ប៉ី​ពក ជា​ឧបករណ៍​មាន​វ័យ​ដ៏​ចំណាស់ ប្រើប្រាស់​ដើម្បី​អង្វរករ​មេ​ខ្មោច​ធំ​

04-01-2019 4:07 pm 7067
  ស្តាប់
ស្តាប់ជាសំឡេង

​ប៉ី​ពក គេ​លេង​នៅ​ក្នុង​វង់​ភ្លេងអារក្ស ជា​គ្រឿង​ចាំបាច់​សម្រាប់​លេង​ថ្វាយ​គ្រូ ឬ​អញ្ជើញ​គ្រូ ដែល​គ្រូ​នោះ គេ​សំដៅ​ទៅលើ​មេ​ខ្មោច​ធំ ។ ចំពោះ​ក្នុង​វង់ភ្លេង​ការ​បុរាណ ក៏​ឧបករណ៍​នេះ មាន​តួនាទី​សម្រាប់​លេង​ក្នុង​ពិធី​អញ្ជើញ​មេបា ឬ​ដូនតា​ដែល​បាន​ចែក​ស្ថាន​ទៅ​តែ​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត គេ​ក៏​អាច​ប្រើ​ប៉ី​ពក ផ្លុំ​អន្ទង​និមន្ត​គ្រូ​មក​ប្រសិទ្ធិ​ពរ​ដល់​អ្នក​ទាក់ដំរី មុនពេល​ចេញ​ទៅ​ទាក់ដំរី ជំនួស​ស្នែង​បានដែរ ។ នេះ​បើ​តាម​សៀវភៅ​តន្ត្រីបុរាណ​កម្ពុជា បោះពុម្ព​ឆ្នាំ​២០០០...

​ប៉ី​ពក ជា​ឧបករណ៍​ផ្លុំ ប្រើ​ខ្យល់​ជាប់ ដូច​ប៉ីអ ឬ​ប៉ីបបុស​ដែរ តែ​ខុសគ្នា​ត្រង់​ប៉ីពក ផ្លុំ​ពី​ចំហៀង ។ ឧបករណ៍​ប៉ីពក មាន​អាយុកាល​យូរណាស់​មកហើយ ។ 

​បើតាម​ប្រសាសន៍​របស់​តន្ត្រីករ​បុរាណ​ចាស់ៗ​ច្រើន​ដំណ​រហើយ បាន​និយាយ​មក​ថា «​ប៉ីពក​ខ្មែរ​យើង​មាន​កំណើត​ជាង​២០០០​ឆ្នាំ​ហើយ » ។ ប្រហែល​ដូនតា​យើង​សម្អាង​ទៅលើ​មុខងារ​សំខាន់ៗ និង​វត្តមាន​របស់​វា ដែល​មាន​ភាព​ស្ថិតស្ថេរ ក្នុង​វង់​ភ្លេងអារក្ស និង​ក្នុង​វង់ភ្លេង​ការ​បុរាណ ។ ក្នុង​វង់ភ្លេង​ទាំងពីរ​នេះ ប៉ីពក​មាន​មុខងារ​សំខាន់ៗ​ត្រង់​ក្នុង​វគ្គ​ណា​ដែល​ជា​ពិធី​ត្រូវធ្វើឡើង​សម្រាប់​អង្វរករ ឬ​បួងសួង អញ្ជើញ ។​

​នៅក្នុង​ពិធីលៀងអារក្ស គេ​ផ្លុំ​ប៉ីពក ត្រង់​ពិធី​អំពាវនាវ​សុំ​អញ្ជើញ​គ្រូ​តូច គ្រូ​ធំ ខ្មោច ព្រា​យ អារក្ស អ្នកតា ព្រៃ​ភ្នំ​ទាំងឡាយ អញ្ជើញ​មក​រួបរួម​ក្នុង​ពិធីលៀងអារក្ស ប៉ីពក​ប្រគំ​បទ​និមន្ត រួម​ជាមួយ​អ្នក​ច្រៀង​ម្នាក់ ។ ត្រង់​ពិធី​សុំ​អង្វរករ អញ្ជើញ​សម្តេច​គ្រូ ឬ​មេ​ខ្មោច​ធំ មក​ត្រួតពិនិត្យ​សកម្មភាព​ខ្មោច​ទាំងឡាយ ប៉ីពក​ប្រគំ​បទ​សូ​រិន្ទ​ខ្នងភ្នំ ពេល​សម្តេច​ព្រះ​គ្រូ​យាង​ត្រឡប់​ទៅ​វិញ ប៉ីពក​ប្រគំ​បទ​ទាក់ដំរី ដែល​មានន័យថា ចាប់​ដំរី​ឱ្យ​សម្តេចព្រះគ្រូ​ជិះ​យាង​ត្រឡប់​ទៅ​វិញ ។​

