លោក​Jean-Claude Juncker៖អឺរ៉ុប​​មិន​ព្យាយាម​ចាប់​អង់គ្លេស​ទុក​ទេ​

30-12-2018 3:23 pm 1287
  ស្តាប់
លោក​Jean-Claude Junckerនិងលោកស្រី​Theresa Mayអំឡុងពេលចូលរួមកិច្ចប្រជុំថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៨នៅប្រទេសបែលហ្ស៊ិក
ស្តាប់ជាសំឡេង

«​វា​ត្រូវបាន​គេ​យល់ថា សហភាព​អឺរ៉ុប​មាន​គោលបំណង ដើម្បី​រក្សា​ចក្រភព​អង់គ្លេស​ទុក​នៅក្នុង​ដៃ​សហភាព​អឺរ៉ុប ដោយ​ប្រើប្រាស់​មធ្យោបាយ​ដែល​អាច​ធ្វើទៅបាន​។ នោះ​មិនមែនជា​បំណង​របស់​យើង​ទេ​។ អ្វីដែល​យើង​ចង់បាន គឺ​ភាពច្បាស់លាស់ អំពី​ទំនាក់ទំនង​អនាគត​របស់​យើង ហើយ​យើង​គោរព​នូវ​ការធ្វើប្រជាមតិ​របស់​ច​ក្រ​ភព​អង់គ្លេស​»​។ នេះ​ជា​ការលើកឡើង​របស់លោក Jean-Claude Juncker ប្រធាន​គណៈកម្មកា​សហ​ភាព​អឺរ៉ុប នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កាសែត​អាល្លឺម៉ង់​Welt am Sonntag​។​

​លោក Juncker​ថា សហភាព​អឺរ៉ុប​បាន​ត្រៀមខ្លួន​រួចជាស្រេច នៅក្នុង​ការចាប់ផ្តើម​ចរចា កិច្ចព្រមព្រៀង​ថ្មី ពាក់ព័ន្ធ​នឹង​ការចាកចេញ​ពី​សហភាព​អឺរ៉ុប ជាមួយ​អង់គ្លេស​។ ក្រោយពេល​ដែល​សមាជិក​សភា​អង់គ្លេស អនុម័ត​កិច្ចព្រមព្រៀង​រួម​សហភាព​អឺរ៉ុប​-​អង់គ្លេស​រួចរាល់​ពេល​ណា ការចរចា​នឹង​ចាប់ផ្តើម​ភ្លាម​។ កិច្ចព្រមព្រៀង​រួម​នេះ នៅ​ទើរ​ត្រឹម​សមាជិកសភា​អង់គ្លេស​មួយចំនួន​មិនទាន់​ពេញចិត្ត ទើប​ធ្វើឲ្យ​កិច្ចព្រមព្រៀង ដែល​គ្រោង​ដាក់ឲ្យ​សភា​អនុម័ត​នៅ​ចុងឆ្នាំ​២០១៨​នេះ ត្រូវ​ពន្យារពេល​ដល់​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៩​វិញ​។ មិនទាន់មាន​ការឯកភាព​រួមគ្នា ដោយសារតែ​សមាជិកសភា​ខ្លះ​យល់ថា កិច្ចព្រមព្រៀង នៅតែ​ផ្តល់​ហានិភ័យ​ដល់​អង់គ្លេស ក្រោយ​ចាកចេញ​ពី​អឺរ៉ុប ទើប​ជំទាស់​ទាមទារ​ឲ្យធ្វើ​ប្រជាមតិ​ម្តងទៀត ប៉ុន្តែ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី​Theresa May​មិន​ព្រម​។​

​លោក Juncker​បាន​ផ្តល់យោបល់ ដល់​សមាជិកសភា​អង់គ្លេស​ថា គួរតែ​ធ្វើ​សកម្មភាព​រួមគ្នា ហើយ​និយាយប្រាប់​ត្រឡប់មកវិញ​មក​ថា អង់គ្លេស​ចង់បាន​អ្វី​ឲ្យ​ច្បាស់លាស់​ពី​សហភាព​អឺរ៉ុប​។ ចំណែកឯ​ការផ្លាស់ប្តូរ ចង់​ធ្វើ​ប្រជាមតិ​ជា​លើក​ទី​ពីរ ឬ​យ៉ាងណា គឺ​អាស្រ័យ​លើ​អង់គ្លេស​ខ្លួនឯង​ជា​អ្នកសម្រេច​។​

​គួរ​ជម្រាបជូន​ថា អង់គ្លេស​បាន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប នៅ​ឆ្នាំ​១៩៧៣​។ ៤៣​ឆ្នាំ​ក្រោយមក ពោល​នៅ​ឆ្នាំ​២០១៦ អង់គ្លេស​បានរៀបចំ​កា​រ​បោះឆ្នោត​ធ្វើ​ប្រជាមតិ ស្តីពី ការចាកចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប ( Brexit ) ដែលមាន​ចំនួន​២៨​ប្រទេស​។ តាម​គម្រោង​លោកស្រី​Theresa May កំណត់​នឹង​លែងលះ​ជាមួយ​សហភាព​អឺរ៉ុប​ឲ្យដាច់​ស្រឡះ ដើម្បី​រស់នៅ​ម្នាក់ឯង នៅ​ថ្ងៃទី​២៩​ខែ​មីនាឆ្នាំ​២០១៩​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត