សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ស្នើ​ក្រសួង​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​បញ្ហាសំខាន់ៗ​៨​ចំណុច​

25-12-2018 4:14 pm 882
  ស្តាប់
ស្តាប់ជាសំឡេង

​នៅក្នុង​ពិធី​បើក​មហាសន្និបាត​នៃ​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ លោក​នង វាសនា អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើកឡើង​នូវ​ចំណុច​សំខាន់ៗ​ចំនួន ៨​ចំណុច ដើម្បី​ស្នើសុំ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម និង​បន្ត​កិច្ចសហការ​ជាមួយ​សហព័ន្ធ​ក្នុង​ការដោះស្រាយ​បញ្ហា​នានា​និង​ជំរុញ​ឲ្យ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​អាច​បន្ត​សម្រេចបាន​ជោគជ័យ​ថែមទៀត​។​

​ចំណុច​សំខាន់​ទាំង​៨​ចំណុច​ដែល​លោក​នង វាសនា បាន​លើកឡើង​នៅក្នុង​មហាសន្និបាត​នោះ​រួមមាន​៖

១.​ដោយយោង​តាម​សភាពការណ៍​បច្ចុប្បន្ន នៃ​ការប្រែប្រួល​ទីផ្សារ​ពាណិជ្ជកម្ម​អន្តរជាតិ ជាពិសេស​ករណី ដែល​សហគមន៍​អឺរ៉ុប​គ្រោង​នឹង​ដាក់​វិធានការ​មកលើ​ការនាំ​ចូល​អង្ករ​កម្ពុជា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ស្នើសុំ​ក្រសួង​បន្ត​ជួយ​ជម្រុញ និង​ពង្រឹង​ទីផ្សារ​តាម​រយៈ កូតា​G2G ។​ជាពិសេស ពង្រឹង​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន ចំពោះ​កូតា​ដែល​មាន​ស្រាប់ និង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ទៅកាន់​ប្រទេស​នានា​ឲ្យបាន ទូលំទូលាយ​

២.​ជួយ​សហការ​និង​ដោះស្រាយ​បញ្ហា ព្រោះ​ថ្មីៗ​នេះ​អ្នក​នាំចេញ​អង្ករ​កម្ពុជា បាន​នឹង​កំពុង​ជួប​នូវ​បញ្ហា​នានា ដែល​រាំងស្ទះ​ដល់​ការនាំចេញ​អង្ករ ដូចជា​បញ្ហា​ឯកសារ​សម្រាប់​ការដឹកជញ្ជូន​ឆ្លងកាត់​កំពង់ផែ​វៀតណាម បញ្ហា​ការ​ឡើងថ្លៃ​THC តម្លៃ​ដឹកជញ្ជូន​ឡើងថ្លៃ​ខ្ពស់ជាង​មុន កង្វះ​ទូ​កុងតឺន័រ និង​កង្វះ​រថភ្លើង ជាដើម​

៣.​ពង្រឹង​តួនាទី​មន្ត្រី​ជំនាញ​ទូត​ពាណិជ្ជ​កម្ពុជា​នៅ​តាម​បណ្តា​ប្រទេស​នានា​ដែល​មាន​ស្រាប់​ដើម្បី​ការពារ​ប្រយោជន៍​ពាណិជ្ជកម្ម​កម្ពុជា​នៅ​បណ្តា​ប្រទេស​ទាំងនោះ ពិសេស​ប្រឆាំងនឹង​ការ​លួច​ក្លែងបន្លំ​ដាក់ឈ្មោះ​អង្ករ​កម្ពុជា​របស់​ឈ្មួញ​បរទេស​មួយ​ចំនួន 

៤.​ជម្រុញ​ការចរចារ​តាមរយៈ​អនុស្សារណៈ​ជាមួយ​ប្រទេស​នានា ពិសេស​SPS ដែល​មិន​ទាន់​បាន​ទទួល ការឯកភាព​លើ​មុខទំនិញ​សំខាន់ៗ អោយបាន​ច្រើន​នៅ​ឡើយ​ពី​ប្រទេស ដែល​បាន​ចុះហត្ថលេខា​រួច ហើយ ដូចជា​ចិន​ជាដើម​

៥.​ស្នើ​ឲ្យ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ជួយ​ពង្រឹង​ការផ្តល់​សេវាកម្ម​លើ​ការ​រត់​ឯកសារ​ផ្សេងៗ រួម​ទាំង​ការស្នើសុំ​PHYTO និង​តែ​គួរ​មាន​តារាង​ពេលវេលា​និង​តម្លៃ​សេវា​ជាក់លាក់ ហើយ​អនុវត្ត​អោយបាន​រហ័ស​ដើម្បី​ឆ្លើយតប​ចំពោះ​ការនាំ​ចេញ​ឲ្យបាន​ទាន់​ពេលវេលា​

៦.​ពិនិត្យ​លទ្ធភាព​រៀបចំ​ក្រុមការងារ​ដោយ​មាន​សហព័ន្ធ​ចូលរួម​ក្នុង​ការសិក្សា ការចុះ​GI អង្ករ​កម្ពុជា នៅក្នុង​ខេត្ត​នានា​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​អាច​ទាញ​យក​ទីផ្សារ​សំខាន់ៗ ព្រោះ​បើ​មាន​GI នោះ​អង្ករ​កម្ពុជា​នឹង​ងាយស្រួល​ចូល​ក្នុង​សហគមន៍​អឺរ៉ុប​និង​ប្រទេស​នានា ដូចជា​ម្រេច​កំពត និង​ស្ករត្នោត ជាដើម​

៧.​ស្នើសុំ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​និង​ស្ថាប័ន​ពាក់ព័ន្ធ បញ្ជូល​តួនាទី​សហព័ន្ធ​ស្រូវអ​ង្ករ​កម្ពុជា ក្នុង​ការចូលរួម​អនុវត្ត​លើ​គម្រោង ឃ្លាំង​និង​ឡ​សម្ងួត ដើម្បី​ឱ្យ​កាន់តែ​ងាយស្រួល​សហការ​ជាមួយ​សមាជិក​របស់​ស​ហ​ព័ន្ធ​

៨.​ស្នើសុំ​ក្រសួងពាណិជ្ជកម្ម​បញ្ជូល​តួនាទី​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​ការចូលរួម​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​២០១៩-២០២៣ ដែល​បាន​នឹង​កំពុង​រៀបចំ​កែសម្រួល​ដោយ​ក្រសួង​ពាណិជ្ជកម្ម ពិសេស​ការងារ​ពាក់ព័ន្ធ​នឹង​ការបើក​ទីផ្សារ​និង​ជម្រុញ​ផ្សព្វផ្សាយ​អង្ករ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​៕

 

ព័ត៌មានផ្សេងទៀត