សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក គង់ គាំ សាកសួរក្នុងនាមជាសាក្សី លើករណីលោកកឹម សុខា ពាក់ព័ន្ធនឹងបទចោទសន្និដ្ឋិភាពជាមួយបរទេស នៅថ្ងៃទី២៣ ខែមករា ខាងមុខ តែលោក សម រង្ស៊ី បានថ្លែងនៅលើទំព័រហ្វេសប៊ុកខ្លួន ដោយទាមទារឱ្យតុលាការយករូបលោកផ្ទាល់ទៅធ្វើជាសាក្សីជំនួសលោក គង់ គាំ វិញព្រោះលោកជាអ្នកដឹងរឿងច្រើន ...
តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៩ ខែមករា លោកសម រង្ស៊ី បញ្ជាក់ថា ពុំចាំបាច់យកលោក គង់ គាំ មកសាកសួរទេ ព្រោះគាត់គ្រាន់តែបានធ្វើជាទីប្រឹក្សារបស់លោកតែប៉ុណ្ណោះ ហើយលោក គង់ គាំ ក៏មិនសូវដឹងរឿងអ្វីទេ ម្យ៉ាងទៀត លោកគង់ គាំ ក៏មិនបានចូលរួមធ្វើសេចក្តីសម្រេចដ៏សំខាន់អ្វីឡើយ ។
លោក សម រង្ស៊ី សង្កត់ធ្ងន់ថា លោកដឹងរឿងច្រើនជាងគេបង្អស់ ហើយលោកក៏ទទួលខុសត្រូវខ្ពស់ជាងគេដែរ ព្រោះលោកជាអ្នកធ្វើសេចក្តីសម្រេចចុងក្រោយ ក្នុងការអនុវត្តយុទ្ធសាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ។ លោកថា ក្នុងគ្រាដែលលោកជាប្រធានគណបក្សសង្គ្រោះជាតិ លោកមានទំនាក់ទំនងជាមួយដៃគូអាមេរិករបស់គណបក្សសង្គ្រោះជាតិ និងមានទំនាក់ទំនងជាមួយកម្មករនៅស្រុកខ្មែរច្រើនជាងលោកកឹម សុខា ។
ក្នុងហេតុផលទាំងនេះហើយ លោក សម រង្ស៊ី អះអាងថា បើចង់ដឹងស៊ីជម្រៅ ក្នុងសំណុំរឿងចោទប្រកាន់លោកកឹម សុខា ពីបទល្មើសទាំងពីរ តុលាការក្រុងភ្នំពេញ ត្រូវតែហៅលោកទៅសាកសួរមុនគេបង្អស់ ។ លោកបន្តសង្កត់ថា លោកបានត្រៀមខ្លួនផ្តល់ព័ត៌មាន ពាក់ព័ន្ធសំណុំរឿងលោកកឹម សុខា តាមរយៈប្រព័ន្ធវីដេអូ Skype ពីសហរដ្ឋអាមេរិក ដែលលោកកំពុងតែស្ថិតនៅពេលនេះ ។
លោក សម រង្ស៊ី បានចោទតុលាការក្រុងភ្នំពេញថា បើសិនជាតុលាការចង់ដឹងការពិត តែមិនកោះហៅលោកធ្វើជាសាក្សីក្នុងសំណុំរឿងលោក កឹម សុខា ទេ នោះតុលាការនេះ ពិតជាអាយ៉ងរបស់លោក ហ៊ុន សែន ពិតមែន ។
គូសបញ្ជាក់ថា លោកកឹម សុខា ត្រូវបានតុលាការចោទប្រកាន់លើសំណុំរឿងចំនួនពីរ គឺពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ស្មើនឹងបទ «ក្បត់ជាតិ» និងមួយផ្សេងទៀត គឺបទ «បំផុសបំផុលកម្មករឱ្យធ្វើបាតុកម្ម នៅទីក្រុងភ្នំពេញ កាលពីដើមខែមករា ឆ្នាំ២០១៤» ៕