ត្រឹម​ដើមឆ្នាំ​​២០១៩​ ប​.​ស​.​ស​ ចុះបញ្ជី​មន្ដ្រី ​អតីត​មន្ត្រីរាជការ​ និង​អតីតយុទ្ធជន​​ជាង​៣១​ម៉ឺន​នាក់​

08-01-2019 2:29 pm 2514
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​ពិធី​ប្រគល់​-​ទទួល​ប័ណ្ណសមាជិក ប​.​ស​.​ស និង​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ នៃ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម ជូន​ដល់​មន្ត្រីរាជការ និង​មន្ត្រី​ជាប់​កិច្ចសន្យា នៃ​ក្រសួង​កិច្ចការនារី លោក​អ៊ុក សម​វិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​នាយក​បេឡា​ជាតិ របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បានឲ្យដឹងថា គិត​ចាប់តាំងពី​ពេល​ដំណើរការ​ដំបូង ក្នុង​ឆ្នាំ​២០០៨ រហូតមកដល់​បច្ចុប្បន្ន​នេះ ប​.​ស​.​ស បាន​ចុះបញ្ជី​មន្ត្រី​សាធារណៈ អតីត​មន្ត្រីរាជការ និង​អតីតយុទ្ធជន សរុប​ចំនួន​៣១៤,០៧៦​នាក់ និង​មាន​មន្ត្រី​សាធារណៈ អតីត​មន្ត្រីរាជការ និង​អតីតយុទ្ធជន ទៅ​ទទួល​សេវា​ថែទាំ​សុខភាព បាន​ចំនួន​២៥៨,៥១១​ដង​។​

​លោក​អ៊ុក សម​វិទ្យា បាន​បន្ថែមថា ប​.​ស​.​ស បានផ្តល់​តាវកាលិក (​អត្ថបទ​ប្រយោជន៍​) ផ្នែក​ហានិភ័យ​ការងារ ដល់​ជនរងគ្រោះ​ជា​កម្មករនិយោជិត បាន​ជាង​២១៦០០០​នាក់ ក្នុងចំណោម​កម្មករនិយោជិត ជា​សមាជិក​ជាង​១ ៦១០ ០០០​នាក់ នៃ​សហគ្រាស ជាង​១២៦០០​សហគ្រាស​។ សម្រាប់​ផ្នែក​ថែទាំ​សុខភាព បានផ្តល់​សេវា​ដល់​កម្មករនិយោជិត ជាង​១ ៨៥០ ០០០​ដង​។​

​បើតាម​ការបញ្ជាក់​ពី លោក​អ៊ុក សម​វិទ្យា បានឲ្យដឹងថា ប័​ណ្ឌ ប​.​ស​.​ស អាច​ប្រើប្រាស់​បាន នៅ​គ្រប់​មន្ទីរពេទ្យ​សាធារណៈ (​ពេទ្យ​រដ្ឋ​) និង​បណ្តា​មន្ទីរពេទ្យ​ឯកជន​មួយចំនួន ដែលមាន​ដាក់​ស្លាក​សញ្ញា ប​.​ស​.​ស​។ ដោយឡែក ក្នុងករណី​សង្គ្រោះបន្ទាន់ អ្នកមាន​ប័ណ្ណ ប​.​ស​.​ស អាច​ចូល​សម្រាក​ព្យាបាល​បាន​គ្រប់​មន្ទីរពេទ្យ ហើយ​យក​វិក័យ​ប​ត្រ​ចំណាយ មក​ជូន​មន្ត្រី ប​.​ស​.​ស ដើម្បី​ទូទាត់​ប្រាក់​ជូន​វិញ​។​

​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី លោកស្រី​អ៊ឹង កន្ថាផាវី បាន​វាយតម្លៃថា ប័ណ្ណ ប​.​ស​.​ស នេះ គឺជា​សមិទ្ធផល​ដ៏​ល្អ​មួយ ដែល​រដ្ឋាភិបាល​កម្ពុជា​បង្កើតឡើង ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍ មន្ត្រីរាជការ និង​កម្មករ​-​កម្មការិនី​៕

 ពាក្យគន្លឹះ  បសស

ព័ត៌មានផ្សេងទៀត