​ខាងក្រោម​នេះ ជា​សំឡេង​បទ សូ​រិន្ទ​ខ្នងភ្នំ ដែល​គេ​ផ្លុំ​ប៉ីពក ដើម្បី​អញ្ជើញ​មេ​ខ្មោច​ធំ​មក​នោះ …

​នៅក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​ត្រង់​វគ្គ​បញ្ចូល​ក្រ​យា គឺជា​ពិធី​អង្វរករ​លោក​មេបា ឱ្យ​ចាប់ផ្តើម​ទឹក​ខ្ពុរមាត់ បើ​គ្រប​សាជីរ​ភោជនាហារ ចាប់​ស្លាបព្រា​ពិសា​ភោជនាហារ ប៉ីពក​ប្រគំ​បទ​សូ​រិន្ទ​ខ្នងភ្នំ ។ ត្រង់​វគ្គ​ទៅ​ទាក់ដំរី​ក្នុង​ព្រៃ​សម្រាប់​យក​មក​ឱ្យ​កូនប្រុស​ជិះ​ទៅ​មុជទឹក​ស្ទឹង ក្រោយពី​បាន​កាត់សក់​រួច នៅក្នុង​ព្រៃ នៅពេល​គេ​ទៅ​ទាក់ដំរី គេ​នាំ​គ្នា​បញ្ជាន់​មេមត់​អង្វរករ​មេមត់ សុំ​អនុគ្រោះ​ឱ្យ​គេ​ទាក់ដំរី​បាន ប៉ីពក​ប្រគំ​បទ​សូ​រិន្ទ​ខ្នងភ្នំ​សម្រាប់​មេមត់ និង​ប្រគំ​បទ​ទាក់ដំរី​សម្រាប់​ចាប់​ដំរី​បាន ។ ត្រង់​វគ្គ​ទៅរក​ល័ក្ត​កន្លង់ជុំ បេះ​ល័ក្ត​មិន​បាន​គេ​អង្វរករ​ខ្មោច ទេព្រក្ស អ្នកតា ឬ​បញ្ជាន់​មេមត់ ដើម្បី​ជួយ​អនុគ្រោះ​ដល់​គេ ប៉ីពក​ប្រគំ​បទ​សូ​រិន្ទ​ខ្នងភ្នំ ។ ត្រង់​វគ្គ​ឱ្យ​បាយព្រលឹង បួងសួង​ឱ្យ​ព្រះព្រហ្ម​ចុះមក​ប្រសិទ្ធី​ពរ និង​ជួយ​រក្សា​បាយ​ព្រលឹង សូម​ឱ្យ​បាយព្រលឹង​មាន​ប្រសិទ្ធិភាព​ខ្លាំងក្លា ប៉ីពក​ប្រគំ​បទ​សូ​រិន្ទ​ខ្នងភ្នំ​ដែរ ។​

​សូរ​សំឡេង​បន្ទាប់ ដែល​យើងខ្ញុំ​នឹង​ដាក់​ជូន​ស្តាប់​ខាងក្រោម​នេះ គឺ​ជា​បទ ទាក់​ដំរី ដែល​គេ​ផ្លុំ​ប៉ីពក ដើម្បី​ចាប់​ដំរី​ឱ្យ​មេ​ខ្មោច​ជិះ​ត្រឡប់​ទៅវិញ ឬ​ដើម្បី​ទាក់ដំរី​យក​មក​ឱ្យ​កូនប្រុស​ជិះ ទៅ​មុជទឹក​ស្ទឹង ក្រោយពី​បាន​កាត់សក់​រួច …

​តាំងពី​អតីតកាល​ដ៏​យូរលង់​រហូតមកដល់​បច្ចុប្បន្ននេះ ឧបករណ៍​ប៉ីពក នៅតែ​ប្រគំ​ម្នាក់ឯង មិន​ចូលរួម​ជាមួយនឹង​ឧបករណ៍​ដទៃ​ណា​ឡើយ ។​

