បើគិតក្នុងរយៈពេលមួយឆ្នាំ២០១៨ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀតនឹងត្រូវឆ្លងផុតហើយនោះ យើងសង្កេតឃើញថា ស្ថានការណ៍នៅលើឧបទ្វីបកូរ៉េពិតជាប្រែប្រួលមិននឹកស្មានដល់។ ជាការផ្លាស់ប្ដូរដែលប្រជាជននៅលើឧបទ្វីបកូរ៉េ រួមទាំងពិភពលោកទាំងមូលស្វាគមន៍យ៉ាងខ្លាំង។ ដ្បិតមានការប៉ះទង្គិចដោយពាក្យសម្ដីខ្លះ ប៉ុន្ដែគ្មានការគំរាមកំហែងដោយមីស៊ីលកូរ៉េខាងជើងឡើយ អាចនិយាយបានថា ជាពេលវេលាស្ងប់សុខពេញមួយឆ្នាំសម្រាប់ដែនដីកូរ៉េ។ តើមានរឿងសំខាន់ៗអ្វីខ្លះ បានកើតឡើងនៅលើឧបទ្វីបកូរ៉េ?
ជាបន្ដសូមស្ដាប់សេចក្ដីរាយការណ៍ពីពេញ ផេង នៅក្នុងនាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិដូចតទៅ៖
សំឡេង៖
និយាយពីមេដឹកនាំវ័យក្មេងកូរ៉េខាងជើងលោកគីម ជុងអ៊ុន កាលពីដើមឆ្នាំ២០១៨ ក្នុងឱកាសផ្ញើសារជូនពរប្រជាជន លោកបានឆ្លៀតបង្ហាញជំហរចង់ងាកទៅរកការចរចា ជាមួយកូរ៉េខាងត្បូងនិងអាមេរិកដែលជាគូសត្រូវ។ ការបោះដៃងាកទៅរកការចរចា បន្ទាប់ពីបានប្រឈមមុខគ្នាខ្លាំងក្នុងឆ្នាំ២០១៧ ស្ទើរតែផ្ទុះអាវុធ។ យ៉ាងណាមិញអាចនិយាយបាន ជាភាពវៃឆ្លាតមួយរបស់លោកគីម ជុងអ៊ុន ឬក៏ប្រហែលជាដឹងថា ខ្លួនកំពុងរងសម្ពាធកាន់តែខ្លាំងពីអន្ដរជាតិក៏ថាបាន។ រងសម្ពាធដោយសារតែទណ្ឌកម្មអង្គការសហប្រជាជាតិបានដាក់ជាបន្ដបន្ទាប់ ហើយសូម្បីចិនធ្លាប់ជាបងធំ ជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ខ្លួន ក៏ត្រូវទទួលបញ្ជាពីអង្គការសហប្រជាជាតិ ឲ្យចាត់វិធានការដាក់លើកូរ៉េខាងជើងដែរ ទើបបានជាលោកគីម ជុងអ៊ុន ចង់បង្វែរស្ថានភាពតានតឹងទៅរកការចរចា។
ក្រោយពីនោះមក រឿងល្អបានកើតឡើងជាបន្ដបន្ទាប់។ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលរៀបចំធ្វើនៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៩ដល់២៥កុម្ភៈ កូរ៉េខាងជើងបានបញ្ជូនអត្តពលិក ក្រុមសិល្បៈ អ្នកគាំទ្រ អ្នកសារព័ត៌មាន និងគណៈប្រតិភូ ដឹកនាំដោយប្អូនស្រីបង្កើត របស់មេដឹកនាំកូរ៉េខាងជើងអ្នកស្រីគីម យូជុងទៅចូលរួម។ អំឡុងពេលត្រកូលគីមគ្រប់គ្រងប្រទេស អ្នកស្រីគីម យូជុងគឺជាសមាជិកដំបូងគេ នៃសែស្រឡាយនេះ និងជាមន្ត្រីនយោបាយជាន់ខ្ពស់ដំបូងគេនៃរបបនេះ ដែលបានឈានជើងជាន់ដីទីក្រុងសេអ៊ូល ចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣បានបញ្ចប់។ ក្នុងនោះអ្នកស្រីគីម យូជុងក៏បានជួបថ្នាក់ដឹកនាំកូរ៉េខាងត្បូង ដែលកិច្ចជំនួបសម្រេចបានកិច្ចការសំខាន់ៗ ឆ្ពោះទៅរកការអភិវឌ្ឍទំនាក់ទំនងអន្ដរកូរ៉េ។
