«ស្នាម​ញញឹម​​»អាច​ជា​ក្តី​សង្ឃឹម​​នៃ​​ការ​បញ្ចប់​​ជម្លោះ​​ក្នុង​សង្គម​​ខ្មែរ​​

04-01-2019 9:28 am 7121
bayon temple

​ស្នាមញញឹម​រាក់ទាក់ និង ភាពទន់ភ្លន់ គឺជា​អត្តសញ្ញាណ​របស់​ជនជាតិ​ខ្មែរ ដែល​ជនបរទេស​បាន​ហៅ​ប្រទេស​កម្ពុជា​ថា ជា​ព្រះរាជាណាចក្រ នៃ​ស្នាមញញឹម​។ ស្នាមញញឹម​ដោយ​ព្រហ្មវិហារ​ធម៌​ទាំង​៤ គឺ​បាន​បង្កប់​ទស្សនទាន​នៅក្នុង​ប្រាសាទបាយ័ន ដែល​ដូនតា​ខ្មែរ​បន្សល់ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​។ ប៉ុន្តែ​បច្ចុប្បន្ន ជនជាតិខ្មែរ​ជាច្រើន​ហាក់ដូចជា​បាត់បង់​ស្នាមញញឹម ហើយ​បែរ​ទៅ​ពាក់មុខយក្ស​ដាក់គ្នា​ទៅវិញ មិន​ថា​ក្នុង​ឆាកនយោបាយ ឬ ក្នុងសង្គម​ទូទៅ​នោះទេ​។ តើ​មកពី​មូលហេតុ​អ្វី​?

​ស្នាមញញឹម​ប្រកបដោយ​ភាពទន់ភ្លន់ និង មាន​ទស្សនវិជ្ជា​វែងឆ្ងាយ ត្រូវបាន​បុព្វបុរស​ខ្មែរ​ជំនាន់​ដើម ឆ្លាក់​លើ​ផ្ទាំង​ប្រាង្គ​ប្រាសាទ​បូរាណ តាំងពី​រាប់ពាន់​ឆ្នាំ​មក​មុន​ម្លេះ​។ កាល​ដើម​ឡើង ជនជាតិខ្មែរ ទោះបីជា​ពលរដ្ឋ​ក្រីក្រ​បំផុត នៅ​ទីជនបទ​ដាច់ស្រយាល​យ៉ាងណាក៏ដោយ ក៏​ពួកគេ​មាន​ស្នាមញញឹម និង ទឹកចិត្ត​ដែរ ដូច​អ្វីដែល​ដូនតា​ខ្មែរ​បាន​ទូន្មាន​កូនចៅ​ថា​«​ក្រ​ចុះ​ឱ្យ​តែមាន​» គឺមាន​ស្នាមញញឹម និង ទឹកចិត្ត ដែលជា​គុណធម៌​ដ៏​ប្រពៃ​របស់​ជនជាតិខ្មែរ​។​

​គុណធម៌​ដ៏​ប្រពៃ​របស់​ជនជាតិខ្មែរ រហូត​ធ្វើឱ្យ​ពួក​បស្ចិមប្រទេស​មួយចំនួន ចាត់ទុក​ប្រទេស​កម្ពុជា​ថា ជា​ព្រះរាជាណាចក្រ​នៃ​ស្នាមញញឹម បន្ទាប់ពី​ពួកគេ​បាន​មកកាន់​ប្រទេស​នេះ ហើយ​ត្រូវបាន​ញញឹម​រាក់ទាក់​ដោយ​ភាពទន់ភ្លន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ ជនជាតិខ្មែរ​ជាច្រើន​ហាក់​បាន​បំភ្លេច​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​នៃ​ពូជសាសន៍​របស់ខ្លួន​ដោយ​បោះបង់​ស្នាមញញឹម​ចោល​ហើយ​បែរមក​ពាក់មុខយក្ស​ដាក់គ្នា​ទៅវិញ​។ ជាទូទៅ​គ្រាន់តែ​រាំ​ជាន់ជើងគ្នា​បន្តិចបន្តួច ឬ​ពេលខ្លះ​គ្រាន់តែ​សម្លឹងមុខ​គ្នា​ក៏​មនុស្ស​ខ្មែរ​សម័យនេះ អាច​បង្កជម្លោះ​កាប់​ចាក់​គ្នា​បានដែរ​។ មិនថាតែ​ក្រុមក្មេងស្ទាវ​នោះទេ សូម្បីតែ​មនុស្ស​ចាស់​ខ្លះ​ក៏បាន​បាត់បង់​អធ្យាស្រ័យ​គ្នា​យ៉ាងខ្លាំង​ដែរ​។​

​ឧទាហរណ៍​ដូចជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ តាម​ដងផ្លូវ​បន្តិចបន្តួច ឬក៏​បញ្ហា​តូចតាច​សោះ មនុស្ស​ខ្មែរ​ភាគច្រើន​មិនបាន​ប្រើប្រាស់​ស្នាមញញឹម ដើម្បី​ដោះស្រាយ​បញ្ហា​ទេ តែ​បែរជា​បញ្ចេញ​កំហឹង​ដាក់គ្នា ឬក៏​ទូរ​សព្ទ័​ស្វែងរក​អន្តរាគមន៍​ពី​បក្ខពួក និង ខ្នងបង្អែក​ទៅវិញ​។ នេះ​នៅ​មិនទាន់​រាប់​អំពើហិង្សា​ក្នុង​គ្រួសារ ជម្លោះ​ប្តី​ប្រពន្ធ ឪពុក​និង​កូន រហូតដល់​ពេលខ្លះ ម្តាយ​និង​កូន ឬ​បង​និង​ប្អូន​ឈ្លោះ​គ្នា​គ្រាន់តែ​រឿង​ព្រំដី​ក៏មាន​។​

