ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​ប្រកាស​មិន​គាំទ្រ​ការធ្វើ​បាតុកម្ម​នៅ​ភូមិ​ឫស្សី​និង​ផ្លូវជាតិ​លេខ​២

01-01-2019 11:19 am 1334
  ស្តាប់
រូបតំណាង
ស្តាប់ជាសំឡេង

​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា បាន​សម្តែង​ការខកចិត្ត និង​ប្រកាស​មិន​គាំទ្រ​ជាដាច់ខាត ចំពោះ​ការ​ញុះញុង និង​រៀបចំ​ផែនការ បង្ក​ឲ្យមាន​ការធ្វើបាតុ​កម្មបិទផ្លូវ ដែល​បាន​កើតឡើង​នៅ​វិថី​ព្រះ​មុនី​រ៉េត​(​ភូមិ​ឫស្សី​) ផ្លូវ​លេខ​២១៧(​ចំការ​ដូង​)​និង​ផ្លូវជាតិ​លេខ​២ កាលពី​ពេល​ថ្មីៗ​នេះ​។​

​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ចុះ​កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨ របស់​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​ដែល​តំណាង​អោយ​កម្មករ​ជាង ៧០​ម៉ឺន​នាក់ នៅក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា បានបញ្ជាក់​ថា ការធ្វើ​បាតុកម្ម រហូតដល់​មាន​ការបិទផ្លូវ របស់​កម្មករ និង​កម្មការិនី​នេះ គឺ​កើតឡើង​ដោយ​មាន​ការ​ញុះញុង ពី​ជន​ខិលខូច​មួយចំនួន ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្សពួក​តែប៉ុណ្ណោះ​។​មួយវិញទៀត​សកម្មភាព​ទាំងអស់​នេះ​ពិតជា​ធ្វើឲ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម និង​រាំងស្ទះ​ដល់​ការធ្វើដំណើរ​របស់​សាធារណៈជន​ទូទៅ និង​អាច​នាំអោយ​មាន​អសន្តិសុខ រួម​ទាំង​អស្ថិរភាព​សង្គម​ថែមទៀត​ផង​។​

​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា ក៏បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ និង​និយោជិត​ទាំងអស់​សូម រក្សា​ឲ្យបាន​នូវ​ភាពស្ងប់ស្ងាត់ ចៀសវាង​ការចាញ់បោក​ជនខិលខូច ដែល​មាន​បំណង​បង្ក​នូវ​ភាពអនាធិបតេយ្យ​នៅក្នុង​សហគ្រាស គ្រឹះស្ថាន​របស់ខ្លួន ដែល​អាច​នាំអោយ​មាន​កា​រ​បំផ្លាញ​ដល់​ការងារ​របស់​កម្មករ​ជាដើម​។​មិនតែប៉ុណ្ណោះ​ក្រុម​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា ក៏​បាន​ស្នើ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំងអស់ ជួយ​ចាត់​វិធានការ និង​ដាក់ទោស​ដល់​ជនខិលខូច ដែល​បាន​ញុះញុង​បង្ក​ឲ្យមាន​កូដកម្ម និង​បាតុកម្ម​ផងដែរ​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល ក៏​បាន​បង្ហាញ​នូវ​ការគាំទ្រ នូវ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តីពី​ការទូទាត់ ប្រាក់​បំណាច់​អតីតភាព ដោយ​ក្រសួង​សូម​ធានា​ចំពោះ​អត្ថប្រយោជន៍​ស្រប​ច្បាប់​នានា ដែល​កម្មករ​និយោជិត​មាន នៅពេល​ដែល​សហគ្រាស គ្រឹះស្ថាន​ក្ស័យធន ឬ​បិទទ្វារ ដោយ​មិន​បាន​ទូទាត់​សំណង​ជូន​៕


ព័ត៌មានផ្សេងទៀត