ថ្លែងក្នុងជំនួបជាមួយគណៈប្រតិភូកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន នៅរសៀលថ្ងៃទី១១ ខែមករា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា កងទ័ពកម្ពុជានិងចិន មានកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាយុទ្ធសាស្ត្រ ឈរលើគោលនយោបាយរួម ។ លោកថា នៅក្នុងខែមីនា ខាងមុខ កងទ័ពនៃប្រទេសទាំងពីរ គ្រោងនឹងបង្កើនលំហាត់សមយុទ្ធរួមគ្នាទ្រង់ទ្រាយធំជាងមុន...
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លើកឡើងថា កងទ័ពកម្ពុជា-ចិន មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ឈរលើគោលនយោបាយតែមួយ ធ្វើឱ្យកងទ័ពប្រទេសទាំងពីរ បានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងបានទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗ ដូចជា អំពើភេរវកម្មឆ្លងដែន ការជួញដូរមនុស្ស គ្រឿងញៀន ។
លោកបន្តថា ជាមួយគ្នានេះ កងទ័ពទាំងពីរ បានធ្វើលំហាត់ហ្វឹកហ្វឺននាគមាស ជារៀងរាល់ឆ្នាំ ស្តីពីការប្រឆាំងភេរវកម្ម និងសង្គ្រោះមហន្តរាយ ។ លោកថា នៅខែមីនា ឆ្នាំ២០១៩ខាងមុខនេះ កងទ័ពនៃប្រទេសទាំងពីរ បានបង្កើនលំហាត់នេះ ដល់ថ្នាក់សមយុទ្ធទ្រង់ទ្រាយធំជាងមុន ដើម្បីបង្កើនសមត្ថភាព និងកិច្ចសហប្រតិបត្តិការកាន់តែខ្ពស់ថែមមួយកម្រិតទៀត ។
អគ្គមេបញ្ជាការរូបនេះ ក៏បានសម្តែងការស្វាគមន៍ ចំពោះគណៈប្រតិភូកងទ័ពជើងទឹករំដោះប្រជាជនចិន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ។
លោកឧត្តមនាវីទោ ស៊ូ ហាយហ័រ បានបញ្ជាក់ថា នាវាចម្បាំងដែលចូលសំចត នៅខេត្តព្រះសីហនុ មានចំនួន៣គ្រឿង ។ ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនេះ កងទ័ពជើងទឹកនៃប្រទេសទាំងពីរ បានធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាមួយ ស្តីពីការបញ្ជូនសារលើផ្ទៃសមុទ្រផងដែរ ៕