន​បាន​បណ្តេញ​និយោជិត​ម្នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន នៅ​ប្រទេស​ប៉ូឡូញ ពីបទ​លួច​ធ្វើ​ចារកម្ម​នោះ​ចេញ​ហើយ​។ ក្រុមហ៊ុន​Huawei បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា សកម្មភាព​ដែល​គេ​ចោទប្រកាន់ថា លោក Wang Weijing​បាន​លួច​ធ្វើ​ចារកម្ម​នោះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ឡើយ​។ ស្របតាម​លក្ខខណ្ឌ នៃ​កិច្ចសន្យាការងារ របស់​ក្រុមហ៊ុន គឺ​ការសម្រេចចិត្ត​បណ្តេញ​បុគ្គលិក​ម្នាក់នេះ​ចេញ ដោយសារតែ​ឧបទ្ទវហេតុ​ដែល​កើតឡើង បានធ្វើឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន Huawei​។​

​បុគ្គលិក​ក្រុមហ៊ុន Huawei ឈ្មោះថា​Wang Weijing ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៨​ខែ​មករា ក្រោយពេល​ប៉ូលិស ចុះទៅ​ឆែកឆេរ​នៅ​ការិយាល័យ​ក្រុមហ៊ុន​Huawei​ក្នុងប្រទេស​ប៉ូឡូញ​។ បុរស​ជនជាតិ​ចិន​រូ​ប​នេះ កំពុង​ស្ថិតក្នុង​ការឃុំ​ឃាំង​នៅ​ប្រទេស​ប៉ូឡូញ​។ អាជ្ញាធរ​ប៉ូឡូញ​បញ្ជាក់ថា ការចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​សកម្មភាព​បុគ្គល​ប៉ុណ្ណោះ មិន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ដោយផ្ទាល់​ឡើយ​។​

យ៉ាងណាក៏ដោយ ការឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន Huawei ពីបទ​សង្ស័យ​លួច​ធ្វើ​ចារកម្ម បានធ្វើឲ្យ​បណ្តាប្រទេស​លោកខាងលិ​ច សង្ស័យ​លើ​ក្រុមហ៊ុន Huawei កាន់តែខ្លាំង​ថែមទៀត​។ សង្ស័យ​កាន់តែខ្លាំង ព្រោះ​កន្លងមក ក្រុមហ៊ុន​Huawei​ធ្លាប់​រង​ការចោទប្រកាន់ថា មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាលចិន ហើយ​អាមេរិក​បាន​ចោទថា ផលិតផល​របស់​ក្រុមហ៊ុន មាន​បំពាក់​ឧបករណ៍ប្រើប្រាស់​ដោយ​ទីក្រុង​ប៉េកាំង សម្រាប់​ស៊ើបការណ៍​សម្ងាត់​។ មានតែ​ការចោទប្រកាន់ ប៉ុន្តែ​ពុំ​ដែលមាន​ភ័ស្តុតាង​ណាមួយ ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​ឡើយ ហើយ​ក្រុមហ៊ុន Huawei បាន​បដិសេធ​ការចោទប្រកាន់​ជាច្រើន​ដង​ដែរ​។​

​ក្រោយ​ឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន Huawei រដ្ឋមន្ត្រីការបរទេស​ប៉ូឡូញ​លោក Joachim Brudzinski បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប និង​អង្គកា​រណា​តូ ធ្វើការ​រួមគ្នា មុន​សម្រេច​ចុងក្រោយ​ថា តើ​ត្រូវ​ដកចេញ​ក្រុមហ៊ុន Huawei ចេញពី​ទីផ្សារ​របស់​ពួកគេ​ឬយ៉ាងណា​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រទេស​អូស្ដ្រាលី ណូវែល​សេ​ឡង់ និង​ជប៉ុន ចាប់ផ្ដើម​សង្ស័យ​លើ​ករណី​លួច​ស៊ើបការណ៍​របស់​ក្រុមហ៊ុន​Huawei ក្រៅតែពី​សហរដ្ឋអាមេរិក​។ កាលពី​ខែធ្នូ​ចុងឆ្នាំ​២០១៨ អាជ្ញាធរ​កាណាដា​ក៏បាន​ចាប់ខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​Huawei តប​តាម​សំណើ​របស់​អាមេរិក ទាក់ទង​នឹង​ការរំលោភ​លើ​ទណ្ឌកម្ម​អាមេរិក ធ្វើឲ្យ​ក្រុមហ៊ុនប្រឈម​បញ្ហា​កាន់តែខ្លាំង​៕

 

 

 

 

 ពាក្យគន្លឹះ  ក្រុមហ៊ុន​Huawei

ព័ត៌មានផ្សេងទៀត