មនុស្ស​ស្លាប់ដោយសាររលក​យក្សនៅ​ឥណ្ឌូនេស៊ីបន្តកើន​ដល់​ជាង​៤០០​នាក់​

25-12-2018 4:28 pm 1261

​មនុស្ស​ស្លាប់​ដោយសារតែ រលក​យក្ស​ស៊ូណាមិ វាយប្រហារ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បាន​កើន​ដល់​៤២៩​នាក់ និង​បាត់​ខ្លួន​១៥០​នាក់ ដោយឡែក​មនុស្ស ជាង​១៦ ០០០​នាក់​ត្រូវបាន​ជម្លៀស​ខ្លួន​។ នេះ​បើតាម​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូនេស៊ី​។ ដោយសារតែ​ផ្លូវថ្នល់​ត្រូវបាន​បំផ្លាញ ដោយ​គ្រោះមហន្តរាយ​មួយ​នេះ បាន​បង្ក​ផល​លំបាក​ដល់​ក្រុម​ជួយសង្គ្រោះ ក្នុង​ការស្វែងរក​ជន​រងគ្រោះ​ផងដែរ​។​

​ជាមួយគ្នា​នោះ មាន​ការព្រួយបារម្ភ អំពី វិបត្តិ​សុខភាព​សាធារណៈ​កើតឡើង នៅពេលដែល​ចំនួន​អ្នកស្លាប់ និង​របួស ដោយសារ​គ្រោះមហន្តរាយ កើនឡើង​កាន់តែច្រើន​។ អ្នក​នៅ​រស់រាន ក្រោយ​រលក​យក្ស​វាយប្រហារ មួយចំនួន​បាន​ធ្លាក់ខ្លួន​ឈឺ ជាពិសេស​ក្មេងៗ​ដែលជា​ជន​ងាយ​រងគ្រោះ បាន​ក្តៅខ្លួន និង​ឈឺក្បាល ហើយ​ពុំមាន​ទឹកស្អាត​សម្រាប់​បរិភោគ​ឲ្យបាន​គ្រប់គ្រាន់​។ បុគ្គលិក​ផ្នែក​មនុស្សធម៌ ព្រមាន​ថា ទឹកស្អាត​និង​ថ្នាំសង្កូវ​សម្រាប់​ព្យាបាល​ជំងឺ បាន​ថយចុះ និង​សង្កត់ធ្ងន់ថា អ្វីដែល​ពួកគេ​ត្រូវការ​នាពេលនេះ គឺ​អាហារ និង​ជម្រក​។​

​គួរ​ជម្រាបជូន​ថា ដោយសារតែ​បារម្ភ​ខ្លាច​មាន​រលក​ធំៗ​វាយប្រហារ​ជាថ្មី គេ​បាន​ជូនដំណឹង​ឲ្យ​អ្នករស់នៅ​ក្បែរ​តំបន់ឆ្នេរ​គេចចេញ​ឲ្យ​ឆ្ងាយ​។ ព្រួយបារម្ភ​ខ្លាច​មាន​រលក​ស៊ូណាមិ​ម្តងទៀត ព្រោះ ភ្នំភ្លើង Anak Krakatau បាន​ផ្ទុះ​ជាថ្មី​នៅ​ថ្ងៃអាទិត្យ ព្រួស​ផេះ និង​ផ្សែងហុយ​ទ្រលោម​ទៅលើ​អាកាស​។ ភ្នំភ្លើង​មួយ​នេះ ទើបតែ​ផ្ទុះ​យ៉ាង​កក្រើក កាលពី​ថ្ងៃ​សៅរ៍​ទី​២២​ខែ​ធ្នូ បង្ក​ជា​រលក​យក្ស​ស៊ូណាមិ វាយប្រហារ​លើ​តំបន់ ស្ថិតនៅ​ចន្លោះ​កោះ​ជ្វា​និង​កោះ​ស៊ូ​ម៉ា​ត្រា​៕


ព័ត៌មានផ្សេងទៀត