​តាម​ប្រសាសន៍​របស់​លោក ប៊ុន​ចាន់ ម៉ុល អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​ក្នុង​រវាង​ឆ្នាំ​១៩៧៣ កាលនោះ លោក​មាន​អាយុ​៦២​ឆ្នាំ លោក​មានប្រសាសន៍ថា លោក​បាន​ឃើញ​ជា​ញឹកញាប់ គេ​ប្រើ​ប៉ីពក​ផ្លុំ​មួយ​បទ​សិន គឺ​បទ​លោក​នាង ឬ​ថ្ន​មនាង ត្រង់​ពិធី​បើក​វាំងនន​សុំ​ស្រី​អន​មក​ផ្ទឹម មុន​ការប្រគំ​បទ​ផាត់ជាយ​របស់​វង់ភ្លេង ដែល​ប្រើ​ក្នុង​ពិធី​ដដែល​នេះ ។​

​យើង​ងាក​មក​និយាយ​អំពី​រូបសណ្ឋាន​របស់​ឧបករណ៍​ប៉ីពក​វិញ​ម្តង ។ តួ​របស់​ប៉ីពក ធ្វើ​អំពី​ឫស្សី ដែល​មាន​ប្រវែង​មួយ​សាច់ និង​មួយ​ថ្នាំង គឺ​គេ​ទុក​ថ្នាំង​ម្ខាង​សម្រាប់​ទប់​ខ្យល់ ។​

​នៅលើ​តួ មាន​រន្ធ​សំនៀង​ជាច្រើន​ដូចជា រន្ធ​ចំហៀង​១ ស្ថិតនៅក្រោម​បិទ​បើក​ដោយ​មេដៃ ។ រន្ធ​សំនៀង​ចំ​៧ ស្ថិត​នៅ​ជួរ​ខាងលើ​មាន​ចន្លោះ​ពី​មួយ​ទៅមួយ តាម​លំដាប់​កម្រិត​សំនៀង ។ រន្ធ​បង្ហើរ​ខ្យល់​ចោល ១ ឬ ២ គឺជា​រន្ធ​សម្រាប់​ជួយ​តម្រូវ​សំនៀង​របស់​រន្ធ​ចំ ។ រន្ធ​នីមួយៗ អាច​ប្រើ​បាន​តែ​សំនៀង​ចំ​មួយ និង​សំនៀង​ចំហៀង​មួយទៀត​ប៉ុណ្ណោះ មិន​អាច​ប្រើ​បាន​ច្រើន​ដូច​រន្ធ​ខ្លុយ​ឡើយ ។​

​អណ្តាត​របស់​ប៉ីពក​ធ្វើ​អំពី​ស្ពាន់ ឬ​លង្ហិន ដែល​មាន​គល់​ធំ​ចុង​ស្រួច ។ ផ្ទៃ​អណ្តាត​ទាំងមូល មាន​រាង​បួន​ជ្រុង​ទ្រ​វែង ។ អណ្តាត​នេះ ដាក់​នៅ​ត្រង់​ជិត​ថ្នាំង​ឫស្សី បិទ​ជាប់​ដោយ​ជ័រ​ម្រោម ឬ​ក្រមួនឃ្មុំ​សុទ្ធ ។​

​នៅពេល​ផ្លុំ​ម្តងៗ គេ​ត្រូវ​បៀម​ត្រឹម​អណ្តាត​ទាំងមូល​ទៅ​ក្នុង​មាត់ ហើយ​ប្រើ​ខ្យល់​ជាប់​ដូច​ប៉ីអ​ដែរ ។ សំនៀង​របស់​ប៉ីពក​ស្រទន់ ស្រណោះស្រណោក មាន​លក្ខណៈ​ជា​សំនៀង​លុញ​គ្រ​លឺត ច្រើន​ជាង​សំនៀង​ចំ​ត្រង់ៗ ។​
​ឧបករណ៍​ប៉ីពក គេ​ឃើញ​មាន​នៅក្នុង​ប្រទេស​វៀតណាម​ភាគខាងត្បូង​ដែរ ក្នុងចំណោម​ជនជាតិខ្មែរ​នៅ​ទីនោះ ៕

ព័ត៌មានផ្សេងទៀត