នៅថ្ងៃទី២៧ខែមេសាឆ្នាំ២០១៨ រឿងប្រវត្ដិសាស្ដ្រដ៏គួរឲ្យភ្ញាក់ផ្អើលបានកើតឡើង នោះគឺកិច្ចជំនួបរវាងលោកប្រធានាធិបតីកូរ៉េខាងត្បូងមូន ជែអ៊ីន ជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនជាលើកដំបូង។ ក្រោយកិច្ចប្រជុំកូរ៉េទាំងពីរបានឯកភាពទាំងស្រុង លើការដកហូតអាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។ លោកគីមនិងលោកមូនឯកភាពថា នឹងបញ្ឈប់រាល់សកម្មភាពបង្កហេតុ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបញ្ចប់ជាផ្លូវការ សង្គ្រាមឆ្នាំ១៩៥០-៥៣ និងបង្កើតឲ្យមានសន្ធិសញ្ញាសន្ដិភាព។ លោកមូននិងលោកគីមបានប្ដេជ្ញាដែរថា នឹងជំរុញឲ្យមានកិច្ចពិភាក្សាបីភាគីរវាងកូរ៉េខាងត្បូង កូរ៉េខាងជើងនិងអាមេរិក ឬកិច្ចប្រជុំបួនភាគីរវាងកូរ៉េខាងត្បូង កូរ៉េខាងជើង ចិន និងអាមេរិក ដើម្បីប្រកាសបញ្ចប់ការប្រយុទ្ធប្រឆាំងគ្នា ហើយផ្លាស់ប្ដូរសន្ធិសញ្ញាបទឈប់ជំនួសដោយសន្ធិសញ្ញាសន្ដិភាពវិញក្នុងឆ្នាំនេះ។ ក៏មានការព្រមព្រៀងផងដែរបង្វែរតំបន់គ្មានយោធា ទៅជាតំបន់សន្ដិភាពពិតប្រាកដ។
មេដឹកនាំទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្ដ គោរពយ៉ាងតឹងរ៉ឹងតាមកតិកាសញ្ញាមិនឈ្លានពានគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត លោកមូននិងលោកគីមបានយល់ព្រមបង្វែរតំបន់ព្រំដែនទឹកមានជម្លោះនៅទន្លេលឿង ទៅជាដែនសមុទ្រសន្ដិភាព ទប់ស្កាត់ការប៉ះទង្គិចប្រដាប់អាវុធដោយចៃដន្យ។ ស្ថិតក្រោមកិច្ចព្រមព្រៀងកំពូលនេះ ភាគីទាំងពីរនឹងបើកទ្វារកិច្ចចរចាផ្នែកយោធាឲ្យបានញឹកញាប់ ក្នុងនោះមានការជួបពិភាក្សារវាងរដ្ឋមន្ដ្រីក្រសួងការពារជាតិប្រទេសទាំងពីរផង។ ចំណុចសំខាន់មួយទៀត កូរ៉េទាំងពីរនឹងផ្សារភ្ជាប់សាច់ឈាមរវាងប្រជាជននិងប្រជាជន ដើម្បីជាជំហានឆ្ពោះទៅរកការបង្រួបបង្រួមនិងការស្ដារទំនាក់ទំនងអន្ដរកូរ៉េ។ លោកគីមនិងលោកមូនឯកភាពថា នឹងជួបពិភាក្សាគ្នាឲ្យបានញឹកញាប់មិនថាដោយផ្ទាល់ឬតាមទូរស័ព្ទ ដើម្បីដោះស្រាយបញ្ហាជាតិ ពង្រឹងទំនុកចិត្ដ។ ជារួមទៅអ្វីដែលសម្រេចបាននៅក្នុងកិច្ចប្រជុំ សុទ្ធតែមានបំណងអភិវឌ្ឍទំនាក់ទំនងអន្ដរកូរ៉េ បង្កើតសន្ដិភាព វិបុលភាព និងការបង្រួបបង្រួមនៅលើឧបទ្វីបកូរ៉េ។
