កាសែត​ចិន​​ចុះផ្សាយ​ថា​​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​​មាន​លិខិតឆ្លងដែន​​កម្ពុជា

10-01-2019 9:17 am 4740
  ស្តាប់
អតីតនាយករដ្ឋមន្ដ្រីថៃអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា
ស្តាប់ជាសំឡេង

​យោងតាម​ការចុះផ្សាយរ​បស់​កាសែត​ចិន South China Morning Post បានឲ្យដឹងថា អតីត​នាយករដ្ឋមន្ដ្រី​ថៃ​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា មាន​លិខិតឆ្លងដែន​កម្ពុជា​នៅក្នុង​ដៃ​។ កាសែត​បន្ថែមថា កាលពី​ឆ្នាំ​២០១៧ អ្នកស្រី​បាន​ជម្លៀស​ខ្លួន​ចេញពី​ប្រទេស​ថៃ ឆ្លងកាត់​តាម​ប្រទេស​កម្ពុជា​។ ឯកសារ​សាជីវកម្ម​នៅ​ហុងកុង​មួយ​បានបង្ហាញ​ដែរថា អតីត​នាយករដ្ឋមន្ដ្រី​ថៃ​វ័យ​៥១​ឆ្នាំ​រូបនេះ បាន​ប្រើប្រាស់​លិខិតឆ្លងដែន​កម្ពុជា ដើម្បី​ចុះបញ្ជី​ក្រុមហ៊ុន​មួយ​ឈ្មោះ​PT Corporation Co ជា​ក្រុមហ៊ុន​មាន​ប្រតិ​បត្ដិការនៅ​ក្នុង​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី​២៤​សីហា​ឆ្នាំមុន គឺមាន​រយៈពេល​ជិត​មួយឆ្នាំ បន្ទាប់ពី​អ្នកស្រី​បាន​ភៀសខ្លួន​ចេញពី​ថៃ​។ ចំពោះមុខ​ជំនួញ​របស់​អ្នកស្រី នៅ​មិនទាន់​ច្បាស់​ថា​ជា​ក្រុមហ៊ុន​អ្វី​ឡើយ​។​

​ប៉ុន្ដែ​ឯកសារ​ដែល​បានបង្ហាញ ផ្ទុយ​ពី​ការអះអាង​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ប្រកាសថា​ពុំមាន​ចេញ​លិខិត​ធ្វើដំណើរ សម្រាប់​អ្នកស្រី​យី​ង​ឡាក់​ឡើយ​។ ជុំវិញ​ករណីនេះ ក៏មាន​ចម្ងល់​ចោទឡើង​ថា ប្រសិនបើ​អ្នកស្រី​យី​ង​ឡាក់​មាន​លិខិតឆ្លងដែន​កម្ពុជា​មែន តើ​អ្នកស្រី​អាច​ទទួលបាន​វា​ដោយ​របៀប​ណា​។ សាស្ដ្រាចារ្យ​មួយរូប​នៃ​សាកលវិទ្យាល័យ​ក្នុងប្រទេស​សិង្ហ​បុរី​និយាយថា អ្នកស្រី​អាច​ទទួលបាន​វា ព្រោះតែ​កម្ពុជា​ជា​ជម្រើស​មាន​ភាពងាយស្រួល ដោយ​គ្រាន់តែ​ឆ្លងកាត់​ព្រំដែន​គឺ​ដល់​។ លោក​ថា​បើសិនជា​ធ្វើដំណើរ​ដោយ​ដៃទទេ​មិនល្អ ដូច្នេះ​បើ​មាន​លិខិតឆ្លងដែន​កម្ពុជា ងាយស្រួល​ក្នុង​ការឆ្លងកាត់​ព្រំដែន​ក្នុងនាម​ជា​ប្រទេសជិតខាង ករណី​មាន​បញ្ហា​កើតឡើង​ចំពោះ​អ្នកស្រី​។ ប៉ុន្ដែ​មិនដឹង​ដដែល​ថា អ្នកស្រី​មាន​វា​ដោយ​របៀប​ម៉េច​។​

​យ៉ាងណាក៏ដោយ​នាយកដ្ឋាន​លិខិតឆ្លងដែន​កម្ពុជា​បាន​អះអាងថា ជុំវិញ​ការ​ភៀសខ្លួន​របស់​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា កម្ពុជា​ពិតជា​មិនបាន​ពាក់ព័ន្ធ​មែន​។ អ្នកស្រី​យី​ង​ឡាក់​ជា​ជនបរទេស ដូច្នេះ​កម្ពុជា​មិនអាច​ចេញ​លិខិតឆ្លងដែន​ឲ្យ​ជនបរទេស​បានឡើយ​។ នាយកដ្ឋាន​អន្ដោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​កម្ពុជា​បាន​បញ្ជាក់ថា គ្មាន​សេចក្ដីរាយការណ៍​អ្នកស្រី​យី​ង​ឡាក់ បាន​ចាកចេញ​ទៅ​ប្រទេស​សិង្ហ​បុរី ដោយ​ឆ្លងកាត់​តាម​ប្រទេស​កម្ពុជា​នោះទេ​។​

​គួរ​ជម្រាបជូន​ថា អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ពេលនេះ​កំពុង​ភៀសខ្លួន​នៅ​ក្រៅប្រទេស គេច​ពី​ការចាប់ខ្លួន​របស់​តុលាការ ក្រោយ​តុលាការ​ចោទប្រកាន់ថា អ្នកស្រី​ធ្វេសប្រហែស​ក្នុង​គម្រោង​ទិញស្រូវ​អង្ករ​ប្រជាជន​គ្រា​អ្នកស្រី​នៅ​ជា​នាយករដ្ឋមន្ដ្រី ដែល​ធ្វើឲ្យ​ខាតបង់​ថវិកាជាតិ​រាប់ពាន់លាន​ដុល្លារ​។ អ្នកស្រី​ត្រូវ​តុលាការ​កាត់ទោស​កំបាំង​មុខ ដាក់ពន្ធនាគារ​៥​ឆ្នាំ​ផងដែរ​ចំពោះ​បទល្មើស​ដែល​បាន​ប្រព្រឹត្ដ​។ អ្នកស្រី​យី​ង​ឡា​ក់បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំងអស់​៕

ព័ត៌មានផ្សេងទៀត