ចោរ​តាម​អ៊ី​ន​ធឺ​ណេត​​មួយក្រុម​​គំរាម​ទ​ម្លាយ​ឯកសារ​​សម្ងាត់​​នៃ​ព្រឹត្ដិការណ៍​​១១​កញ្ញា​២០០១

02-01-2019 1:23 pm 2373
  ស្តាប់
រូបភាពអគារពាណិជ្ជកម្មពិភពលោក ដែលរងការវាយប្រហារ​កាលពីឆ្នាំ២០០១
ស្តាប់ជាសំឡេង

​ក្រុម​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​តមាន​ឈ្មោះថា Dark Overlord បាន​គំរាម​នឹង​ទម្លាយ​ឯកសារ​សម្ងាត់ ពាក់ព័ន្ធ​ព្រឹត្ដិការណ៍​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០០១ ជា​ថ្ងៃ​ក្រុម​ភេរ​វករ​អាល់​កៃ​ដា​បើក​យន្ដហោះ​បុក​ទម្លុះ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​អាមេរិក ប្រសិនបើ​មិន​ប្រគល់​ប្រាក់​តាម​ការទាមទា​ររ​បស់​ពួកគេ​ទេ​។ ឯកសារ​ទាំងនោះ​ពួកគេ​លួច​យក​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង និង​ភ្នាក់ងារ​ជាច្រើន​របស់​រដ្ឋាភិបាល ដែល​អាច​លាតត្រដាង​ការពិត ជុំវិញ​ព្រឹត្ដិការណ៍​វាយ​ប្រហារភេរវកម្ម បុក​កម្ទេច​អគារ​ពាណិជ្ជកម្ម​ភ្លោះ​ក្នុង​ទីក្រុង​ញូវយ៉ក​នេះ​។​

​ក្រុម​Dark Overlord ជា​ក្រុម​គំរាមកំហែង​អាជីព​មួយ បាន​បង្ហោះ​ព័ត៌មាន​ថា​ពួកគេ​មាន​ឯកសារ​សម្ងាត់​ប្រមាណ​១០​ជី​ហ្គា​បៃ ទាក់ទង​នឹង​ព្រឹត្ដិការណ៍​ថ្ងៃទី​១១​កញ្ញា​២០០១​។ ឯកសារ​សម្ងាត់​ទាំងនេះ​អាច​បង្ហាញ​ការពិត​បាន ដែល​នឹងត្រូវ​បង្ហោះ​ជា​សាធារណៈ ប្រសិន​មិន​ព្រម​ប្រគល់​ប្រាក់​ឲ្យ​ពួកគេ​ជា​ថ្នូរ​ទេនោះ​។ នៅពេល​ឯកសារ​បង្ហោះ​ចេញ រឿងរ៉ាវ​ទាំងអស់​រួមទាំង​ចម្លើយ​ដែល​មហាជន​កំពុង​ចង់ដឹង ក៏ត្រូវ​លាតត្រដាង​គ្មាន​សល់​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រុម​Dark Overlord​។​

​មាន​មនុស្ស​ជាច្រើន​បារម្ភ​ថា អាច​មានឈ្មោះ​របស់គេ​នៅក្នុង​ឯកសារ​ទាំងនោះ​។ បើតាម​សេចក្ដីប្រកាស អង្គការ​ភេរវកម្ម ឬ​រដ្ឋ​ដែល​ប្រកួតប្រជែង​ជាមួយ​អាមេរិក ក៏​អាច​ទទួលបាន​ព័ត៌មាន​នេះដែរ ប្រសិនបើ​ពួកគេ​បង់ប្រាក់​ជា​ថ្នូរ​។ ក្រុម​វាយប្រហារ​នេះ​បាន​អះអាងថា ករណី​ដែល​ពួកគេ​ទទួលបាន​ប្រាក់​ហើយ ប៉ុន្ដែ​បែរជា​មានការ​ប្ដឹងទៅ​មន្ដ្រី​អនុវត្ដ​ច្បាប់ នោះ​ជនរងគ្រោះ​នឹង​នៅតែ​រង​ការគំរាមកំហែង​ដដែល​។ និយាយឲ្យចំ​ចេតនា​របស់​ពួកគេ ចង់បាន​ការដោះដូរ​ជាមួយ​ជនរងគ្រោះ​ស្ងាត់ៗ មិនឲ្យ​បែក​ការដល់​មន្ដ្រី​មាន​សមត្ថកិច្ច​។​

​សូមបញ្ជាក់ថា ក្រុម​Dark Overlord​បាន​លេច​រូបរាង​ឡើង​ក្នុង​ឆ្នាំ​២០១៦ ដោយ​ពួកគេ​បាន​បង្ក​ការគំរាមកំហែង​តាមរយៈ​ការ​លួច​យក​ទិន្នន័យ​សំខាន់ៗ ពី​ក្រុមហ៊ុន​ធំៗ​និង​ស្ថាប័នរដ្ឋ​នានា​ជា​គោលដៅ ក្នុងន័យ​បង្ខំ​ឲ្យ​ជនរងគ្រោះ​ប្រគល់​ប្រាក់​ឲ្យ​ពួកគេ ជា​ថ្នូរ​នឹង​ការ​លាក់បាំង​ព័ត៌មាន​ដែល​បាត់បង់​។ ពួកគេ​ធ្លាប់​ប្រកាសថា បាន​លួច​យក​ទិន្នន័យ​ពី​ក្រុមហ៊ុន​ជាច្រើន​ក្នុង​ពិភពលោក​៕

ព័ត៌មានផ្សេងទៀត