ក្រសួង​គ្រោង​បំពាក់​ប្រព័ន្ធ Wifi 5G នៅ​តំបន់​រមណីយដ្ឋាន​អង្គរ

12-01-2019 10:49 am 937

​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី គម្រោង​បំពាក់​ប្រព័ន្ធ​អ៊ីនធឺណិត​គ្មាន​ខ្សែ បច្ចេកវិទ្យា​ជំនាន់​ទី​៥ (5G Wifi) ដើម្បី​បម្រើ​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន និង​សេវាកម្ម Online ផ្សេងទៀត ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា ។ នេះ​បើ​តាម​ការចុះផ្សាយ នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក ត្រាំ អ៊ីវតឹក នៅ​ល្ងាច​ថ្ងៃ​ដដែល ។​

​ល្បឿន​អ៊ីនធឺណិត​ដែល​គម្រោង​នឹង​ដាក់​ដំណើរការ​នេះ គឺ​មាន​ល្បឿន​ប្រមាណ ២០​ជី​ហ្គា​ប៊ីត​ក្នុង​មួយ​វិនាទី មាន​សមត្ថភាព​ត​ភ្ជាប់​ខ្ពស់​ជាង​បច្ចេកវិទ្យា​ជំនាន់​ទី​៤ ដល់​ទៅ​៥០០​ដង និង​ល្បឿន​រលកសញ្ញា​ត​ភ្ជាប់ គឺ​១​មី​លី​វិនាទី ។​

​គម្រោង​នេះ គឺជា​ផ្នែក​មួយ ដើម្បី​ពង្រឹង​និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ ដើម្បី​ជម្រុញ​ការផ្តល់​សេវា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា តាម​ប្រព័ន្ធ​ឌីជីថល ពាណិជ្ជកម្ម​ឌីជីថល និង​សេដ្ឋកិច្ច​ឌីជីថល ដែល​នឹង​រួមចំណែក​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​ឈាន​ទៅ​សម្រេចបាន ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ ៕

ព័ត៌មានផ្សេងទៀត