ប៉ូលិសក្នុងទីក្រុងLas Vegasបានស្នើសុំឲ្យកីឡាករបាល់ទាត់ លោកCristiano Ronaldo ផ្ដល់នូវសំណាកDNA ជាផ្នែកមួយនៃការស៊ើបអង្កេតរបស់គេ ទាក់ទងនឹងការចោទប្រកាន់ពីបទរំលោភផ្លូវភេទប្រឆាំងនឹងតារាបាល់ទាត់របស់Juventusរូបនេះ។ មេធាវីរបស់លោកRonaldo លោក Peter Christiansen បានបង្ហាញពីសារៈសំខាន់នៃការធានា ដែលត្រូវបានបញ្ជូនទៅកាន់អាជ្ញាធរក្នុងប្រទេសអ៊ីតាលី។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ក្នុងសេចក្ដីថ្លែងការណ៍បានឲ្យដឹងថា Ronaldoនៅតែប្រកាន់គោលជំហរដដែលថា រឿងដែលបានកើតឡើងក្នុងទីក្រុងLas Vegasកាលពីឆ្នាំ២០០៩ គឺជាការព្រមព្រៀងគ្នាប៉ុណ្ណោះ។ ដូច្នេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេដែលDNAមានរួចទៅហើយ ប៉ូលិសមិនបាច់ស្នើសុំសម្រាប់ការស៊ើបអង្កេតនោះឡើយ។
សូមបញ្ជាក់ថា អតីតតារាបង្ហាញម៉ូតក្នុងទីក្រុងLas Vegas នាងKathryn Mayorgaអាយុ៣៤ឆ្នាំ បានចោទប្រកាន់Ronaldoថាបានចាប់រំលោភនាង កាលពីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០០៩។ ក្រោយកើតហេតុមានសេចក្ដីរាយការណ៍ថា នាងត្រូវបានប្រគល់ប្រាក់ឲ្យចំនួន៣៧៥,០០០ដុល្លារអាមេរិក ដើម្បីបំបិទមាត់។ នាងទើបតែបានដាក់ពាក្យប្ដឹងRonaldoកាលពីឆ្នាំមុន ប៉ុន្ដែRonaldoបានច្រានចោលការចោទប្រកាន់៕