លោក​ទៀ បាញ់​៖​កាំជ្រួច3Dនឹង​ត្រូវ​យក​មក​អុជ​នៅ​ថ្ងៃ​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​និង​ឆ្លង​ឆ្នាំ​សកល​

27-12-2018 5:04 pm 1569
  ស្តាប់
ស្តាប់ជាសំឡេង

​កាំជ្រួច​ប្រភេទ​ស្រ៊ី​ឌី​(3D)​ដែល​មាន​រូបភាព​ប្លែកៗ បង្ហាញ​ពី​សុខសន្តិភាព និង​ការអភិវឌ្ឍ ក្រោម​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ត្រូវ​យកមក​ប្រើប្រាស់​នៅក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ និង​ពិធី​ឆ្លង​ឆ្នាំ​សាកល រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​។​នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការរៀបចំ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​។​

​កាំជ្រួច​ស្រ៊ី​ឌី​(3D)​នឹង​ត្រូវ​អុជ​នៅវេលា​ម៉ោង ៧:០០​នាទី​យប់ (​រយៈពេល ៤៥​នាទី​)​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ និង​អុជ​រយៈពេល ៣០​នាទី នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ហើយ​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​២០១៨ ឈានចូល ២០១៩ នៅវេលា​ម៉ោង​១២:០០​នាទី​យប់ នឹង​អុជ​រយៈពេល​ពេញ​មួយ​ម៉ោង​។​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នោះដែរ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​នឹង​អញ្ជើញ ចូលរួម​ពិធី​ឆ្លង​ឆ្នាំ​ផងដែរ​។​

​បើតាម​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​បញ្ជាក់​បន្ថែម​ដែរ​ថា ទន្ទឹម​នឹង​ការអុជ​កាំជ្រួច​ស្រ៊ី​ឌី​(3D)​នា​ពេល​រាត្រី​ទាំង​៣​ថ្ងៃនេះ ក៏​មាន​ការសម្តែង​សិល្បៈ​បុរាណ និង​សម័យ​ដែល​មាន​ការចូលរួម​ពី​កំពូល តារា​ចម្រៀង​ល្បីៗ​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​បង្ក​លក្ខណៈ​សប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​លេង​កម្សាន្ត​ថែមទៀត​ផង​។ 

​គូស​បញ្ជាក់ដែរថា វិមាន​ឈ្នះ​ឈ្នះ​នឹង​ដាក់​សម្ពោធ​រួមគ្នា ជាមួយនឹង​ពិធី​រំលឹក​ខួប ២០​ឆ្នាំ​នៃ​ការអនុវត្ត​គោលនយោបាយ​ឈ្នះ​ឈ្នះ​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០១៨ ។​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​យក​គំរូ​តាម​ប្រាង្គ​ប្រាសាទ​នានា​នេះ គឺ​កសាង​ឡើង​ដើម្បី​ទុក​ជា​មរតក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ បានដឹង​ពី​ស្នាដៃ​បស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​បង្រួបបង្រួម​ជាតិ និង​បាន​បញ្ចប់​សង្គ្រាម​ដោយ​ជោគជ័យ​៕

 ពាក្យគន្លឹះ  វិមានឈ្នះ ឈ្នះ

ព័ត៌មានផ្សេងទៀត