​បើ​ក្រឡេកមើល​ឆាកនយោបាយ​វិញ ការ​ពាក់មុខយក្ស​ដាក់គ្នា​ក៏​ស្ទើរតែ​ក្លាយជា​ទម្លាប់​ទៅហើយ​ដែរ​។​គូបដិបក្ខ​នយោបាយ​ទាំងឡាយ​ហាក់ បាន​ប្រើប្រាស់​កំហឹង​ទល់​កំហល់ ជាជាង​ស្នាមញញឹម ដើម្បី​ដោះស្រាយ​បញ្ហា​។ ពាក្យសម្តី​អសុរោះ ប្រកបដោយ​ការប្រមាថ និង គំនុំ​សងសឹក ត្រូវបាន​ប្រើប្រាស់ ដើម្បី​រិះគន់​វាយប្រហារ​គ្នា​។​

​វប្បធម៌​បែបនេះ កំពុង​ក្លាយជា​ក្តីបារម្ភ​នៃ​ការ​ប​បែកបាក់​សង្គម​ខ្មែរ និង កំពុង​បង្ហាញ​ពី​ការស្រុតចុះ​នៃ​សីលធម៌​សង្គម​ខ្មែរ ដែល​មិនអាច​បណ្តែតបណ្តោយ​បានឡើយ​។ ក្នុងសម័យ​សាកលភាវូបនីយកម្ម​ពិភពលោក​បច្ចុប្បន្ន ការប្រជែក​គ្នា​លើ​ផ្នែក​សេដ្ឋកិច្ច និង ការអភិវឌ្ឍ ជា​រឿង​ចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា ដូចនេះ​កាលណា​ប្រជាជាតិ​ខ្មែរ​នៅ​បន្ត​ឈ្លោះទាស់ទែង​គ្នា មិនអាច​ឱ្យ​សង្គម​មួយ​នេះ រីកចំរើន​ដូច​ប្រទេសជិតខាង និង នៅក្នុង​តំបន់​បានទេ​។​

​ជារួម ការលើកកម្ពស់​សីលធម៌​សង្គម គឺជា​កិច្ចការ​ដ៏​ចាំបាច់​មិនអាច​មើលរំលង​បានឡើយ​។​គុណធម៌​ដ៏​ថ្លៃថ្លា​បំផុត គឺ​ព្រហ្ម​វិហារធម៌​ទាំង​៤​ដែល​បង្កប់​នៅក្នុង​ស្នាមញញឹម​នៃ​កំពូល​ប្រាសាទបាយ័ន ដែល​នេះ​កេរ​មរតក​ដ៏​មានតម្លៃ​ដែល​ដូនតា​ខ្មែរ​បន្សល់ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​។ គុណធម៌​នេះហើយ​ដែលជា​ដំបង​ទិព្វ​ក្នុង​ការដោះស្រាយ​បញ្ហា​គ្រប់ជំពូក​ដោយ​ចៀសវាង​បាន​នូវ​អំពើហិង្សា​។ នៅពេលដែល​មនុស្ស​គ្រប់គ្នា​បោះបង់ចោល​ការប្រមាថ​ហើយ​បែរ​ទៅ​ញញឹម​ដាក់គ្នា​ប្រកបដោយ​អធ្យាស្រ័យ​រឿង​ធំ​នឹង​ទៅជា​រឿង​តូច​រីឯ​រឿង​តូច​នឹងត្រូវ​បញ្ចប់​។​

​គុណធម៌​ដ៏​មានតម្លៃ​នេះ ​មាន​រួចស្រេច​ទៅហើយ​នៅក្នុង​មនុស្ស​ខ្មែរ​គ្រប់គ្នា ប៉ុន្តែ​វា​គ្រាន់តែ​កប់​បាត់​ក្នុង​កាលៈទេសៈ​មួយ​ដែល​«​ធម៌​ប្រមាថ​»​កំពុងមាន​ឥទ្ធិពល​ខ្លាំង​តែប៉ុណ្ណោះ​។ ស្នាមញញឹម និង ព្រហ្មវិហារ​ធម៌​នឹង​វិល​មកវិញ ប្រសិនបើ​គេ​នាំគ្នា​គាស់កកាយ និង លើក​តម្លៃ​វា​ផ្ទុយទៅវិញ​វា​នឹង​កប់​បាត់​កាន់តែ​ជ្រៅ​និង នាំ​សង្គម​ទៅរក​គ្រោះថ្នាក់​កាន់តែខ្លាំង ប្រសិនបើ​គេ​បណ្តែត​បណ្តោយឱ្យ វប្បធម៌​ការជេរប្រមាថ ដឹកមុខ​តទៅទៀត​នោះ​៕

 ពាក្យគន្លឹះ  ស្នាមញញឹម

ព័ត៌មានផ្សេងទៀត