រដ្ឋមន្ត្រី​កសិកម្ម​​ដាក់ចេញ​នូវ​វិធានការ​ចំនួន​៤​​ដោះស្រាយ​រឿង​កសិកម្ម​តាម​កិច្ចសន្យា​

10-01-2019 4:02 pm 413
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដាក់ចេញ​នូវ​វិធានការ​សំខាន់ៗ​ចំនួន​៤ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា ពាក់ព័ន្ធ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។ ការដាក់ចេញ​វិធានការ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​លើ​ប្រធានបទ​ស្តីពី «​របាយការណ៍​វឌ្ឍនភាព បញ្ហា​ប្រឈម និង​ទិសដៅ​បន្ត​ក្នុង​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​» នៅ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​ភ្នំពេញ​។​

​វិធានការ​សំខាន់ៗ​ចំនួន​៤​នោះ​រួមមាន​៖ 

១. ប្រគល់​ភារកិច្ច​ជូន​ប្រធាន​លេខាធិការដ្ឋាន ក្នុង​ការចាត់ចែង​រៀបចំ​សមាសភាព​គណៈកម្មការ​បច្ចេកទេស​អន្តរក្រសួង​មួយ​ជាបន្ទាន់ ដើម្បី​រៀបចំ​សេចក្តីព្រាងច្បាប់ ស្តីពី​ការធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ធ្វើលិខិត​ផ្ញើ​ជូនទៅ​អភិបាល​រាជធានី​-​ខេត្ត បង្កើត​អនុគណៈកម្មាធិការ​នៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធ្វើ​ការសម្របសម្រួល​អនុ​វត្ត និង​ការដោះស្រាយ​វិវាទ នៃ​ការធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា រៀបចំ​ព្រាង​សរា​ចរណ៍​ណែនាំ​មួយ​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ចុះហត្ថលេខា ដើម្បី​ផ្តល់​លទ្ធភាព​ដល់​គណៈកម្មកា​រ​បច្ចេកទេស និង​អនុគណៈកម្មាធិការ​ក្នុង​ការអនុវត្តន៍​។​

២. ប្រគល់​ភារកិច្ច​ជូន អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​ធ្វើការ​ជាមួយ​សហភាព​សហគម​ន៍​កសិកម្ម ក្នុង​ការលុបបំបាត់​ការយក​កម្រៃ ពី​សហគមន៍​តាមរយៈ​ការធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។​

៣. ប្រគល់​ភារកិច្ច​ជូន​សភាពណិជ្ជកម្ម​កម្ពុជា ក្នុង​ការសម្របសម្រួល​ជាមួយ​អគ្គ​ពន្ធដារ​បញ្ឈប់​ការយក VAT ពី​ការដឹកជញ្ជូន​ស្រូវ​របស់​ក្រុមហ៊ុន ក្នុង​ការដឹកជញ្ជូន​ពី​សហគមន៍ មកកាន់​ឃ្លាំង​ស្តុក​របស់​ក្រុមហ៊ុន​។​

៤. ប្រគល់​ភារកិច្ច​ជូន​លេខាធិការដ្ឋាន ធ្វើ​ការរៀបចំ​ប្រជុំ​គណៈកម្មាធិការ​ឲ្យបាន​៣​ខែម្តង ដើម្បី​ធ្វើ​ការតាមដាន​ពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈ​ម លើ​ការងារ​ដែល​បាន​អនុវត្តន៍​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រូបនេះ​បាន​បញ្ជាក់ថា ស្ថិតក្នុង​បរិបទ​នៃ​កំណើនសេដ្ឋកិច្ច ប្រជាជន ភ្ញៀវទេសចរ លំហូរ​វិនិយោគិន និង​ជាពិសេស​កំលាំង​នៃ​តម្រូវការ​ផលិតផល​កសិកម្ម​ទាំងស្រស់ និង​កែច្នៃ​រួច កំពុងតែ​មាន​សន្ទុះ​កើនឡើង​ឥតឈប់ឈរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ទាំង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ​។ ហេតុដូច្នេះ និន្នាការ​នៃ​ការអនុវត្ត «​យន្តការ​ផលិត​កម្មក​សិកម្ម​តាម​កិច្ចសន្យា​» ពិតជា​សំខាន់ និង​មាន​អត្ថប្រយោជន៍​សម្រាប់​តួអង្គ​ពាក់ព័ន្ធ​សំខាន់ៗ​៤​គឺ​អ្នក​ផលិត រួមទាំង​អ្នក​កែច្នៃ ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​សាធារណៈ​របស់​រដ្ឋ​។​

​លោក​វេង សាខុន​បាន​បញ្ជាក់ទៀតថា កន្លងមកនេះ ក្រសួង និង​អង្គភាព​ក្រោម​ឱវាទ បាននិងកំពុង​ខិតខំ​អនុវត្ត​ខ្លឹមសារ​នៃ​អនុក្រឹត្យ​ស្តីពី​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា តាមរយៈ​ការងារ​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​មន្ត្រី​ជំនាញ កសិករ ក្រុមហ៊ុន ដៃគូ​អភិវឌ្ឍន៍​និង​សិក្ខាកាម​​ទទួលបាន​នូវ​ចំណេះដឹង ដូចជា​អំណាច​នៃ​ការចរចា​ថ្លៃ លក្ខខណ្ឌ​ផ្សេងៗ​ក្នុង​កិច្ចសន្យា ការ​ចងក្រង​ប្រមូល​ផ្តុំគ្នា​ជា​ក្រុម​ផលិត និង​ការបង្កើត​សហគមន៍​កសិកម្ម​ជាដើម​៕

ព័ត៌មានផ្សេងទៀត