ជប៉ុន​ផ្តល់​​ជិត​៧០​ម៉ឺន​​ដុល្លារ ​ដល់​អង្គការ​ក្រៅរដ្ឋាភិបាល​​ពីរ​​នៅ​កម្ពុជា​

28-12-2018 10:11 am 1000
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រោម​គម្រោង​ជំនួយឥតសំណង​សម្រាប់​សន្តិសុខ​មនុស្សជាតិ​ថ្នាក់មូលដ្ឋាន​«​គូ​សាណូ​ណិ​» រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់ជំនួយ​ថវិកា​ចំនួន ៦៩២.៥២២​ដុលារ​អាមេរិក សម្រាប់​គម្រោង​អភិវឌ្ឍន៍​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​ចំនួន​ពីរ​នៅ​កម្ពុជា​។ កិច្ចសន្យា​ផ្តល់ជំនួយ​នេះ បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៧ ធ្នូ នៅ​ស្ថាន ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។ 

​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក​ហូ​រីណូ​អ៊ុជិ ហ៊ី​ដេ​ហ៊ីសា បាន​ថ្លែងថា គម្រោង​ទីមួយ​សម្រាប់​អង្គការ Heart of Gold រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ ៣៩៦.០០០​ដុល្លារ​អាមេរិក សម្រាប់​ការកែទម្រង់​កម្មវិធីសិក្សា បណ្តុះបណ្តាល​ធនធានមនុស្ស ថែរក្សា​អគារ ព្រមទាំង​ដើម្បីឱ្យ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ក្លាយជា​វិទ្យាស្ថាន​គរុកោសល្យ​៤​ឆ្នាំ ក្នុង​មុខវិជ្ជា​អប់រំ​កាយ​។ ឯ​គម្រោង​ទី​ពីរ​សម្រាប់​អង្គការ FIDR រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ ២៩៧.០០០​ដុល្លារ​អាមេរិក សម្រាប់​ការលើកកម្ពស់ ផលិតភាព​នៃ​ការដាំដុះ​ស្រូវ ការធ្វើ​ពិពិធ​កម្ម​នៃ​កសិកម្ម ការកែលម្អ​ចំណីអាហារ ការបង្កើត បណ្តាញ​នៃ​ប្រជាជន ដែល​រស់នៅក្នុង​តំបន់ និង​ការពង្រឹង​សហប្រតិបត្តិការ​ក្នុង​វិស័យ កសិកម្ម​នៅ​ក្នុងស្រុក​បី នៃ​ខេត្តកំពង់ឆ្នាំង​។​

​លោកស្រី MINAMI Yumiko នាយិកា​អង្គការ FIDR ឲ្យដឹងថា គម្រោង​នេះ នឹង​ជួយ​ដល់​កសិករ​ចំនួន ៤៨.០០០​នាក់ ដែល​រស់នៅក្នុង​ឃុំ​គោលដៅ​របស់ គម្រោង​ទាំង​៩ និង​ភូមិ​ចំនួន​៦៣ ក្នុង​ខេត្តកំពង់ឆ្នាំង​។​លោកស្រី​ប្តេជ្ញា​ថា នឹង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​ទាំងនេះ ដើម្បី​សម្រេច​ឱ្យបាន​នូវ​សមិទ្ធផល និង​ផ្តល់​ជា​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​សហគមន៍​។​

​លោកស្រី​បន្តថា តាំងពី​គម្រោង​នេះ​បាន ចាប់ផ្តើម​មក ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​បាន​ផ្តល់នូវ​ជំនួយឥតសំណង​ទៅដល់​ថ្នាក់មូលដ្ឋាន ជាង​៥៨០​គម្រោង​។ គម្រោង​នេះ ប្រើ​ក្នុង​គោលដៅ ការអប់រំ​កម្រិត​មូលដ្ឋាន , សុខាភិបាល និង​ការថែទាំ​វេជ្ជសាស្ត្រ , កសិកម្ម និង​ប្រព័ន្ធ​ធា​រាស្ត្រ , ការកែលម្អ​ស្ពាន និង​ផ្លូវថ្នល់ , ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​, ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សុខុមាលភាព​សង្គម​។​

​តាម​ឯកសារ របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បានឱ្យដឹងថា គម្រោង​ជំនួយឥតសំណង​គូ​សាណូ​ណិ របស់ រដ្ឋាភិបាល​ជប៉ុន​បាន​បង្កើតឡើង​នៅ​ប្រទេស​កម្ពុជា​ក្នុង​តាំងពី ឆ្នាំ​១៩៩១ មកម្ល៉េះ​៕

 ពាក្យគន្លឹះ  ជំនួយជប៉ុន

ព័ត៌មានផ្សេងទៀត