ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​ឆ្នាំនេះ នឹង​រៀបចំ​ឡើង​នៅ​ខេត្ត​កំពង់ឆ្នាំង​

11-01-2019 3:21 pm 1031
  ស្តាប់
ស្តាប់ជាសំឡេង

 លោក​ថោង ខុន រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍ បាន​ជំរុញ​ឱ្យ​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បន្ត​រៀបចំ​របៀបរៀបរយ​សណ្តាប់ធ្នាប់ អនាម័យ​សាធារណៈ ពិសេស​ក្នុង​ទីក្រុង តាម​ដង​ទន្លេ ព្រមទាំង​ពង្រីក​ការ​យល់​ដឹង​ជា​សាធារណៈ​ក្នុង​កិច្ចការ​រក្សា​ការពារ​បរិស្ថាន​ជីវចម្រុះ​តាម​ដង​ទន្លេ និង​ខិតខំ​ពង្រីក​ការផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ឱ្យ​បាន​ច្រើន​មុន​ការ​ប្រារព្វ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​មកដល់ ។​

​ជាមួយគ្នានេះ លោក​ក៏​បាន​ជំរុញ​ឱ្យ​មាន​ការយកចិត្ត​ទុកដាក់​ពី​ការពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់ សេវា​ម្ហូបអាហារ រមណីយដ្ឋាន​ទេសចរណ៍ បង្គន់​អនាម័យ​សាធារណៈ បញ្ហា​សំរាម និង​ត្រូវ​រៀបចំ​ពិព័រណ៍​ម្ហូបអាហារ ពិព័រណ៍​ផលិតផល​ក្នុងស្រុក កម្ម​វិធី​សិល្បៈ ព្រឹត្តិការណ៍​កីឡា និង​ពិធី​ផ្សេងៗ​ឱ្យបាន​ល្អ និង​ហ្មត់ចត់​បំផុត​។​ទន្ទឹមនឹងនេះ លោក​ក៏​បាន​ជំរុញ​ឱ្យ​មន្ទីរ​ទេសចរណ៍​ខិតខំ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ទេសចរណ៍​ទាំងឡាយ ដែល​មិនទាន់​មាន​ការអភិវឌ្ឍ​ន៍ និង​រមណីយដ្ឋាន​ផ្សេងទៀត ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ ពិសេស​ត្រូវ​ខិតខំ​កៀរគរ​រក​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ដើម្បី បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​នៅក្នុង​ខេត្ត​បន្ថែមទៀត​។​

​ក្នុង​កិច្ចប្រជុំ​ខាងលើ លោក​រដ្ឋមន្ត្រី​អំពាវនាវ រដ្ឋបាលខេត្ត និង​មន្ទីរ​ទេសចរណ៍ មន្ទីរ​ពាក់ព័ន្ធ​នានា ក្នុង​ខេត្ត ត្រូវខិតខំ​ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​សាធារណៈ​អំពី​ភាព​ស្អាត និង​បៃតង ថែរក្សា​បរិស្ថាន​ទន្លេ​បរិស្ថាន​ទីក្រុង លើកកម្ពស់​គុណភាព ផលិលផល និង​សេវា​ទេសចរណ៍​ឱ្យ​បានល្អ ត្រូវ​ខិតខំ​ស្រាវជ្រាវ និង​ពង្រីក​គោលដៅ​ទេសចរណ៍​ថ្មីៗ ពិសេស​ទេសភាព​តាម​ដង​ទន្លេ​។​

​សូមបញ្ជាក់​ថា សម្រាប់​បុណ្យ​ទន្លេ​ល​លើក​ទី​១ ឆ្នាំ​២០១៥ នៅ​ខេត្ត​ក្រចេះ មាន​ភ្ញៀវ​សរុប​ប្រមាណ ១០​ម៉ឺន​នាក់​, ឆ្នាំ​២០១៦ នៅ​ខេត្ត​កំពង់ចាម មាន​ភ្ញៀវ​សរុប​ប្រមាណ ៥០​ម៉ឺន​នាក់​, ឆ្នាំ​២០១៧ នៅ​ខេត្ត​ស្ទឹងត្រែង មាន​ភ្ញៀវ​សរុប​ប្រមាណ ១៤​ម៉ឺន​នាក់​, ឆ្នាំ​២០១៨ នៅ​ខេត្ត​កណ្ដាល មាន​ភ្ញៀវ​សរុប​ប្រមាណ ១.៥​លាន​នាក់​៕

ព័ត៌មានផ្សេងទៀត