ឆ្នាំ​ថ្មី​៖​​លោក​​កឹម សុខា ​សុំឱ្យ​ខ្មែរ​​លុប​​បំបាត់​​ជំងឺពីរ​​យ៉ាង​​

31-12-2018 1:35 pm 2673

​ឆ្នាំ​២០១៨ កំពុងតែ​ឈានទៅ​បិទ​បញ្ចប់​ហើយ នា​ប៉ុន្មាន​ម៉ោង​ខាងមុខ​។ នាឱកាស​នេះ អតីត​មេដឹកនាំ​គណបក្សប្រឆាំង​នៅ​កម្ពុជា គឺ​លោក​កឹម សុខា បាន​ផ្ញើ​សារ​ជូនពរ​ជនរួមជាតិ​ក្នុងឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល​។ លោក កឹម សុខា សូមឱ្យ​ឆ្នាំថ្មី​នេះ នាំមក​នូវ​យុត្តិធម៌ និង សុំឱ្យ​ខ្មែរ​លប់បំបាត់​ឱ្យ​ជំងឺពីរ​យ៉ាង​។ ចំណែក​មេបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ហ៊ុន សែន ជូនពរ​សូមឲ្យ​ជនរួមជាតិ​សុខ​ចម្រើន​។​

​នៅក្នុង​ឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល ២០១៩ នេះ លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្នុងផ្ទះ បាន​យក​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់លោក ជា​វេទិកា​ជូនពរ​ជនរួមជាតិ​។​លោក​កឹម សុខា បាន​សរសេរ​សារ​ថា ​ក្នុងឱកាស​ឆ្លង​ឆ្នាំ​ចាស់ ២០១៨ ឈាន​ចូលឆ្នាំថ្មី ២០១៩​នេះ លោក​សូម​ជូនពរ​ដល់​ប្រជា​ពល​ដ្ឋ​ជុំវិញ​ពិភពលោក​ឱ្យ​ជួបប្រទះ​នូវ​សេចក្តីសុខ និង សុភមង្គល គ្រប់ៗ​គ្នា និង សូម​ជូនពរ​ជាពិសេស​ដល់​កម្ពុជា និង ប្រជាពលរដ្ឋ​ខ្មែរ ឱ្យ​ទទួលបាន​នូវ​សុខសន្តិភាព និង វឌ្ឍនភាព​តាម​គោលការណ៍​ប្រជាធិបតេយ្យ ដោយ​ចាប់ផ្តើម​ពី​ការផ្សះផ្សា​ជាតិ​ពិតប្រាកដ មិន យក​ខ្មែ​រណា​ជា​សត្រូវ​។​

សម្រាប់​លោក​កឹម សុខា លោក​សុំឱ្យ​ឆ្នាំ​ថ្មី​នេះ ​បើ​កនូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ដែល​លុបបំបាត់ឱ្យអ​ស់​នូវ​ជំងឺ​ពី​រយ៉ាង​ដែល​កំពុង​រាតត្បាត​ក្នុងសង្គម​ខ្មែរ​៖ ទី​១​គឺ ការគាបសង្កត់​ជិះជាន់ គម្រាមកំហែង ជាពិសេស​ដោយ​អំពើហិង្សា និង​ទី​២​គឺ ការ​ស្អប់​ឈ្នានីស ជាពិសេស​តាម​រូបភាព​លាប​ពណ៌ ជេរប្រមាថ និង​បង្ខូច​កេរ្តិ៍ឈ្មោះ​។ ហើយ​សូមឱ្យ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នេះ ចាប់ផ្តើម​ពី​មេដឹកនាំ​គ្រប់​និន្នាការ ដោយ​បញ្ឈប់​ការធ្វើ​នយោ​បាយ តាមបែប​អ​គុណធម៌ មិន​ថា​តាមរយៈ​ការ​គម្រាមកំហែង ឬ​ការ​មួលបង្កាច់​។

​ដោយឡែក លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន មេបក្ស​ប្រជាជន​កម្ពុជា ក៏បាន​យក​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់លោក ជា​វេទិកា​ជូនពរ​ជនរួមជាតិ​ផងដែរ​។ តាំងពី​ថ្ងៃទី​៣១​ធ្នូ​នេះ លោក ហ៊ុន សែន បាន​សរសេរ​សារ ជូនពរ​ជនរួមជាតិ​គ្រប់​ស្រទាប់វណ្ណៈ ទាំង​ក្នុង និង ក្រៅប្រទេស កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រាប់ទាំង​កងកម្លាំង​ដែល​កំពុង​បំពេញភារកិច្ច​រក្សា​សន្តិភាព​នៅ​ប្រទេស​នានា​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​ផង ឱ្យ​ជួប​ប្រទះ​​តែ​សេចក្ដីសុខ និង សេចក្ដីចម្រើន​គ្រប់ៗ​គ្នា ក្នុងឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៩​នេះ​៕

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត