ចិន​អះអាងថា​​កិច្ចចរចា​​ជាមួយ​​អាមេរិក​​លើក​នេះ​​មិន​អត់​​ប្រយោជន៍​ទេ​

10-01-2019 3:16 pm 1465
  ស្តាប់
រូបភាពទង់ជាតិអាមេរិក(ឆ្វេង)​និងទង់ជាតិចិន
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង និង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ជួបគ្នា​នៅក្រៅ​កិច្ចប្រជុំ​G20​ក្នុងប្រទេស​អា​ហ្សង់​ទីនកា​លពី​ខែ​មុន ដោយ​ក្នុង​កិច្ច​ជំនួប​នោះ មេដឹកនាំ​ទាំង​ពីរបាន​ព្រមព្រៀង​ផ្អាក​ការដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ទៅវិញទៅមក ទុកពេល​៩០​ថ្ងៃ​ឲ្យ​មន្ដ្រី​តំណាង​ប្រទេស​ទាំងពីរ​ស្វែងរក​ដំណោះស្រាយ​។ រយៈពេល​៩០​ថ្ងៃ​ចាប់ផ្ដើម​មាន​ប្រសិទ្ធភាព​កាលពី​ថ្ងៃទី​០១​ធ្នូ​ចុង​ឆ្នាំមុន ហើយនឹង​ផុត​សុពលភាព​នៅ​ខែមីនា​ខាងមុខ​។ 

​តប​តាម​សំណើ​របស់​ប្រធានាធិបតី​អាមេរិក​និង​ចិន មន្ដ្រី​តំណាង​ប្រទេស​ទាំងពីរ​ក៏បាន​បើក​កិច្ចចរចា​ជាមួយគ្នា ស្វែងរក​វិធីសាស្ដ្រ​បញ្ចប់​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម ដែល​កំពុង​បង្ក​ការព្រួយបារម្ភ​ទូទាំង​ពិភពលោក​។ មន្ដ្រីជាន់ខ្ពស់​អាមេរិក​បាន​ធ្វើដំណើរ​ទៅដល់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន តាំងពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​ដើម្បី​ជួប​ជាមួយ​មន្ដ្រី​ចិន​។ កិច្ច​ជំនួប​គ្រោង​ធ្វើ​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃ​ចន្ទ​និង​អង្គារ​សប្ដាហ៍​នេះ ប៉ុន្ដែ​បានអូសបន្លាយ​ដល់​ថ្ងៃ​ពុធ ហើយ​ទីបំផុត​កិច្ចចរចា​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​។​

​តាម​ការបញ្ជាក់​ពី​ភាគី​ចិន​នៅ​ថ្ងៃទី​១០មករា​នេះ កិច្ចពិភាក្សា​សម្រេចបាន​មូលដ្ឋានគ្រឹះ​ដ៏​ល្អ សម្រាប់​ដោះស្រាយ​ក្ដី​ព្រួយបារម្ភ​របស់​អាមេរិក​និង​ចិន កើតឡើង​ក្រោយ​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​។ ពិភពលោក​ទាំងមូល​ក៏​បង្ហាញ​ក្ដី​រំពឹងថា មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ នឹង​រកឃើញ​កិច្ចព្រមព្រៀង​រួម មុនពេល​កំណត់​៩០​ថ្ងៃ​អស់​សុពលភាព​។ តាមរយៈ​សេចក្ដីថ្លែងការណ៍​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម​ចិន​បញ្ជាក់​បន្ថែមថា ចិន​និង​អាមេរិក​បាន​ផ្លាស់ប្ដូរ​យោបល់​យ៉ាង​ស៊ីជម្រៅ​លើ​បញ្ហា​ពាណិជ្ជកម្ម​និង​រចនាសម្ព័ន្ធ រហូត​សម្រេចបាន​ការយោគយល់​គ្នា​ទៅវិញទៅមក ឈានទៅ​សម្រេចបាន​មូលដ្ឋានគ្រឹះ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​។ ភាគី​ទាំងពីរ​នឹង​បន្ដ​រក្សា​ទំនាក់ទំនង​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ​បំផុត​។​

សម្រាប់​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក បានបញ្ជាក់​កាលពី​ថ្ងៃទី​០៩​មករា​ថា កិច្ចពិភាក្សា​បាន​ផ្ដោតជាសំខាន់​ផងដែរ លើ​វិធីសាស្ដ្រ​បង្កើតឲ្យបាន​នូវ​ភាពយុត្ដិធម៌ តុល្យភាព និង​ការធ្វើសម្បទាន​ទៅវិញទៅមក​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​។ ក៏​នឹងមាន​ការផ្ទៀងផ្ទាត់​លើ​កិច្ចព្រមព្រៀង​ទាំងអស់​ដែល​បាន​ឯកភាព ដើម្បីឲ្យ​ការអនុវត្ដ​ប្រកបដោ​យ​ប្រសិទ្ធភាព​ខ្ពស់​។ ក្រៅពីនេះ កិច្ចចរចា​បានលើកឡើង​ពី​ការសន្យា​របស់​ចិន ក្នុងការ​ទិញយក​ផលិតផល សេវាកម្ម ថាមពល និង​ផលិតផល​ផ្សេងៗ​ទៀត​ពី​អាមេរិក​៕

ព័ត៌មានផ្សេងទៀត