ប៉ីអ ឧបករណ៍ភ្លេងចំណាស់ជាងគេនៅកម្ពុជា ដែលមានសូរសៀងប្រៀបដូចរៃយំ

28-12-2018 3:49 pm 8508
  ស្តាប់
ស្តាប់ជាសំឡេង

​ឧបករណ៍​ភ្លេង​ប៉ី​អ ឬ​ពេល​ខ្លះ​ត្រូវបាន​គេ​ហៅថា ប៉ី​បបុស ជា​ឧបករណ៍​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ។ ចាស់​បុរាណ ប្រើប្រាស់​ប៉ីអ សម្រាប់​ប្រគំ​ក្នុង​វង់ភ្លេង​អារ​ក្ខ និង​វង់ភ្លេង​ការ​បុរាណ ។ សំនៀង​ប៉ីអ លាន់​ឮ​រ៉ែ​ស្អកៗ ពីរោះ​ម្យ៉ាង ប្រៀប​ដូច​ជា​សត្វ​រៃ​យំ​ក្នុង​ព្រៃព្រឹក្សា​ដូច្នោះ​ដែរ ។ អ្នក​ផ្លុំ​ប៉ីអ ត្រូវ​ជា​អ្នក​ពូកែ​ខាង​បច្ចេកទេស​ដកដង្ហើម រក្សា​ខ្យល់​ទុក​ផ្លុំ​មិន​ឱ្យ​ដាច់​សំនៀង...

​សំឡេង​ខាងដើម ដែល​លោក​អ្នក​បាន​ស្តាប់​ឮ​នេះ គឺជា​សូរសព្ទ​នៃ​ឧបករណ៍​ប៉ី​អ ដែល​គេ​ប្រគុំ​បទ​អួ​ក ជា​បទ ដែល​គេ​ប្រគំ​ដើម្បី​កំដរ​វង់ភ្លេង​អារ​ក្ខ ។​

​បើ​តាម​សៀវភៅ​ទស្សនីយភាព​ខ្មែរ បោះពុម្ព​ឆ្នាំ ២០០៣ បានបង្ហាញ​ថា ប៉ី អ ជា​ឧបករណ៍​ប្រើ​ខ្យល់​ផ្លុំ​ដោយ​បៀម​លាំ ក្នុង​មាត់ ដែល​លាំ​នេះ គឺ​មានន័យថា ជា​អណ្តាត ។  ប៉ី អ មាន​មុខងារ​សំខាន់​ក្នុង​វង់ភ្លេង​អារ​ក្ខ និង​ក្នុង​វង់ភ្លេង​ការ​បុរាណ ។ ក្នុងពេល​ប្រគំ​រួម​ម្តងៗ ឧបករណ៍​ដទៃ​ក្នុង​វង់ភ្លេង​ទាំងពីរ​ខាងលើនេះ ត្រូវ​រឹត​តាម​សំនៀង​ប៉ី​អ ដោយ​យក​សំនៀង​ប៉ីអ​ជា​សំនៀង​កំណត់ ។​

​ប៉ី​អ មាន​វ័យ​ចំណាស់​បំផុត​នៅលើ​ទឹកដី​កម្ពុជា ។ ជាច្រើន​ដំណរ​មកហើយ រូបភាព​របស់​ប៉ីអ ពុំ​មាន​ការផ្លាស់ប្តូរ​ឡើយ ។ រូបភាព​ដើម​ដូច​ប្រើ​សព្វថ្ងៃនេះ មាន​ឃើញ​នៅ​ប្រទេស​ជប៉ុន ផ្លុំ​ប៉ោង​មាត់​ដូច​ខ្មែរ​ដែរ និង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ។​

​សំនៀង​របស់​ប៉ីអ លាន់​ឮ​រ៉ែ ស្អកស្អែ ពីរោះ​ដូចគ្នា​នឹង​សំនៀង​ធម្មជាតិ​របស់​សត្វ​រៃ​យំ​ក្នុង​ព្រៃព្រឹក្សា ។ ឧបករណ៍​នេះ ប្រើ​សំនៀង​ជាប់​ដូច​រៃ​យំ ពី​ដើម​បទ​រហូតដល់​ចប់​បទ ។ អ្នក​ផ្លុំ​ប៉ីអ ត្រូវ​ជា​អ្នក​ពូកែ​ខាង​បច្ចេកទេស​ដកដង្ហើម រក្សា​ខ្យល់​ទុក​ផ្លុំ​មិន​ឱ្យ​ដាច់​សំនៀង ។ ក្នុង​ការបិទ​បើក​រន្ធ​សំនៀង តន្ត្រីករ​ខ្លះ ប្រើ​ចុង​ម្រាមដៃ ខ្លះ​ប្រើ​គល់​ម្រាមដៃ ។​

​តួ​ប៉ីអ ធ្វើ​អំពី​ដើម​ឫស្សីឃ្លៃ ឬ​ដើម​ឫស្សី​ពីងពង់ ឬ​ប្រភេទ​ឈើ​រឹងៗ​ដូចជា ឈើ​គ្រញូង ឈើ​នាងនួន ឈើ​ខ្មៅ ។​ល​។ ដើម​ឫស្សីឃ្លៃ ឬ​ដើម​ឫស្សី​ពីងពង់ គឺជា​ប្រភេទ​ឫស្សី​ដែល​មាន​ប្រហោង​រន្ធ​តូច សាច់​ក្រាស់ ត្រូវ​នឹង​សំណុំ​ប្រហោង​របស់​ប៉ី​អ ។ គេ​យក​ត្រឹមតែ​ប្រវែង​១​សាច់​ឫស្សី គ្មាន​ជាប់​ថ្នាំង​មក​ធ្វើ​តួ​ប៉ី​អ ។ នៅលើ​តួ​ប៉ី​អ មាន​ចោះ​រន្ធ​សំនៀង​ច្រើន​ដូចជា​រន្ធ​សម្រាប់​បិទ​ក្រដាស​មាន​មួយ ខ្លះ​ហៅ​ថា​រន្ធ​ហែ​ប សម្រាប់​ឱ្យ​ប៉ីអ​មានសំនៀង​រ៉ែ ។ រន្ធ​ហែប​នេះ គេ​ចោះ​នៅ​ចំហៀង​តួ​ប៉ីអ ។ មាន​រន្ធ​៧​ទៀត នៅ​ចំ​ពីលើ​តួ គឺជា​រន្ធ​សំនៀង​ចំ ដែល​មាន​ចន្លោះ​ពីមួយ​ទៅមួយ តាម​កម្រិត​សំនៀង​របស់​ខ្លួន ។ ចំពោះ​រន្ធ​សំនៀង​នី​មួយៗ អាច​ប្រើ​បាន​តែ​សំនៀង​ចំ​មួយគត់ និង​សំនៀង​ចំហៀង​មួយទៀត​ប៉ុណ្ណោះ មិន​អាច​ប្រើ​សំនៀង​បាន​ច្រើន​ដូច​រន្ធ​ខ្លុយ​ឡើយ ។​

​ពេលខ្លះ ប៉ី​អ ត្រូវបាន​គេ​ហៅ​ឈ្មោះ​មួយទៀត គឺ ប៉ី​បបុស ព្រោះ​លាំ ឬ​អណ្តាត​របស់​វា ធ្វើ​អំពី​ដើម​បបុស ។ បើ​បាន​បបុស​ពងមាន់ គឺ​មាន​គុណភាព​ល្អ​ប្រើ​ជាប់​បាន​យូរ​រាប់​ឆ្នាំ តែ​ចំពោះ​បបុស​ស្បែក​ឆាប់​ផុយ ហើយ​រីក​ពិបាក​ផ្លុំ ។​

​លាំ សម្រាប់​ផ្លុំ​ឱ្យចេញ​សំនៀង​ធ្វើ​អំពី​ដើម​បបុស មិន​ចាស់​ពេក មិន​ខ្ចី​ពេក មាន​ប្រវែង​ក្រោម​១០ ស​.​ម ។ គេ​ចិត​គល់​លាំ ឱ្យ​មាន​រាង​ជម​ល្មម​នឹង​ស៊ក​ទៅក្នុង​ប្រហោង​តួ​ប៉ីអ​ឱ្យ​បាន​ជាប់ ។ នៅ​ខាង​ផ្លុំ គេ​កោស​ឱ្យ​ស្តើង ហើយ​យក​ទៅ​កប់​ក្នុង​ផេះ​ក្តៅ​ឱ្យ​ទន់​សាច់​បបុស រួច​គេ​គាប​នឹង​ត្បុត ដើម្បី​ឱ្យ​សំប៉ែត​ដូច​ចំពុះទា ទុក​យូរថ្ងៃ​ឱ្យ​ស្លាប់សាច់ ទើប​គេ​ដោះ​ត្បុត​ចេញ ធ្វើ​យ៉ាងនេះ ដើម្បី​កុំឱ្យ​វា​បោរ​ប៉ោង​វិញ​បាន ។ គេ​យក​លាំ ដែល​គាប​រួចហើយ ទៅ​ត្រាំ​ក្នុង​ទឹក​កំបោរ និង​ម្ជូរ​យ៉ាងយូរ ដើម្បី​កុំឱ្យ​សាច់​បបុស រីក​នៅពេលដែល​គេ​រៀប​ផ្លុំ ។ លាំ​ណា​ដែល​មាន​ចុង​អណ្តាត​ដាប​ជាប់​គ្នា គេ​ត្រូវ​គាប​ពី​ទោល​អណ្តាត​មកវិញ ដោយ​ឃ្នាប​មួយ​តូច​ឱ្យ​ប្រហោង​ហើប​បន្តិច ដើម្បី​សម្រួល​ដល់​សំនៀង ។ លាំ​ណា​ដែល​មាន​ប្រហោង​អណ្តាត​ហើប​ហើយ ក៏​គេ​ត្រូវ​ប្រើ​ឃ្នាប​តូចៗ​២​ឬ​៣ ឬ​ហៅ​ថា​ស្នា​ប់ ធ្វើ​អំពី​បន្ទះ​ផ្តៅ​តូច​ស្តើង​ដែរ ដើម្បី​សម្រួល​ដល់​ប្រហោង​អណ្តាត​តម្រូវ​តាម​សំនៀង​ត្រូវការ ។​

​តាម​ធម្មតា ប៉ី អ នៅ​តាម​ក្រុម​ភ្លេង​នីមួយៗ ក្នុងប្រទេស​កម្ពុជា មាន​កម្ពស់​សំនៀង​មិន​ស្មើគ្នា​សុទ្ធសាធ​នោះ​ទេ គឺ​អាស្រ័យ​មក​ពី​លើ​ទំហំ​ប្រវែង ប្រហោង​សំនៀង​មិន​ស្មើគ្នា ទៅតាម​សំណុំ​លក្ខណៈ​ឫស្សី ដែល​យក​មក​ធ្វើជា​តួ​ប៉ី អ នោះ ។ តន្ត្រីករ​ដែលជា​អ្នក​ធ្វើ​ប៉ី​អ តាំង​ពី​បុរម​បុរាណ​មក នៅតែ​គោរព​ក្បួនខ្នាត​ចោះ​រន្ធ​សំនៀង​តាមបែប​បុរាណ​ដាច់ខាត​មិន​លំអៀង​ឡើយ ដោយ​យក​ខ្នាត​ជា​របៀបកា​ច់ប​ត់​ជា​ផ្នត់​មក​ចោះ​រន្ធ ។ គេ​យក​ខ្សែ​ដែល​មាន​ប្រវែង​ស្មើនឹង​ប្រវែង​តួ​ប៉ី​អ មក​បត់​ជា​១១​ផ្នត់​ស្មើៗ​គ្នា រួច​គេ​ចាប់​លា​ផ្នត់​ទាំងនោះ ដាក់​លើ​តួ​ប៉ី​អ ដើម្បី​វា​ស់រក​ចំណុច​រន្ធ​សំនៀង​នី​មួយៗ ។ 

​ប្រវែង​៣​ផ្នត់​នៃ​ចុង​តួ​ប៉ីអ គេ​អាច​កាត់​ចុង​ចោល​ខ្លះ ដើម្បី​ជួយ​តម្រូវ​សំនៀងរ​ន្ធទី​៧ ប្រសិនបើ​សំនៀង​នៃ​រន្ធ​នេះ ទាប​ពេក​ដោយ​មូលហេតុ​ប្រហោង​ឫស្សី​មិនល្អ ។ ចំណែក​រន្ធ​ហែប ឬ​រន្ធ​បិទ​ក្រដាស នៅ​ទន្ទឹម​រន្ធ​ទី​១ ពី​ចំហៀង រីឯ​រន្ធ​ចំហៀង ឬ​រន្ធ​មានសំនៀង​ចំហៀង នៅ​ចំ​ពាក់កណ្តាល​រន្ធ​ទី​១ និង​រន្ធ​ទី​២ ផ្នែក​ខាងក្រោម ៕

 ពាក្យគន្លឹះ  បទយកការណ៍ឧបករណ៍ប៉ីអ

ព័ត៌មានផ្សេងទៀត