ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកApple បានប្រកាសពីប្រាក់ចំណូលរំពឹងទុកក្នុងត្រីមាសថ្មីរបស់ខ្លួន ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃពុធម្សិលមិញ។ នោះគឺប្រាក់ចំណូលបានមកពីការលក់ផលិតផលក្នុងប្រទេសចិន បានធ្លាក់ចុះបើប្រៀបធៀបកាលពីឆ្នាំមុន។ ក្រុមហ៊ុនបានបង្ហាញពីប្រាក់ចំណូលរំពឹងទុកក្នុងត្រីមាសទីបួន គឺក្នុងរយៈពេលបីខែចុងឆ្នាំ២០១៨ មានប្រមាណ៨៤ពាន់លានដុល្លារប៉ុណ្ណោះ។
ប្រាក់ចំណូល៨៤ពាន់លានដុល្លារនេះ អាចនឹងធ្លាក់ចុះប្រមាណ៥ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ហើយតំណាងឲ្យការធ្លាក់ចុះប្រចាំត្រីមាសលើកដំបូងគិតពីឆ្នាំ២០១៦។ ចំពោះមូលហេតុធ្វើឲ្យប្រាក់ចំណូលធ្លាក់ចុះ គេជឿជាក់ថាដោយសារតែអាមេរិកនិងចិន មានជម្លោះពាណិជ្ជកម្មមិនទាន់ដោះស្រាយរួច និងមានកត្ដារួមផ្សំមួយចំនួនទៀត តួយ៉ាងករណីអាមេរិកបញ្ជាឲ្យកាណាដា ចាប់ខ្លួនប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុនចិនHuaweiជាដើម៕