រដ្ឋាភិបាល​​សម្រេច​លុប​​បឹង​តា​មោក​ ២០​ហិកតា​​ធ្វើ​ផ្សារ​​ចែកចាយ​​បន្លែ​​

04-01-2019 10:30 am 3342
  ស្តាប់
ស្តាប់ជាសំឡេង

​យោង​លិខិត​ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេចយក​ដី​បឹង​តា​មោក​ស្ថិតក្នុង​សង្កាត់​ព្រែក​ព្នៅ ចំនួន​២០ ហិកតា ធ្វើជា​ផ្សារ​ផ្គត់ផ្គង់​បន្លែ ផ្លែឈើ និង​ចំណតរថយន្ត​។ ជាពិសេស​កន្លែង​ចែកចាយ​បន្លែ​នៅ​ផ្សារដើ​មគរ​នឹង​ត្រូវដូរ​មកទីតាំង​ថ្មី​នេះ​ដែរ។​

​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ការសម្រេច​បង្កើត​ផ្សារ​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ និង​ចំណតរថយន្ត​នៅ​បឹង​តា​មោក​នេះ ទទួលបាន​ចំណារ​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន តាំងពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៨​។ ថ្ងៃទី​០២ សីហា ឆ្នាំ​២០១៨ ទើប​ទីស្តីការគណៈរដ្ឋមន្ត្រី ធ្វើសំណើ​មួយ​ទៅកាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើសុំ​ដី​នៅ​បឹង​តា​មោក​ចំនួន ២០​ហិកតា ដើម្បី​សាងសង់​ផ្សារ​ផ្គត់ផ្គង់​បន្លែ ផ្លែឈើ និង​ចំណតរថយន្ត​។ ប៉ុន្តែ​លិខិត​នេះ ទើបនឹង​បែកធ្លាយ នៅ​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៩​នេះ​។​

​ជា​ការកត់សម្គាល់ កន្លងមក​នៅក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្តីពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ថ្ងៃទី​២២ សីហា​ឆ្នាំ​២០១៧ តារាចម្រៀង ដែល​កំពុង​មានឈ្មោះ​បោះ​សំឡេង​នៅក្នុង​ប្រទេស​កម្ពុជា គឺ​កញ្ញា​មាស សុខ​សោភា ធ្លាប់បាន​ស្នើសុំ​ដោយផ្ទាល់​ដល់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន កុំឲ្យ​លុ​បបឹង​តាមោ​កនេះ​។ ការស្នើ​នេះ ក៏​ត្រូវបាន​លោក​ហ៊ុន សែន បញ្ជាក់ថា បឹង​តា​មោក មិនមែន​គ្រាន់តែ​ត្រូវការពារ​ទេ តែ​ត្រូវ​ជីក​យក​ជម្រៅ ដើម្បី​បង្កើន​ធារទឹក​ថែមទៀត​ផង​។​

​តែអ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន អះ​អា​ថា មូលហេតុ​ដែល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន យល់ព្រម​ឲ្យ​យកចំណែក​ខ្លះ នៃ​បឹង​តា​មោក សម្រាប់​សាងសង់​ផ្សារ​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ និង​ធ្វើ​ចំណតរថយន្ត គឺ​ដោយសារ​ផ្សារ​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ នៅ​ផ្សារ​ដើមគ​បច្ចុប្បន្ន មាន​សភាព​ចង្អៀត ធ្វើឲ្យ​កកស្ទះ​ចរាចរណ៍​។​ឯ​តួ​ផ្ទៃ​បឹង​ដែល​នៅសល់ នឹងត្រូវ​ជីក​បន្ថែម ដើម្បី​រក្សា​ធារទឹក សម្រាប់​ការពារ​ជំនន់​ទឹកភ្លៀង ក្នុង​រាជធានី​ភ្នំពេញ ........

​សំឡេង​លោក​ផៃ ស៊ី​ផាន​៖

​បើតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ឆ្នាំ​២០១៦ បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ​នេះ មាន​ផ្ទៃ ៣២៣៩ ហិច​តា​ជា​បឹង​ធម្មជាតិ​ដ៏​ធំ​មួយ​ដែល មាន​ទីតាំង​ឋិត​នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ ជាយ​រាជធានី​ភ្នំពេញ​។ បឹង​នេះ ជា​បឹង​ធម្មជាតិ ហើយក៏​ជា​អាង​ស្តុក​ទឹកធំ​បំផុត​នៃ​រាជធានី​ភ្នំពេញ ខណៈ បច្ចុប្បន្ន​បឹង​មួយចំនួន​ត្រូវបាន​អភិវឌ្ឍ​ទៅជា​ទីក្រុង​រណប អស់ហើយ​៕


 ពាក្យគន្លឹះ  បឹងតាមោក

ព័ត៌មានផ្សេងទៀត