ក្រសួងការបរទេសឥណ្ឌូនេស៊ី ឲ្យដឹងនៅថ្ងៃសុក្រនេះថា ឥណ្ឌូនេស៊ីនឹងផ្អាកបញ្ជូននិស្សិត ទៅកាន់សាកលវិទ្យាល័យ នៅតៃវ៉ាន់បណ្តោះអាសន្ន។ ការប្រកាសផ្អាកនេះ ធ្វើឡើងក្រោយ មានរបាយការណ៍ បង្ហាញថា និស្សិត រហូតដល់ ៣០០ នាក់ ត្រូវបានបង្ខំឲ្យធ្វើការនៅក្នុងរោងចក្រ។ ឥណ្ឌូនេស៊ី បានស្នើសុំឲ្យក្រុងតៃប៉ិស៊ើបអង្កេតលើករណីនេះ, ស្នើសុំឲ្យតៃវ៉ាន់ពន្យល់ពីករណីនេះឲ្យបានច្បាស់លាស់ ហើយស្នើអាជ្ញាធរ ដើម្បី អនុវត្តជំហានចាំបាច់ ដើម្បីការពារផលប្រយោជន៍ និងសុវត្ថិភាពរបស់សិស្សទាំងនេះ។ នេះបើតាមអ្នកនាំពាក្យ ក្រសួងការបរទេសឥណ្ឌូនេស៊ី លោក Armanatha Nasir និយាយនៅក្នុងសេចក្តីថ្លែងការណ៍។
ក្រសួងអប់រំកោះតៃវ៉ាន់ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែរថា របាយការណ៍ដែលនិយាយពីការបំពានលើសិទ្ធិនិស្សិតបរទេសទាំងនោះ គឺមិនត្រឹមត្រូវទេ ហើយក្រសួងក៏មិនឃើញមានការបំពារបំពានច្បាប់ការងារក្នុងស្រុកអ្វីដែរ។ ក្រសួងអប់រំតៃវ៉ាន់ អះអាងថា ប្រសិនបើមានការអនុវត្តខុសច្បាប់ ត្រូវបានរកឃើញនៅក្នុងសាលារៀនណាមួយនោះ ក្រសួងនឹងផ្អាកកម្មវិធីនៅទីនោះ។
ការប្រកាសផ្អាកបញ្ជូននិស្សិត ទៅកាន់សាកលវិទ្យាល័យនៅតៃវ៉ាន់ពីឥណ្ឌូនេស៊ី ធ្វើឡើងក្រោយសមាជិកសភាតៃវ៉ាន់ម្នាក់ឈ្មោះKo Chih-en បាននិយាយកាលពីសប្តាហ៍មុនថា សាកលវិទ្យាល័យចំនួន៦ បានចាប់បង្ខំសិស្សមកពីប្រទេសនៅអាស៊ី ជាពិសេសគឺនិស្សិតមកពីឥណ្ឌូនេស៊ី ឲ្យធ្វើការងារជាច្រើនម៉ោង នៅក្នុងរោងចក្រ ផលិតកញ្ចក់ការពារភ្នែក។ នេះបើតាមគេហទំព័រសារព័ត៌មានតៃវ៉ាន់បានចុះផ្សាយ។
គួរជម្រាបជូនថា ប្រទេសនៅអាស៊ីអាគ្នេយ៍ បានបញ្ជូននិស្សិតចុះកម្មសិក្សា នៅសាកលវិទ្យាល័យនៅកោះតៃវ៉ាន់ ស្ថិតក្រោមគម្រោងកម្មវិធី សិក្សា-ការងារ។ សម្រាប់ ឥណ្ឌូនេស៊ីបានបញ្ជូននិស្សិត ទៅកាន់សាកលវិទ្យាល័យ នៅតៃវ៉ាន់ចំនួនប្រហែល៦ ០០០ពាន់នាក់ នៅក្នុងនោះ និស្សិតប្រហែល១ ០០០ពាន់ ត្រូវបានបញ្ជូនទៅ ក្រោមគម្រោង សិក្សា-ការងារ ៕