ព័ត៌មាន​​ផ្ទាល់ខ្លួន​​ប្រជាជន​​រត់​ចេញ​ពី​​កូរ៉េខាងជើង​​ជិត​១​ពាន់​នាក់​​ត្រូវ​ក្រុម​​Hacker​លួច​

28-12-2018 4:07 pm 1479
  ស្តាប់
រូបភាព​នៃការ​ប្រើប្រាស់​កុំព្យូទ័រ
ស្តាប់ជាសំឡេង

​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​បានប្រកាសថា ព័ត៌មាន​ផ្ទាល់ខ្លួន​ជនជាតិ​កូរ៉េខាងជើង​ជិត​១​ពាន់​នាក់ ដែល​បាន​រត់​ភៀសខ្លួន​ចូល​ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​បែកធ្លាយ​បន្ទាប់ពី​ក្រុម​Hacker​មិន​ស្គាល់​អត្ដ​សញ្ញាណ ចូលទៅ​កាន់កាប់​មូលដ្ឋាន​ទិន្នន័យ​របស់​ទីភ្នាក់ងារ​មួយ​។ កាលពី​សប្ដាហ៍​មុន​ក្រសួង​បាន​រកឃើញ​ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត និង​អាសយដ្ឋាន​ជនជាតិ​កូរ៉េខាងជើង​រត់​ចូលទៅ​កូរ៉េខាងត្បូង ចំនួន​៩៩៧​នាក់ ត្រូវបាន​គេ​លួច​តាមរយៈ​កុំព្យូទ័រ​។ ក្រុម​Hacker​បាន​ប្រើប្រាស់​កម្មវិធី​គ្រោះថ្នាក់​មួយ វាយប្រហារ​នៅ​ទីភ្នាក់ងារ​ស្គាល់​ថា​មជ្ឈមណ្ឌល​Hana ស្ថិតក្នុង​ទីក្រុង​Gumi​ភាគខាងត្បូង​ប្រទេស​កូរ៉េខាងត្បូង​។​

​មន្ដ្រី​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា កម្មវិធី​មេរោគ​ដែល​ក្រុម​Hacker​ប្រើប្រាស់ ត្រូវបាន​ផ្ញើ​ចូល​តាមរយៈ​អ៊ីមែល​ដែលមាន​អាសយដ្ឋាន​ក្នុងស្រុក​។ គោលដៅ​របស់​ពួកគេ គឺ​ផ្ញើ​ទៅកាន់​អ៊ីមែល​របស់​ទីភ្នាក់ងារ​Hana​តែម្ដង​។ មជ្ឈមណ្ឌល​Hana​ស្ថិតក្នុង​ចំណោម​វិទ្យាស្ថាន​ចំនួន​២៥ ដែល​ក្រសួង​បង្រួបបង្រួម​កូរ៉េ​បាន​គ្រប់គ្រង ដើម្បី​ជួយ​ដល់​ប្រជាជន​កូរ៉េខាងជើង រត់​ចូល​ទឹកដី​កូរ៉េខាងត្បូង​ប្រមាណ​៣២,០០០​នាក់ ឲ្យ​ពួកគេ​សម្រប​ខ្លួន​រស់នៅ​ក្នុងប្រទេស​ប្រជាធិបតេយ្យ​មួយ​នេះ ដោយ​ផ្ដល់​ការគាំទ្រ​ផ្នែក​វេជ្ជសាស្ដ្រ​និង​ផ្នែក​ច្បាប់​។​

​ប្រជាជន​កូរ៉េខាងជើង​ដែល​រត់​ចូល​កូរ៉េខាងត្បូង ភាគច្រើន​ប្រថុយ​ជីវិត​ដើម្បី​គេច​ចេញពី​ភាពក្រីក្រ ការគាបសង្កត់​នយោបាយ ដែល​នេះ​ជា​រឿង​ដ៏​អាម៉ាស់​បំផុត​មួយ​របស់​កូរ៉េខាងជើង​។ ប៉ុន្ដែ​កូរ៉េខាងជើង​បាន​រិះគន់ថា ទីភ្នាក់ងារ​ចារកម្ម​កូរ៉េខាងត្បូង ជា​អ្នក​ចាប់ពង្រត់​ប្រជាជន​ទាំងនោះ​ទៅ​។ កូរ៉េខាងជើង​ក៏​ច្រានចោល​ទាំងអស់​រាល់​ការចោទប្រកាន់​ពី​កូរ៉េខាងត្បូង ថា​បាន​រំលោភ​សិទ្ធិមនុស្ស គាបសង្កត់​ប្រជាជន​ជាដើម​។​

​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង មិនទាន់​ហ៊ាន​ចង្អុល​ដាក់​កូរ៉េខាងជើង ថា​ជា​អ្នក​នៅ​ពីក្រោយ​ករណីនេះ​ទេ ដោយសារ​ប៉ូលិស​កំពុង​ស៊ើបអង្កេត​រក​ការពិត​។ កន្លងមក​កូរ៉េខាងជើង​ធ្លាប់​រង​ការចោទប្រកាន់ថា បាន​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត លើ​ទី​ភ្នាក់ងាររដ្ឋ​និង​វិស័យ​ជំនួញ​របស់​កូរ៉េខាងត្បូង​។ កាលពី​ឆ្នាំមុន​កូរ៉េខាងត្បូង​ចោទ​កូរ៉េខាងជើង​ថា បាន​លួច​ឯកសារ​របស់​ក្រសួង​ការពារជាតិ និង​លួច​ឯកសារ​ក្រុមហ៊ុន​ផលិត​នាវា​ផងដែរ ប៉ុន្ដែ​ត្រូវ​កូរ៉េខាងជើង​បដិសេធចោល​ទាំងអស់​។ ចំពោះ​ហេតុការណ៍​កើតឡើង​នៅពេលនេះ ស្របពេល​បងប្អូន​កូរ៉េ​ទាំងពីរ​កំពុង​ព្យាយាម​ផ្សះផ្សារ​ទំនាក់ទំនង​ឡើងវិញ​៕

ព័ត៌មានផ្សេងទៀត