អាមេរិក​សស្រាក់សស្រាំរក​កិច្ចការពារ​ក្រុម​Kurdishដែល​តួ​ក​គី​ប៉ង​កម្ចាត់​

13-01-2019 11:40 am 1264
  ស្តាប់
មុនដកទ័ពចេញពីស៊ីរីអាមេរិកត្រូវធនាថានឹងពុំមានការធ្វើទុក្ខបុកម្នេញលើសម្ព័ន្ធមិត្តKurdish​ដែលតួកគីចាត់ទុកជាក្រុមភេរវករ
ស្តាប់ជាសំឡេង

​ប្រមុខ​ការទូត​អាមេរិក​លោក Mike Pompeo​មាន​សុទិដ្ឋិនិយម​ថា នឹង​រកបាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ តួ​ក​គី ដើម្បី​ធានាបាន​ថា​ក្រុម​Kurdish ត្រូវតែមាន​សុវត្ថិភាព ក្រោយពេល​ដែល​ទីក្រុង​វ៉ាស៊ីនតោន ដក​កងទ័ព​ចេញពី​ប្រទេស​ស៊ី​រី​។ លោក​Mike Pompeo បាន​ជជែក​ជាមួយ​ប្រមុខ​ការទូត​តួ​ក​គី​លោក​Mevlut Cavusoglu​តាម​ទូរស័ព្ទ ពី​ប្រទេស​អារ៉ាប់​រួម​ថា អាមេរិក​ទទួលស្គាល់ សិទ្ធិ​ប្រជាជន​តួ​ក​គី​និង​សិទ្ធិ​របស់លោក​ប្រធានាធិបតី Recep Tayyip Erdogan  ក្នុង​ការការពារ​ប្រទេស​ពី​ភេរ​វករ​។ ប៉ុន្តែ ទន្ទឹមនឹងនោះ អ្នក​ដែល​ប្រកៀក​ស្មា​ប្រយុទ្ធ​ជាមួយ​អាមេរិក​គ្រប់ពេល ដើម្បី​កម្ចាត់​ក្រុម​IS​នៅ​ស៊ី​រី គួរតែ​ទទួលបាន​ការការពារ​ផងដែរ​។ លោក Mike Pompeo បន្ថែមថា ដ្បិត​មិនទាន់បាន​ពិភាក្ស​លម្អិត​គ្រប់​សាច់រឿង ប៉ុន្តែ​លោក​សង្ឃឹមថា នឹង​ទទួលបាន​លទ្ធផល​ល្អ​។​

​លោក Mike Pompeo ចំណាយពេល​បំពេញ​ទស្សនកិច្ច​ប្រទេស​នៅ​មជ្ឈឹម​បូ​ពាហ៌ ក្នុង​បំណង​ស្វែងរក​ទំនុកចិត្ត​ពី​សម​មិត្ត ដើម្បី​ច្បាស់​ថា នៅពេល​អត់​ពី​អាមេរិក​ទៅ នឹង​ពុំមាន​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុម Kurdish​។ អាមេរិក​សស្រាក់សស្រាំ ស្វែងរក​ការការពារ​ក្រុម​Kurdish​ណាស់​។ កាលពី​សប្តាហ៍​មុន ទីប្រឹក្សា​សន្តិសុខ​អាមេរិក​លោក John Bolton បាន​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​តួ​ក​គី បំណង​ជួប​លោក Erdogan ដើម្បី​និយាយ​ពី​ការការពារ​ពួក​Kurdish ប៉ុន្តែ​លោក Erdogan​បដិសេធ​មិន​ទទួល​ជួប​ឡើយ​។ លោក Erdogan បានដឹង​ពី​គោលបំណង​នៃ​ជំនួប​នេះ ហើយ​ថា​មិនអាច​ទទួលយក​នូវ​អ្វីដែល​អាមេរិក​ទទួច​ចង់បាន បានទេ​។ 

​យុទ្ធនាការ​ស្វែងរក ការការពារ​ក្រុម​Kurdish​របស់​មន្ត្រី​អាមេរិក ធ្វើឡើង​បន្ទាប់ពី​ការប្រកាស​របស់លោក​ប្រធានាធិបតី Donald Trump កាលពី​ខែ​មុន​ថា កងកម្លាំង​អាមេរិក​នឹង​ដក​ចេញពី​ប្រទេស​ស៊ី​រី​។ ក្រោយ​លោក Trump​ប្រកាស​ដកទ័ព​ចេញ ក្រោម​មូលហេតុ​ថា​អស់​សត្រូវ​ប្រយុទ្ធ ស្រាប់តែ​តួ​ក​គី​ចេញមុខ​ប្រកាស​ធ្វើ​អន្តរាគមន៍​យោធា ក្នុងប្រទេស​ស៊ី​រី​ម្តង ដើម្បី​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ​ដែល​នៅ​សេសសល់ រួមទាំង​កម្ទេច​ក្រុម​Kurdish​ដែលជា​សម្ព័ន្ធមិត្ត​របស់​អាមេរិ​កផងដែ​រ​។​

​តួ​ក​គី ប៉ុនប៉ង​កម្ចាត់​ក្រុម Kurdish​ជា​យូរ​មកហើយ តែ​មិនអាច​ប៉ះពាល់​ពួកគេ​បាន ដោយសារតែ​មាន​អាមេរិក ជា​បង្អែក​ពី​ក្រោយខ្នង​។ ក្រុម​អ្នក​ប្រយុទ្ធ​Kurdish​ស៊ី​រី ត្រូវបាន​តួ​ក​គី​ចាត់ទុកថា ជា​ក្រុម​ភេរ​វករ ចូល​ដៃ​ជា​មួយក្រុម​PKK មាន​មូលដ្ឋាន​នៅ​តួ​ក​គី បះបោរ​ប្រឆាំងនឹង​រដ្ឋាភិបាល​តួ​ក​គី​អស់​រយៈពេល​៣​ទសវត្សរ៍​មកហើយ ប៉ុន្តែ​ពួក​Kurdish​បាន​បដិសេធ​៕

 ពាក្យគន្លឹះ  អាមេរិកតួកគីពួកឃឺដ

ព័ត៌មានផ្សេងទៀត