ក្រោយកិច្ចជំនួបលើកទីមួយ កិច្ចជំនួបលើកទីពីររវាងលោកមូន ជែអ៊ីននិងលោកគីម ជុងអ៊ុនបានធ្វើឡើងនៅខែឧសភាឆ្នាំ២០១៨ នៅព្រំដែនខាងកូរ៉េខាងជើង និងលើកទីបីនៅខែកញ្ញាឆ្នាំ២០១៨ដដែល នៅក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។ លោកគីម ជុងអ៊ុនក៏គ្រោងនឹងធ្វើដំណើរទៅទីក្រុងសេអ៊ួលប្រទេសកូរ៉េខាងត្បូង ដើម្បីជួបលោកមូនជាលើកទីបួនផងដែរ។
មិនត្រឹមតែបន្ទន់ឥរិយាបទទៅចរចាជាមួយកូរ៉េខាងត្បូង លោកគីម ជុងអ៊ុនក៏បានជួបជាមួយប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបន្ថែមទៀត។ កិច្ចជំនួបជាប្រវត្ដិសាស្ដ្ររវាងមេដឹកនាំកូរ៉េខាងជើងនិងប្រធានាធិបតីអាមេរិក ធ្វើឡើងកាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ នៅក្នុងប្រទេសសិង្ហបុរី។ ក្រោយបញ្ចប់កិច្ចប្រជុំមេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួម ឯកភាពលើចំណុចសំខាន់ៗមួយចំនួនដូចជា៖
ទីមួយ៖ អាមេរិកនិងកូរ៉េខាងជើងប្ដេជ្ញាបង្កើតទំនាក់ទំនងថ្មីជាមួយគ្នា អនុលោមតាមបំណងប្រាថ្នារបស់ប្រជាជនប្រទេសទាំងពីរ ដើម្បីសន្ដិភាពនិងវិបុលភាព។ ទីពីរ៖ អាមេរិកនិងកូរ៉េខាងជើងនឹងខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីកសាងសន្ដិភាព ស្ថិរភាព នៅលើឧបទ្វីបកូរ៉េ។ ទីបី៖ លោកដូណាល់ ត្រាំនិងលោកគីម ជុងអ៊ុនបានបញ្ជាក់ឡើងវិញពីសេចក្ដីប្រកាសរួម ដែលលោកគីម ជុងអ៊ុននិងលោកមូន ជែអ៊ីនប្រធានាធិបតីកូរ៉េខាងត្បូងសម្រេចបាន ក្នុងកិច្ចប្រជុំអន្ដរកូរ៉េកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១៨។ កាលនោះកូរ៉េខាងជើងប្ដេជ្ញានឹងរំលាយចោលនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េទាំងស្រុង។ ទីបួន៖ អាមេរិកនិងកូរ៉េខាងជើងប្ដេជ្ញាដោះស្រាយបញ្ហាអ្នកទោសដែលនៅសេសសល់ និងការធ្វើមាតុភូមិនិវត្ដន៍អ្នកទោសដែលបានកំណត់អត្ដសញ្ញាណរួចរាល់។
