លោក​ស៊ី ជីន​ពីង​​ប្រាប់​ឲ្យ​​កងទ័ព​ចិន​​ត្រូវ​ត្រៀមខ្លួន​​ជានិច្ច​​ក្នុង​ការប្រយុទ្ធ​

05-01-2019 12:57 pm 2079
ប្រធានាធិបតីចិនលោកស៊ី ជីនពីង

​កងទ័ព​ចិន​ត្រូវតែ​ត្រៀមខ្លួន​ទុកជាមុន ទាំង​សមត្ថភាព និង​កិច្ចការ​គ្រប់យ៉ាង ដើម្បី​ធានាថា​អាច​ចាប់ផ្ដើម​ការប្រយុទ្ធ​បាន​គ្រប់ពេលវេលា​។ នេះ​ជា​សម្ដី​លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន និយាយ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​សុក្រ​។ លោក​បន្ថែមថា ប្រទេស​ចិន​កំពុង​ជួប​ការកើនឡើង​នូវ​ហានិភ័យ និង​បញ្ហា​ប្រឈម​ជាច្រើន ដូច្នេះ​កងកម្លាំងប្រដាប់អាវុធ​ត្រូវតែ​ត្រៀម​បំពេញ​កាតព្វកិច្ច ដើម្បី​ធានា​សុខ​សុវត្ថិភាព សន្ដិសុខ និង​ការអភិវឌ្ឍ​ដែល​ចាំបាច់​។ ការត្រៀមខ្លួន​ធ្វើសង្គ្រាម គឺជា​រឿង​ដែល​ត្រូវមាន​ទំនួល​ខុសត្រូវ​ខ្ពស់បំផុត​។​

​លោក​ស៊ី​សង្កត់ធ្ងន់ថា ពិភពលោក​កំពុង​ប្រឈម​នឹង​ការផ្លាស់ប្ដូរ​ដ៏​ធំ​មិន​ធ្លាប់មាន ក្នុង​រយៈពេល​មួយ​សតវត្ស ហើយ​ចិន​នៅតែ​ស្ថិតក្នុង​ដំណាក់កាល​ប្រើប្រាស់​យុទ្ធសាស្ដ្រ​សម្រាប់​ការអភិវឌ្ឍ​។ កងកម្លាំងប្រដាប់អាវុធ​ចិន ចាំបាច់​ត្រូវតែ​ឆ្លើយតប​ឲ្យបាន​រហ័ស​បំផុត​ទៅនឹង​ភាពអាសន្ន​។ គួរ​បញ្ជាក់ថា ប្រទេស​ចិន​មួយ​រយៈពេល​ចុងក្រោយ​នេះ បាននិងកំពុង​ស្វែងរក​ការបង្កើន​សមត្ថភាព​យោធា​យ៉ាងខ្លាំង ជាពិសេស​បង្កើន​សកម្ម​ភាព​យោធា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ជា​ដែន​កំពុងមាន​ជម្លោះ​រ៉ាំរ៉ៃ​ជាមួយ​បណ្ដា​ប្រទេស​មួយចំនួន​៕ 

ព័ត៌មានផ្សេងទៀត