តួ​ក​គី​ចាប់ផ្តើម​បញ្ជូន​កងទ័ព ទៅកាន់​ប្រទេស​ស៊ី​រី​ហើយ​

25-12-2018 11:02 am 1412
  ស្តាប់
ក្បួនរថយន្តយោធាតួកគី
ស្តាប់ជាសំឡេង

​ក្បួន​រថយន្តយោធា​តួ​ក​គី មាន​ផ្ទុក​សព្វាវុធ​ប្រភេទ​កាំភ្លើង​ធំ និង​កងកម្លាំងប្រដាប់អាវុធ​ជាច្រើន បាន​ធ្វើដំណើរ​ទៅដល់​ព្រំដែន នៃ​ប្រទេស​ស៊ី​រី​កាលពី​យប់​ថ្ងៃ​ចន្ទ​។ រថយន្តយោធា​ខ្លះ បាន​ធ្វើដំណើរ​ចូលក្នុង​ទឹកដី​ប្រទេស​ស៊ី​រី​ហើយ និង​ខ្លះទៀត​ដាក់ពង្រាយ​នៅ​ព្រំដែន ស្ថិតនៅ​ក្នុងស្រុក Elbeyli ខេត្ត Kilis​។ តួ​ក​គី​បញ្ជាក់​ហើយ​បញ្ជាក់ទៀតថា ទីក្រុង​អង់​ហ្គា​រ៉ាស គ្មាន​មហិច្ចតា​បំពាន លើ​ដែន​អធិបតេយ្យ​ស៊ី​រី​ទេ ប៉ុន្តែ​ការ​កេណ្ឌ​ទ័ព​នាពេលនេះ គឺ​ដើម្បី​កម្ចាត់​ក្រុម​ភេរ​វករ ដែល​ប្រើប្រាស់​ប្រទេស​ស៊ី​រី​ជា​ជម្រក ហើយ​ជ្រៀតចូល​អុកឡុក​ក្នុងប្រទេស​តួ​ក​គី តាម​ព្រំដែន​។​

​ក្រោយ​បញ្ជូន​ទ័ព ទៅដល់​ប្រទេស​ស៊ី​រី ប្រតិបត្តិ​ការវាយលុក ប្រឆាំង​ក្រុម​កងជីវពល Kurdish ( YPG )​និង​ការប្រយុទ្ធ​ផ្តាច់​ពូជ​ក្រុម​IS​ដែល​នៅ​សេ​សសល់ នឹង​ចាប់ផ្តើម​នៅពេល​ឆាប់ៗ​។ តួ​ក​គី​ចាត់ទុក​ក្រុម YPG ជា​ភេរវជន នៃ​គណបក្ស​ពលករ​ឃឺ​ដ ( PKK )​មាន​មូលដ្ឋាន​នៅ​តួ​ក​គី ដែល​បះបោរ​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​អង់​ហ្គា​រ៉ាស តាំងពី​ឆ្នាំ​១៩៨៤​មក​។ ប៉ុន្តែ ពួក​Kurdish ( YPG ) ជា​សម្ព័ន្ធមិត្ត​របស់​អា​មេរិក និង​បាន​ប្រកៀក​ស្មា​ជាមួយ​កងទ័ព​អាមេរិក ប្រយុទ្ធប្រឆាំង​ក្រុម​IS​កន្លងមក​។

​តួ​ក​គី​បាន​បញ្ជូន​កងទ័ព​ទៅកាន់​ប្រទេស​ស៊ី​រី មុន​អាមេរិក​ដកទ័ព​ចេញ​។ ពោល មេរិក​ឥឡូវនេះ កំពុង​រៀបចំ​កិច្ចចរចា​ដកទ័ព ចំនួន​២ ០០០​នាក់ ពី​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ដោយសារតែ​អស់​សត្រូវ ដើម្បី​កម្ចាត់​តទៅ​ទៀតហើយ​។ លោក Ibrahim Kalin អ្នកនាំពាក្យ​ប្រធានាធិបតី​តួ​ក​គី និយាយថា គណៈប្រតិភូ​យោធា​អាមេរិក នឹង​ធ្វើដំណើរ​ទៅដល់​នៅ​សប្តាហ៍​នេះ ដើម្បី​ពិភាក្សា​ពី​ការ​ដកទ័ព ជាមួយ​សម​ភាគី​របស់​ពួកគេ​។ ចំណែកឯ​គណៈប្រតិភូ ក្រសួងការបរទេស​តួ​ក​គី​វិញ នឹង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ នៅ​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០១៩​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត