លោក​នេត សាវឿន​​ស្នើឱ្យ​រាជធានី​ខេត្ត​​ផ្ដល់​របាយការណ៍​​លុបបំបាត់​ប៉ុស្តិ៍​អនាធិបតេយ្យ​​

28-12-2018 12:43 pm 1215
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានស្នើ​ប្រធាន​គណៈ​ការឯកភាព​រដ្ឋបាល​រាជធានី​-​ខេត្ត និង​ជា​សមាជិក​គណៈបញ្ជាការ​ដឹកនាំ​ត្រួតពិនិត្យ និង​លុបបំបាត់​ការដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ ឱ្យបញ្ជូន​របាយការណ៍​ស្តីពី​ដំណើរការ និង​លទ្ធផល​ការងារ​លុបបំបាត់​ការដាក់​ប៉ុស្តិ៍​អនាធិបតេយ្យ ក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​រា​ជ​ធានី ខេត្ត ឲ្យបាន​មុន​ថ្ងៃ​១០ ខែ​មករា ឆ្នាំ​ក្រោយនេះ​។

​លេខាធិការដ្ឋាន នៃ​គណៈបញ្ជាការ​ដឹកនាំ​ត្រួតពិនិត្យ និង​លុបបំបាត់​ការដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​តាម​ផ្លូវគោក និង​ផ្លូវទឹក បានចេញ​លិខិត​មួយ​ស្នើ​ប្រធាន​គណៈ​ការឯកភាព​រដ្ឋបាល​រាជធានី ខេត្ត និង​ជា​សមាជិក​គណៈបញ្ជាការ​ដឹកនាំ​ត្រួតពិនិត្យ និង​លុបបំបាត់​ការដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ ឱ្យបញ្ជូន​របាយការណ៍​ស្តីពី​ដំណើរការ និង​លទ្ធផល​ការងារ​លុបបំបាត់​ការដាក់​ប៉ុស្តិ៍​អនាធិបតេយ្យ ក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​រា​ជ​ធានី ខេត្ត ឲ្យបាន​មុន​ថ្ងៃ​១០ ខែ​មករា ឆ្នាំ​២០១៩​។ 

​នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ដែលមាន​ការចុះហត្ថលេខា​ដោយ​លោក​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈបញ្ជាការ​ដឹកនាំ​ត្រួតពិនិត្យ និង​លុបបំបាត់​ការដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​តាម​ផ្លូវគោក និង​ផ្លូវទឹក បាន​បញ្ជាក់ថា ការស្នើ​បែបនេះ គឺ​ដើម្បី​មាន​មូលដ្ឋាន​បូកសរុប វាយតម្លៃ រាយការណ៍​ជូន​រាជរដ្ឋាភិបាល អំពី​វឌ្ឍនភាព នៃ​ការលុបបំបាត់​ការដាក់​ប៉ុស្តិ៍​អ​នា​ធិបតេ​យ្យឆ្នាំ២០១៨ និង​លើក​ទិសដៅ​បន្ត​អនុវត្ត​ឆ្នាំ​២០១៩​។​

​គួរ​បញ្ជាក់ថា ក្រសួងមហាផ្ទៃ បញ្ជា​ឱ្យ​រដ្ឋបាល​រាជធានី​ខេត្ត​ទាំងអស់ លុបបំបាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ នៅ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​បន្ទាប់ពី​ក្រសួង​រកឃើញថា​ការ​ដាក់ពង្រាយ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ផ្លូវគោក ផ្លូវទឹក ដែល​សម្រេច​អនុញ្ញាត​ដោយ​អាជ្ញាធរ​រដ្ឋបាល​រាជធានី​-​ខេត្ត បាន​បង្កើតឱ្យមាន​ការ​ត្រួតពិនិត្យ​ច្រើន​ទីតាំង មាន​សមត្ថកិច្ច​ច្រើន​មុខជំនាញ ជា​កត្តា​នាំឱ្យ​កើតមាន​បញ្ហា​ប្រឈម ប៉ះពាល់​ដល់​សិទ្ធិសេរីភាព ផលប្រយោជន៍ និង​សតិអារម្មណ៍​ប្រជាពលរដ្ឋ​។ នេះ​បើតាម​សេចក្តីណែនាំ ស្តីពី ការលុបបំបាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ផ្ទៃក្នុង​ប្រទេស ចុះ​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៨ ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង​។​

​ការលុបបំបាត់​ការដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​តាម​ផ្លូវគោក និង​ផ្លូវទឹក​នេះ ត្រូវបាន​ក្រសួង​បញ្ជាក់ថា ក្នុង​គោលបំណង​ជម្រុញ​អនុវត្ត​ឱ្យបាន​សម្រេច​នូវ​គោលនយោបាយ និង​កា​ប្តេជ្ញាចិត្ត​ដ៏​មុះមុត របស់​រាជរដ្ឋាភិបាល ក្នុង​ការផ្តល់សេវា​បម្រើ ក៏ដូចជា​ការ​បង្កលក្ខណៈ​សម្បត្តិ​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​៕


ព័ត៌មានផ្សេងទៀត