ក្រសួងការបរទេស​​លី​ប៊ី​​រង​ការវាយប្រហារ​​ដោយ​បំផ្ទុះ​គ្រាប់បែក​​ស្លាប់​និង​របួស​​ជាង​២០​នាក់​

26-12-2018 10:32 am 1312
រូបភាពផ្សែង​ហុយចេញ​ពីក្រសួងការបរទេសលីប៊ី​ដែលរងការវាយប្រហារ

​ក្រសួងការបរទេស​លី​ប៊ី​ស្ថិតនៅក្នុង​រដ្ឋធានី​ទ្រី​ប៉ូ​លី បាន​រង​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​កាលពី​ថ្ងៃ​អង្គារ សម្លាប់​មនុស្ស​យ៉ាងហោចណាស់​៣​នាក់​និង​របួស​ជាង​២០​នាក់​។ ការវាយប្រហារ​នេះ ត្រូវបាន​ក្រុម​រដ្ឋ​អ៊ីស្លាម​ចេញមុខ​ទទួលខុសត្រូវ​។ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​។ ក្នុងចំណោម​អ្នកស្លាប់ ក៏មាន​មន្ដ្រីជាន់ខ្ពស់​ក្រសួងការបរទេស​ផងដែរ​។​

​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ដ​មួយ បាន​កើតឡើង​នៅ​ជិត​ក្រសួង ធ្វើឲ្យ​កងកម្លាំង​សន្ដិសុខ​នៅ​ក្រសួងការបរទេ​ស​នាំគ្នា​សម្រុក​ទៅ​កន្លែងកើតហេតុ​។ ភ្លាមៗ​ជន​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​ម្នាក់ បាន​បំផ្ទុះ​នៅ​ជា​ន់ទី​ពីរ​នៃ​អគារ​ក្រសួងការបរទេស ខណៈ​ជន​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​ទី​ពីរ ក៏បាន​ធ្វើ​សកម្មភាព​បន្ថែមទៀត​។ ចំណែក​ជន​ទី​បី​គ្មាន​អាវុធ​ទេ ប៉ុន្ដែ​មាន​ពាក់អាវ​ការពារ​គ្រាប់ ត្រូវ​បានសម្លាប់​ដោយ​កងកម្លាំង​សន្ដិសុខ​នៅ​ខាងក្រៅ​។ សូម​រម្លឹកថា ប្រទេស​លី​ប៊ី​ធ្លាប់រង​ការវាយប្រហា​រដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ជាច្រើនលើក​មកហើយ បណ្ដាលឲ្យ​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​នាក់​៕

ព័ត៌មានផ្សេងទៀត