លោក កេត សុផាន់ អ្នកនាំពាក្យក្រសួងការបរទេស នៅព្រឹកថ្ងៃទី២៥ខែធ្នូ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោករដ្ឋមន្ត្រីប្រាក់ សុខុន នឹងអញ្ជើញទៅប្រទេសប៊ែលហ្ស៊ិក នៅខែមករា ឆ្នាំ២០១៩ ដើម្បីស្វែងរកដំណោះស្រាយ ពីការដកប្រព័ន្ធអនុគ្រោះពន្ធនាំចូលទំនិញពីកម្ពុជា...
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស នឹងចេញទៅចូលរួមប្រជុំអាស៊ាន-អឺរ៉ុប ដែលនឹងធ្វើឡើងនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក នៅខែមករា ឆ្នាំ២០១៩ ខាងមុខ ។ នេះបើតាមការបញ្ជាក់ពីលោកកេត សុផាន់ អ្នកនាំពាក្យក្រសួងការបរទេស ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ។
លោក កេត សុផាន់ បន្តឱ្យដឹងថា ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំនៅប្រទេសប៊ែលហ្ស៊ិក លោករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជួបពិភាក្សាការងារជាមួយលោកស្រីស្នងការពាណិជ្ជកម្មអឺរ៉ុប ដែលទទួលបន្ទុកផ្នែកពាណិជ្ជកម្ម ។ លោករដ្ឋមន្ត្រី នឹងជួបពន្យល់លើបញ្ហាសិទ្ធិមនុស្ស និងការប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងបំណងឱ្យសហគមន៍អឺរ៉ុប បន្តផ្តល់ការអនុគ្រោះពន្ធលើទំនិញកម្ពុជា លើកលែងសព្វាវុធ (EBA) ។
លោកបានបញ្ជាក់ថា លោករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងបន្តប្រឹងប្រែងសម្របសម្រួល ក៏ដូចជាលើកយកតថភាពជាក់ស្តែងនៅក្នុងសង្គមកម្ពុជា ដើម្បីធ្វើយ៉ាងណា ឱ្យសហគមន៍អឺរ៉ុប បន្តផ្តល់ការអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជា ។
បច្ចុប្បន្ន គណៈកម្មការអឺរ៉ុប កំពុងពិចារណាដកការអនុគ្រោះពន្ធសម្រាប់ការនាំចូលទំនិញរបស់កម្ពុជា ក្រោមការចោទប្រកាន់ថា កម្ពុជាបានរំលោភសិទ្ធិមនុស្ស និងធ្វើឱ្យចុះខ្សោយនៃដំណើរការលទ្ធិប្រជាធិបតេយ្យជាដើម ។ បើសិនជាអឺរ៉ុបដកការអនុគ្រោះពន្ធលើទំនិញនាំចូលពីកម្ពុជា នោះកម្ពុជានឹងត្រូវខាតបង់ថវិកាបានពីការមិនបង់ពន្ធជិត ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ៕