អាមេរិក​-​ចិន​​នឹង​បើក​​កិច្ចប្រជុំ​ថ្នាក់​​រដ្ឋមន្ដ្រី​​ក្នុងពេល​ឆាប់ៗ​

12-01-2019 12:55 pm 944
រូបភាពទង់ជាតិអាមេរិក(ឆ្វេង)​និងទង់ជាតិចិន

​រដ្ឋមន្ដ្រី​រតនាគា​រអា​មេរិក​លោក​Steven Mnuchin បាន​និយាយថា​ប្រទេស​របស់លោក​និង​ប្រទេស​ចិន នឹង​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ដ្រី​មួយ​ក្នុង​ខែម​ករានេះ​។ លោក​បញ្ជាក់​បន្ថែមថា ឧបនាយករដ្ឋមន្ដ្រី​ចិន​លោក Liu He ទំនង​នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​វ៉ា​ស៊ីន​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ប៉ុន្ដែ​ការបិទ​ផ្នែក​ខ្លះ​នៃ​រដ្ឋាភិបាល  ក៏​អាច​នឹង​ប៉ះពាល់​ដល់​ដំណើរ​ទស្សនកិច្ច​មន្ដ្រីជាន់ខ្ពស់​ចិន​។ ការគ្រោង​បើក​កិច្ចពិភាក្សា ដើម្បី​បន្ដ​ស្វែងរក​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព មក​បញ្ចប់​ការប្រឈមមុខ​ដាក់គ្នា​។ 

​អាមេរិក​និង​ចិន​បាន​ព្រមព្រៀង​ផ្អាក​ង្គ្រា​ម​ពាណិជ្ជកម្ម​ជាមួយគ្នា​បី​ខែ ទុកពេល​ឲ្យ​មន្ដ្រី​តំណាង​ប្រទេស​ទាំងពីរ ស្វែងរក​ដំណោះស្រាយ​។ ជា​ការឆ្លើយតប​មន្ដ្រី​តំណាង​ចិន​និង​អាមេរិក បាន​ជួបគ្នា​ម្ដង​រួចមកហើយ​កាលពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ពុធ​ដើម​សប្ដាហ៍​នេះ​។ ចំពោះ​លទ្ធផល​សម្រេចបាន​អ្វីខ្លះ នៅ​មិនទាន់មាន​ការបញ្ជាក់​ឲ្យដឹង​នៅឡើយ គ្រាន់តែ​ចិន​និង​អាមេរិក​អះអាងថា មាន​លទ្ធផល​វិជ្ជមាន​ច្រើន​។ 

​ប៉ុន្ដែ​យ៉ាងណាមិញ ទាំង​អាមេរិក​និង​ចិន​ត្រូវតែ​បន្ដ​ចរចា​គ្នា​បន្ថែមទៀត ខ្លាច​ដល់​រយៈពេល​បី​ខែ​ហើយ​មិនទាន់​រកឃើញ​ដំណោះស្រាយ​។ បើ​ដូច្នេះ​មែន អាមេរិក​និង​ចិន​ច្បាស់​ជា​ត្រូវ​បន្ដ​សង្គ្រាម​ពាណិជ្ជកម្ម ដំឡើង​ពន្ធ​លើ​ទំនិញ​ទៅវិញទៅមក​ទៀត​។ កាលបរិច្ឆេទ​កំណត់​បី​ខែ នឹង​ចប់​នៅ​ថ្ងៃទី​០១​ខែមីនា​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត