ឥណ្ឌូនេស៊ី​​ព្រមាន​​ម្ដងទៀត​​ឲ្យ​ប្រជាជន​​ប្រយ័ត្ន​​ព្រោះ​​រលក​ស៊ូណាមិ​​អាច​កើតឡើង​​ជាថ្មី​

26-12-2018 3:36 pm 1353
  ស្តាប់
​ភ្នំភ្លើង​​កំពុង​មានចលនាខ្លាំង អាចបង្កឲ្យ​មានរលកស៊ូណាមិ​ជាថ្មី
ស្តាប់ជាសំឡេង

​អាជ្ញាធរ​ឥណ្ឌូនេស៊ី​បានចេញ​ការព្រមាន​នៅ​ថ្ងៃទី​២៦​ធ្នូ​នេះ​ថា អាកាសធាតុ​ដែល​ប្រែប្រួល​ខ្លាំង និង​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់​នៅ​តំបន់​ជុំវិញ​ភ្នំភ្លើង​Anak Krakatoa អាច​នឹង​បង្ក​ហានិភ័យ​ជាថ្មី ដូច្នេះ​ប្រជាជន​ត្រូវ​ស្ថិតនៅឲ្យ​ឆ្ងាយ​ពី​តំបន់ ដែល​រងគ្រោះ​ដោយសារ​រលក​ស៊ូណាមិ​កន្លងមក​។ រលក​ស៊ូណាមិ​ដែល​វាយប្រហារ​ឆ្នេរសមុទ្រ​កោះ​ស៊ូ​ម៉ា​ត្រា​និង​កោះ​ជ្វា​កាលពី​យប់​ថ្ងៃទី​២២​ធ្នូ បណ្ដាលឲ្យ​មនុស្ស​ស្លាប់​កើន​ដល់​ជាង​៤០០​នាក់ របួស​ជាង​១​ពាន់​នាក់ និង​បាត់​ខ្លួន​ជាង​១០០​នាក់​។​

​ទីភ្នាក់ងារ​ឧតុនិយម​ឥណ្ឌូនេស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​២៥​ធ្នូ​ថា អាកាសធាតុ​ប្រែប្រួល​នៅ​តំបន់​ក្បែរ​ភ្នំភ្លើង អាចធ្វើឲ្យរ​ណ្ដៅ​កាន់តែ​ផុយស្រួយ​បាក់ចូល​សមុទ្រ ជាហេតុ​បណ្ដាលឲ្យ​រលក​សមុទ្រ​កើនឡើង​ខ្ពស់​។ ទីភ្នាក់ងារ​បាននិងកំពុង​តាមដាន​យ៉ាង​យកចិត្ដទុកដាក់ ជាពិសេស​ផ្ដោតលើ​ការរញ្ជួយ​នៅ​ភ្នំភ្លើង​Anak Krakatoa​តែម្ដង ដូច្នេះ​អាច​ដឹង​មុន​ពី​គ្រោះមហន្ដរាយ​ដែល​នឹង​កើតឡើង​បន្ដទៀត ដើម្បី​ប្រកាស​អាសន្នឲ្យ​ប្រជាជន​ជម្លៀស​ខ្លួន​ទាន់ពេលវេលា​។​

​ក្រុម​ជួយសង្គ្រោះ​នៅ​ថ្ងៃទី​២៦​ធ្នូ​នេះដែរ កំពុង​បន្ដ​ស្វែងរក​អ្នក​បាត់​ខ្លួន​ដែល​រំពឹងថា​នៅ​មានជីវិត​។ ពួកគេ​បាន​ប្រើប្រាស់​យន្ដហោះ​គ្មាន​មនុស្ស​បើក និង​សុនខ​ហិតក្លិន​ជំនួយ​ក្នុង​ប្រតិ​បត្ដិកា​រ​។ ពួកគេ​ក៏បាន​ព្យាយាម​ចូលទៅ​ក្នុងភូមិ​មួយចំនួន ដែល​ផ្លូវ​ចូលទៅ​ទីនោះ​រង​ការបំផ្លិចបំផ្លាញ​។ ប្រជាជន​រាប់ពាន់នាក់​កំពុងស្នាក់នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន ដូចជា​នៅក្នុង​តង់ អគារ​សាលារៀន ព្រះវិហារ​ជាដើម រង់ចាំ​ការផ្ដល់​ជំនួយ​សង្គ្រោះ​ជីវិត​។​

​ជាមួយគ្នា​នោះ ក៏មាន​ការព្រួយបារម្ភ​អំពី​វិបត្តិ​សុខភាព​សាធារណៈ នៅពេលដែល​ចំនួន​អ្នកស្លាប់​និង​របួស​កើនឡើង​កាន់តែច្រើន​។ អ្នក​នៅ​រស់រាន​ក្រោយ​រលក​យក្ស​វាយប្រហារ មួយចំនួន​បាន​ធ្លាក់ខ្លួន​ឈឺ ជាពិសេស​ក្មេងៗ​ដែលជា​ជន​ងាយ​រងគ្រោះ បាន​ក្តៅខ្លួន​និង​ឈឺក្បាល ហើយ​ពុំមាន​ទឹកស្អាត​សម្រាប់​បរិភោគ​គ្រប់គ្រាន់​។ បុគ្គលិក​ផ្នែក​មនុស្សធម៌​ព្រមាន​ថា ទឹកស្អាត​និង​ថ្នាំសង្កូវ​សម្រាប់​ព្យាបាល​ជំងឺ​បាន​ថយចុះ និង​សង្កត់ធ្ងន់ថា អ្វីដែល​ពួកគេ​ត្រូវការ​នាពេលនេះ គឺ​អាហារ និង​ជម្រក​។​

​សូម​រម្លឹកថា ដោយសារតែ​ប្រទេស​ឥណ្ឌូនេស៊ី ស្ថិតនៅ​ចំ​ខ្សែក្រវាត់​បន្ទុះ​ភ្នំភ្លើង​និង​រញ្ជួយ​ដី ជាហេតុ​ធ្វើឲ្យ​ប្រទេស​ដែនកោះ​មួយនេះ តែងតែ​រងគ្រោះ​ជា​ញឹកញាប់​។ ដោយ​មើលឃើញ​ពី​ការខូចខាត​កើតឡើង​ឆាប់រហ័ស​គ្មាន​វិធានការ​ទប់ទល់ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បានប្រកាសឲ្យ​ទីភ្នាក់ងារ​ឧតុនិយម ពិចារណា​ទិញ​ប្រព័ន្ធ​តាមដាន​រលក​ស៊ូណាមិ សម្រាប់​តាមដាន​និង​ប្រកាសអាសន្ន​មុន​គ្រោះថ្នាក់​មកដល់​៕

ព័ត៌មានផ្សេងទៀត