រដ្ឋាភិបាល​ស្នើឲ្យ​កូរ៉េ កៀរគរ​អ្នកវិនិយោគ​មក​កម្ពុជា​ឲ្យបាន​ច្រើន​

26-12-2018 5:54 pm 712
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រធានស្តីទី​គណៈកម្មកា​រ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​លោកស្រី​គ្រួច សំអាន ថ្មីៗ​នេះ​បានស្នើ​ដល់​គណៈប្រតិភូ នៃ​សាធារណរដ្ឋ​កូរ៉េ លោក​ជូ វ៉ាង​ឌឿ​ក (JooKwang-deok) សមាជិក​រដ្ឋសភា​កូរ៉េ​ឲ្យជួយ​កៀរគរ​អ្នកវិនិយោគ​ទុន​សាធារណរដ្ឋ​កូរ៉េ មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​ឲ្យបាន​ច្រើន​។​

លោកស្រី​គ្រួច សំអាន​ប្រធានស្តីទី​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​បានស្នើ​ដល់​គណៈប្រតិភូ​គណៈកម្មាធិការ​នីតិកម្ម និង​យុត្តិធម៌ នៃ​សភា​សាធារណរដ្ឋ​កូរ៉េ ដឹកនាំ​ដោយ​លោក​ជូ វ៉ាង​ឌឿ​ក (JooKwang-deok) សមាជិក​រដ្ឋសភា​កូរ៉េ ជួយ​កៀរគរ​អ្នកវិនិយោគទុន​សាធារណ​រដ្ឋ​កូរ៉េ មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​ឲ្យបាន​ច្រើន​។

​សំណើ​នេះ​បានលើកឡើង​ក្នុងឱកាស​ដែល​លោកស្រី បាន​ជួបពិភាក្សា​ជាមួយ​គណៈប្រតិភូ​សភា​សា​ធា​រណ​រដ្ឋ​កូរ៉េ នៅ​រសៀល​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​លើ​ការងារ​នីតិកម្ម​។​

យ៉ាងណាក៏ដោយ ក្រោយ​ការលើកឡើង សំណើ​នេះ​មិនទាន់មាន​ការឆ្លើយតប​យ៉ាងណា​ពី​សំណាក់​គណៈប្រតិភូ នៃ​សាធារណរដ្ឋ​កូរ៉េ​នៅឡើយ​ទេ​។​

សូមបញ្ជាក់ថា គិត​មក​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៨ យោងតាម​របាយការណ៍​របស់​ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរបាន​កើនឡើង​រហូតដល់ 900​លាន​ដុល្លារ​អាមេរិក​​។

ចំណែក​របាយការណ៍រ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​វិញ បានឱ្យដឹងថា​អ្នកវិនិយោគ​សាធារណរដ្ឋ​កូរ៉េ​នៅ​កម្ពុជា បាន​ឈរ​នៅ​លំដាប់​ទី​5 ដែល​ទំហំ​វិនិយោគ​នេះ​បានបង្ហាញ​អំពី​ភាព​កាន់តែ​ជឿជាក់​ទៅលើ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ពី​សំណាក់​អ្នក​វិនិយោគ​សាធារណរដ្ឋ​កូរ៉េ​។​ហើយ​ក្រុមហ៊ុន​កូរ៉េ​ភាគច្រើន​ធ្វើ​ការវិនិយោគ ទៅលើ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ហិរញ្ញវត្ថុ អចលនទ្រព្យ សំណង់ និង​វិស័យ​កសិកម្ម​ជាដើម​៕​

ដោយ​៖ ប៉ា សុ​ខេង​

ព័ត៌មានផ្សេងទៀត