បន្ថែមលើនេះលោកដូណាល់ ត្រាំនិងលោកគីម ជុងអ៊ុន ចាត់ទុកកិច្ចប្រជុំជាព្រឹត្ដិការណ៍ធំធេងបំផុតក្នុងប្រវត្ដិសាស្ដ្រ ក្នុងការយកឈ្នះភាពតានតឹងរវាងប្រទេសទាំងពីរ។ លោកត្រាំនិងលោកគីមរំពឹងនឹងអាចបើកទំព័រសករាជថ្មី មានអនាគតថ្មី នៃទំនាក់ទំនងអាមេរិក-កូរ៉េខាងជើង។ នៅក្នុងកិច្ចព្រមព្រៀងមេដឹកនាំទាំងពីរបានប្ដេជ្ញាអនុវត្ដទៅតាមអ្វីដែលបានឯកភាព ឆ្ពោះទៅសម្រេចឲ្យបានកិច្ចសហប្រតិបត្ដិការទ្វេភាគី អភិវឌ្ឍទំនាក់ទំនងអាមេរិក-កូរ៉េខាងជើង លើកកម្ពស់សន្ដិភាព វិបុលភាព និងសន្ដិសុខនៅលើឧបទ្វីបកូរ៉េក៏ដូចជាពិភពលោកទាំងមូល។ នៅដើមឆ្នាំ២០១៩មេដឹកនាំទាំងពីរគ្រោងនឹងជួបគ្នាជាលើកទីពីរទៀត។
ក្រោយពីកិច្ចប្រជុំទាំងអំបាលម៉ានដែលបានរៀបរាប់ កូរ៉េខាងត្បូងនិងអាមេរិកក៏ផ្អាកសមយុទ្ធប្រចាំឆ្នាំជាច្រើន ធ្វើឲ្យសន្ដិភាពលើឧបទ្វីបកូរ៉េកាន់តែល្អប្រសើរ។ សមយុទ្ធប្រចាំឆ្នាំរវាងអាមេរិកនិងកូរ៉េខាងត្បូងនេះហើយ ជាមូលហេតុធ្វើឲ្យកូរ៉េខាងជើងបាញ់មីស៊ីលនិងអាវុធនុយក្លេអ៊ែរ។ ជារួមមក ពេញមួយឆ្នាំ២០១៨នេះ កូរ៉េខាងជើងពិតជាបានបង្ហាញឥរិយាបថទន់ភ្លន់ ចង់បានស្ថានភាពស្ងប់សុខ ចង់បានសន្ដិភាព មិនបង្ហាញចរិតកោងកាចដូចមុនឡើយ។
ប៉ុន្ដែយ៉ាងណាមិញ ចង់ឬមិនចង់ភាពខ្វែងគំនិតគ្នានៅតែមាន។ លោកគីម ជុងអ៊ុនគ្រោងធ្វើដំណើរទៅទីក្រុងសេអ៊ួលនាចុងឆ្នាំនេះ ប៉ុន្ដែមានព័ត៌មានលេចលឺថានឹងលើកពេលទៅឆ្នាំក្រោយវិញ ដែលនេះមិនមែនជាសញ្ញាល្អប្រសើរប៉ុន្មានឡើយ។ រីឯបញ្ហារំលាយនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ កំពុងស្ថិតក្នុងភាពជាប់គាំងនៅឡើយ។ កូរ៉េខាងជើងចង់បានការដោះដូរ គឺចង់ឲ្យអាមេរិកដកទណ្ឌកម្មចេញខ្លះ ជាថ្នូរនឹងការរំលាយចោលអាវុធនុយក្លេអ៊ែរ។ ប៉ុន្ដែអាមេរិកវិញចង់ឲ្យកូរ៉េខាងជើងរំលាយនុយក្លេអ៊ែរសិន ទើបដកទណ្ឌកម្មជាក្រោយ។ កត្ដានេះនៅតែជាចំណុចរាំងស្ទះដល់ការរំលាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ដែលអន្ដរជាតិពិសេសកូរ៉េខាងត្បូងនិងអាមេរិកកំពុងចង់បានបំផុត។ ក្រុមអ្នកតាមដានស្ថានការណ៍ ក៏កំពុងទន្ទឹងរង់ចាំមើលក្នុងឆ្នាំ២០១៩នឹងមានអ្វីកើតឡើងបន្ដទៀត។ ចង់ដឹងថាកូរ៉េខាងជើងនឹងយល់ព្រមរំលាយនុយក្លេអ៊ែរទាំងស្រុងមែនឬក៏ផ្លាស់ប្ដូរចិត្ដ៕