រដ្ឋាភិបាល​ពិនិត្យ​លទ្ធភាព​បញ្ចុះ​ថ្លៃ​ទឹក​ស្អាត សម្រាប់​ឆ្នាំ​២០១៩ -២០២៣

28-12-2018 12:06 pm 1241
  ស្តាប់
ស្តាប់ជាសំឡេង

​ស្របគ្នា​នឹង​ការបញ្ចុះ​ថ្លៃ​អគ្គិសនី​, ដើម្បី​ជួយ​សម្រួល​ការលំបាក និង​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ ឱ្យ ប្រសើរឡើង​, រាជរដ្ឋាភិបាល​បាន​ខិតខំ​យកចិត្តទុកដាក់​បន្ថែម ទៅ​ក្នុង​ការ​ពិនិត្យ​លទ្ធភាព​បញ្ចុះ​ថ្លៃ លក់​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ ។​នេះ​បើ​តាម​ការលើកឡើង​របស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨​។ 

​ក្នុង​កិច្ចប្រជុំ​លោក អូន ព័ន្ធមុនីរ័ត្ន​បាន​ដឹកនាំ​ពិភាក្សា ពិនិត្យ​លទ្ធភាព​បញ្ចុះ​ថ្លៃ​លក់​ទឹកស្អាត រៀបចំ​គោលការណ៍​កំណត់​ថ្លៃ​លក់​ទឹកស្អាត​តាម​បំពង់ របស់​សហគ្រាស​រដ្ឋ និង​ឯកជន​។ ពិនិត្យ​លទ្ធភាព​នៃ​ការផ្តល់ជូន​ទឹកស្អាត តាម​កម្មវិធី និង​គោលនយោបាយ​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទីក្រុង ទីប្រជុំជន ឱ្យបាន​៩០% នៅ​ឆ្នាំ​២០២៣ និង​១០០% នៅ​ត្រឹម​ឆ្នាំ​២០២៥ ដោយ​ឈរ​លើ​បុរេ​លក្ខខណ្ឌ​បួន គឺ​៖ ទឹក​ត្រូវ មាន​គុណ​, សុវត្ថិភាព​, និរន្ត​ភាព និង តម្លៃ​សមរម្យ ។​

​ចំណែក​ការតភ្ជាប់ និង​ការបញ្ជូន​ទឹកស្អាត​ទៅ​តំបន់​ឆ្ងាយៗ នៅ​ជួប​ការលំបាក​ច្រើន​ដែល​ទាមទារ​ទុន វិនិយោគ​បន្ថែម​ក្នុង​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​។ បច្ចុប្បន្ន​, ភាពខុស​គ្នា​នៃ​ការកំណត់ថ្លៃ​លក់​ទឹកស្អាត ត្រូវបាន កំណត់​តាម​មូលដ្ឋាន​ជាក់ស្តែង​នី​មួយៗ ដោយ​ត្រូវ​រាប់​បញ្ចូល​នូវ​កត្តា​ស្ថានភាព​ភូមិសាស្ត្រ​, គុណភាព ប្រភពទឹក​ឆៅ​, ស្ថានភាព​ជីវភាព​ប្រជាជន​, ស្ថានភាព​ពលកម្ម និង​កម្រិត​យល់ដឹង​អំពី​ប្រសិទ្ធភាព សំអាត​ទឹក​របស់​ប្រតិបត្តិ​ករនី​មួយៗ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ថ្លៃ​ទឹកស្អាត​នេះ​, អង្គប្រជុំ​បាន​ពិភាក្សា គិតគូរ​ថ្លឹងថ្លែង​គ្រប់​ទិដ្ឋភាព ក្នុង​គោលបំណង​ធ្វើ​យ៉ាង​ឱ្យ​ពលរដ្ឋ​ទាំងអស់ ពិសេស​ពលរដ្ឋ​ដែលមាន​ជីវភាព​កម្រិត​មធ្យម និង​ទាប ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​ក្នុង​តម្លៃ​មួយ សមរម្យ​អាច​ទទួលយកបាន តាមរយៈ​ការ​រិះរក​វិធានការ​កាត់បន្ថយ​ចំណាយ​ថ្លៃដើម​នៃ​ការផលិត និង​ផ្គត់ផ្គង់​ទឹកស្អាត​របស់​ប្រតិបត្តិ​ករ​ទឹកស្អាត​ទាំងអស់ ទាំង​សហគ្រាស​សាធារណៈ និង​ឯកជន ។​

​គួរបញ្ជាក់​ថា បច្ចុប្បន្ន​វិស័យ​ផលិត និង​ផ្គត់ផ្គង់​ទឹកស្អាត ត្រូវ​បាន​ដំណើរការ​និង​គ្រប់គ្រង​ដោយ​សហគ្រាស​សាធារណៈ និង​ឯកជន សរុប​ចំនួន​២៦៩ ក្នុងនោះ​អង្គភាព​រដ្ឋាករទឹក​សាធារណៈ​មាន​១៣ (​ថ្នាក់​ខេត្ត​-​ក្រុង មាន​១១ និង​ថ្នាក់​ស្រុក​មាន​២) និង​ប្រតិបត្តិ​ករ​ឯកជន​មាន ២៥៦ (​ថ្នាក់​ខេត្ត​-​ក្រុង មាន​១៤ និង​ទី ប្រជុំជន ២៤២) ៕

 

ព័ត៌មានផ្សេងទៀត