រដ្ឋាភិបាល​​មិន​បារម្ភ​ពី​រឿង​ឥទ្ធិពល​ចិន​​មកលើ​កម្ពុជា​​ដូច​អ្នកវិភាគ​មួយចំនួន​ឡើយ​​

25-12-2018 4:33 pm 1787
  ស្តាប់
ស្តាប់ជាសំឡេង

​បើទោះបីជា​អ្នកវិភាគ​មួយ​បានលើកឡើង​ពី​ការព្រួយបារម្ភ ពី​អនាគត​កម្ពុជា អាច​នឹង​ធ្លាក់ចូល​ក្រោម​ឥទ្ធិពល​ប្រទេស​ចិន កាន់តែ​ជ្រៅ​ទៅៗ​តាមរយៈ​ការវិនិយោគ និង​ទទួលយក​កម្ចី​របស់​ចិន​កាន់តែ​ច្រើនឡើងៗ យ៉ាងណាក៏ដោយ ប៉ុន្តែ​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​វិញ ចាត់ទុក​ការលើកឡើង​នេះ​មានការ​លម្អៀង​លើ​ចិន ដោយ​លោក​អះអាងថា រដ្ឋាភិបាល​កម្ពុជា មិនមាន​អ្វី​ព្រួយបារម្ភ​នៃ​ការធ្លាក់​ចូល​ក្រោម​ឥទ្ធិពល​ប្រទេស​ចិន​ឡើយ ព្រោះ​រាល់​ជំនួយ និង​ការវិនិយោគ​របស់​ចិន គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​។​

​អ្នកវិភាគ​មួយរូប គឺ​លោក​អ៊ូ វីរៈ បានផ្ដល់​កិច្ចសម្ភាសន៍​ដល់ VOA ដោយ​លោក​មាន​ការព្រួយបារម្ភ​ថា កម្ពុជា​អាច​ធ្លាក់ចូល​ក្រោម​ឥទ្ធិពល​ប្រទេស​ចិន​កាន់តែ​ជ្រៅ​ទៅៗ​តាមរយៈ​ការវិនិយោគ និង​ទទួលយក​កម្ចី​របស់​ចិន​កាន់តែ​ច្រើនឡើងៗ ហើយ​អាច​នឹងត្រូវ​ប្រទេស​ចិន យក​ប្រៀប​ជាង​កាន់តែខ្លាំង​ឡើងៗ​នៅពេលដែល​កម្ពុជា​ឯកោ​ពី​សហគមន៍​អន្តរជាតិ​។ លោក​អ៊ូ វីរៈ​បាន​លើកឡើងថា ជំនួយ និង​ការវិនិយោគទុន​ចិន ជា​ការសប្បាយរីករាយ​មួយ​រយៈពេល​ខ្លី​សម្រាប់​កម្ពុជា ប៉ុន្តែ​កម្ចី​របស់​ចិន​មួយចំនួន គឺ​វិលវល់​តែ​ក្នុង​រង្វង់​ក្រុមហ៊ុន​ចិន​ប៉ុណ្ណោះ ដោយ​កម្ពុជា​មិនមាន​សិទ្ធិ​អ្វី​សម្រេច​លើ​ការទិញ​សេវា ឬ​កំណត់​គុណភាព​អ្វី​ផ្សេង​ក្រៅពី​របស់​ចិន​ឡើយ​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន​វិញ បានចាត់ទុក​ការលើកឡើង​របស់លោក​អ៊ូ វីរៈ ថា មានការ​លម្អៀង​លើ​ចិន​។ លោក​ផៃ ស៊ី​ផាន បាន​គូសបញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា រដ្ឋាភិបាល​កម្ពុជា មិនមាន​អ្វី​ព្រួយបារម្ភ​នៃ​ការធ្លាក់​ចូល​ក្រោម​ឥទ្ធិពល​ប្រទេស​ចិន​ឡើយ ព្រោះ​រាល់​ជំនួយ និង​ការវិនិយោគ​របស់​ចិន គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​…………

​សំឡេង​៖

​ទំនាក់ទំនង​កម្ពុជា និង​ចិន នាពេល​បច្ចុប្បន្ននេះ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ថា មាន​ភាពល្អប្រសើរ ខណៈ​អ្នកតាមដាន​ស្ថានការណ៍​សង្គម និង​អ្នកវិភាគ​មួយចំនួន អ្នក​ទាំងនោះ​មាន​ការព្រួយបារម្ភ​ពី​រឿង​ឥទ្ធិពល​របស់​ចិន មកលើ​កម្ពុជា ប្រសិនបើ​កម្ពុជា បោះបង់​លោកខាងលិច​ចោល ដូចជា​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​៕

ព័ត៌មានផ្សេងទៀត