គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅ​មិនទាន់​គិត​ពី​ការរួបរួម​ជាមួយ​គណ​បក្ស​ខ្មែរ​រួបរួម​ជាតិ​ទេ​

07-01-2019 2:45 pm 632
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​លើកឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ថា លោក​ចង់ឲ្យ​មាន​ការរួបរួ​ម​គ្នា​ជា​ថ្មី​ម្តងទៀត ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់​សម្តេច​ក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ​។​

​ឆ្លើយតប​ចំពោះ​ការលើកឡើង​របស់​លោក​ញឹក ប៊ុនឆៃ​នេះដែរ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​លោក​ណុប សុធា​រិទ្ធិ បាន​ប្រាប់​ដល់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា​នេះ​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិនទាន់​មាន​គោលការណ៍​ណាមួយ​ថា ចង់​ពិភាក្សា​រឿងនេះ ជាមួយ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នៅឡើយ​ទេ ព្រោះតែ​ថ្នាក់ដឹកនាំ​ទាំងអស់ កំពុងតែ​ខ្វល់ខ្វាយ ចំពោះ​ព្រះរាជសុខភាព​របស់​ស​ម្តេច​ក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ ហើយ​ក្រុម​ការងារ​រវល់​ចុះ​ជួប​សមាជិក​របស់​ខ្លួន តាម​មណ្ឌល​នី​មួយៗ​ផងដែរ​។

​គួរ​កត់សម្គាល់​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី ១​ទេ ដែល​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចង់​រួបរួម​ជាមួយ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ព្រោះ​កន្លងមក​គណបក្ស​ទាំង​ពីរ​ធ្លាប់​បាន​រួបរួមគ្នា ចំនួន​៣​ដង​មក​ហើយ តែ​មិន​ទទួលបាន​ជោគជ័យ​។​មិន​ទទួលបាន​ជោគជ័យ ត្រូវបាន​លោក​ញឹក ប៊ុនឆៃ បញ្ជាក់​តាម​រយៈ​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​ថា ដោយសារ​តែ​កន្លងមក​មាន​អ្នកប្រឆាំង នៅក្នុង​ជួរ​គណបក្ស​។​

​នៅ​ក្នុង​កិច្ចសម្ភាសន៍​នោះដែរ លោក​ញឹក ប៊ុនឆៃ បានបង្ហាញ​ការជឿជាក់​ថា ប្រសិនបើ​លើក​នេះ​មាន​ការ​បើកភ្លើង​ខៀវ​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នោះ​លោក​ជឿថា អាច​ដំណើរការ​បាន​ល្អ​ជាង​មុន ព្រោះ​តែ​អ្នក​ដែល​តែងតែ​ប្រឆាំង​ចំពោះ​ការរួបរួម​នេះ បាន​ចាកចេញ​ពី​គណបក្ស​ខ្លះៗ​ហើយ​។​លោក​បន្តថា ការរួបរួម​នេះ​គួរតែ​ធ្វើ​ឲ្យបាន​ឆាប់​បំផុត ពោល​គឺ​នៅ​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅពេល​ខាងមុខ​នេះ​។​

​លោក​ញឹក ប៊ុនឆៃ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រសិនបើ​មាន​ការរួបរួម​មែន ទោះបីជា​លោក​មិន​ទទួលបាន​តំណែង​ជា​ប្រធាន រឺ​អនុប្រធាន​គណបក្ស​ក៏ដោយ ក៏​លោក​មិន​មាន​ប្រតិកម្ម​អ្វី​ដែរ អ្វី​ដែល​សំខាន់​គឺ​លោក​ចង់​ឃើញ​មាន​ការរួបរួម​គ្នា​ជា​ថ្មី និង​ចង់​រៀបចំ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នកជំនាន់ក្រោយ​នៅក្នុង​ជួរ​គណបក្ស ខណៈ​លោក ក៏​ដូចជា​សម្ដេច​ក្រុមព្រះ មាន​វ័យ​កាន់តែ​ចាស់​ទៅហើយ​៕


 ពាក្យគន្លឹះ  លោកញឹក ប៊ុនឆៃ

ព័ត៌មានផ្សេងទៀត