លោក​ហ៊ុន សែន ប្រកាស​បើក​​កិច្ចសន្ទនា​​ជាមួយគ្រប់​​គណបក្សនយោបាយ​​​

07-01-2019 2:51 pm 2132
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​នៅក្នុង​ពិធី​អបអរសាទរ​ដល់​ខួប​លើក​ទី​៤០​ឆ្នាំ នៃ​ថ្ងៃ​ជ័យជម្នះ ៧​មក នៅ​ថ្ងៃទី​០៧ មករា ឆ្នាំ​២០១៩​នេះ ប្រមុខ​គណបក្សកាន់អំណាច​លោក​ហ៊ុន សែន បាន​បញ្ជាក់ថា រដ្ឋាភិបាល​របស់លោក បើកទូលាយ​សម្រាប់​កិច្ចសន្ទនា​ដ៏​ស្មោះស ជាមួយ​គណបក្សនយោបាយ សង្គម​ស៊ីវិល និង​មជ្ឈដ្ឋាន​ជឿនលឿន​ទាំងអស់ ដើម្បី​ប្រមែប្រមូល​គំនិត​បញ្ញា និង​ធនធានមនុស្ស​ពី​គ្រប់​ប្រភព ដោយ​គ្មាន​ការបែងចែក​រើសអើង ដើម្បី​បង្កើន​កម្លាំង​សរុប​នៅក្នុង​កិច្ចការ​កសាង និង​អភិវឌ្ឍន៍​ជាតិ​។​

​លោក​លើកឡើងថា ឈរលើ​មូលដ្ឋាន​នៃ​កម្មវិធី​នយោបាយ ដែល​ទទួលបាន​នូវ​ការគាំទ្រ​ដ៏​កុះករ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​នៅក្នុង​ការបោះឆ្នោត​នា​ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅ រដ្ឋាភិបាល​កំពុង​ជំរុញ​អនុវត្ត​យ៉ាងសកម្ម​នូវ​របៀបវារៈ​អភិវឌ្ឍន៍​ជាតិ​ដ៏​ស៊ីជម្រៅ និង ទូលំទូលាយ តាមរយៈ យុទ្ធសាស្ត្រ​ចតុកោណ​-​ដំណាក់កាល​ទី ៤ ដោយ​មិន​ទុកឱ្យ​ស្ថានភាពឤ​ក្រក់​ណាមួយ​មក​បង្ក​ជា​ឧបសគ្គរារាំ​ងដល់​ការសម្រេច​នូវ​ក្តី​ប្រាថ្នា​របស់លោក​នោះឡើយ​។​

​លោក​ហ៊ុន សែន លើកឡើងថា សង្គម​កម្ពុជា កំពុងមាន​លក្ខណៈ​សេរី បើកចំហ និង​គោរព​តម្លៃ​មនុស្ស​នឹង​ផ្តល់ ថាមពល​គ្មាន​កំណត់ ដល់​ការអភិវឌ្ឍ​សមត្ថភាព និង​ការច្នៃប្រឌិត​បង្កើត​ថ្មី របស់​បុគ្គល​ម្នាក់ៗ ក្នុង​ការចូលរួម ស្ថាបនា​ជាតិ ជាពិសេស​សម្រាប់​ស្រទាប់​យុវវ័យ​ដ៏​ច្រើន​កុះករ​ដែល​បានទទួល​ការបណ្តុះបណ្តាល​នៅ​គ្រប់ កម្រិត ព្រមទាំង​បានទទួល​នូវ​មរតក ស្នាដៃ ចំណេះដឹង គំនិត​បញ្ញា រួមជាមួយ​នឹង​បទពិសោធន៍​ពី​អ្នក​ជំនាន់ មុន និង​ដែល​កំពុង​បង្ហាញ​នូវ​ភាពស្វាហាប់​ក្នុងការ​បំពេញការងារ​គ្រប់ផ្នែក នៅ​ទូទាំងប្រទេស ទាំង​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​។​

​លោក​សង្ឃឹមថា នឹង​សម្រេចបាន​នូវ​គោលដៅ​ដ៏​ឧត្តុង្គឧត្តម គឺ​ការកសាង​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន ក្លាយទៅជា​ប្រទេស​ជឿនលឿន​មួយ និង​ជា​សង្គម​ប្រកបដោយ​អរិយធម៌ និង​សេចក្តីស្រឡាញ់​ដោយ​គ្មាន​ការកើតឡើង​ជាថ្មី​នូវ​សង្គ្រាម អំពើ​ប្រល័យពូជសាសន៍ និង​ការបែកបាក់​ផ្ទៃក្នុង​ជាតិ​ដូចពេលមុន​ទៀត​។​

​ទាំងនេះ គ្រាន់តែ​ជា​ការអះអាង​បញ្ជាក់ ពី​ប្រមុខ​គណបក្សកាន់អំណាច លោក​ហ៊ុន សែន តែប៉ុណ្ណោះ​។ គណបក្សនយោបាយ ចំនួន​១៩​ផ្សេងទៀត ដែល​បាន​ចូលរួម​ការបោះឆ្នោត អាណត្តិ​ទី​៦ មិនទាន់​ឃើញ​គណបក្ស​ណាមួយ​បញ្ជាក់​ស្វាគមន៍​ឬ​យ៉ាងណា តប​ទៅនឹង​ការលើកឡើង​របស់លោក​ហ៊ុន សែន នៅពេលនេះ​ទេ​។ 

​ប៉ុន្តែ កន្លងមក​គណបក្ស​ថ្មី​មួយ ដែល​បង្កើតឡើង​ដោយ​ក្រុម​បញ្ញវន្ត ធ្លាប់មាន​បទពិសោធ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន របស់​ក្រុម​លោក​យ៉េង វីរៈ បញ្ជាក់ថា បើទោះជា​ខ្លួន​មិន​ចូលរួម​ជាមួយ​ក្រុមប្រឹក្សា ពិគ្រោះ​និង​ផ្តល់យោបល់ ដោយ​យល់ថា ស្ថាប័ន​នេះ មិន​ឯករាជ្យ តែ​បាន​ត្រៀមខ្លួន​ជានិច្ច ក្នុង​ការសន្ទនា រវាង​គណបក្សនយោបាយ និង​គណបក្សនយោបាយ និង​ជាមួយ​រដ្ឋាភិបាល និង​សភាជាតិ លើ​បញ្ហា​ប្រជាពលរដ្ឋ និង​បញ្ហា​ប្រទេសជាតិ ដែលជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​បង្រួបបង្រួម​ជាតិ ដូចដែល​មានចែង​ក្នុង​សៀវភៅ​បៃតង​របស់ខ្លួន នៅក្នុង​បរិបទ​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដោយ​មិនចាំបាច់​ស្ថិតក្នុង​ក្របខ័ណ្ឌ ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ឡើយ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត