មន្ត្រី​៖​ការផ្ទេរ​មុខងារ​ទៅ​ថ្នាក់ក្រោម​ជាតិ​នឹង​បាត់បង់​អំណាច​បុគ្គល​មួយចំនួន​

24-12-2018 5:37 pm 906
  ស្តាប់
ស្តាប់ជាសំឡេង

​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ហៅ​កាត់​ថា គ​.​ជ​.​អ​.​ប បាន​ថ្លែងថា ការ​កំណែទម្រង់​ផ្ទេ​រមុខងារ​ទៅ​ថ្នាក់​ក្រោយ​ជាតិ តាមបែប វិមជ្ឈការ និង វិសហមជ្ឈការ នឹង​ធ្វើឱ្យបាត​់បង់​សិទ្ធិ អំណាចរបស់​បុគ្គល​មួយចំនួន ។ ដូច្នេះ​កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ មិន​អាច​ធ្វើ​លឿន​បានទេ ព្រោះ​ត្រូវការ​មាន​ការចូលរួម​គ្រប់​ភាគី​ពាក់ព័ន្ធ​ទើប​ទទួលបាន​ជោគជ័យ ...

​កំណែទម្រង់​វិមជ្ឈការ និង វិសហមជ្ឈការ ឬ​ការផ្ទេរ​មុខងារ​ទៅ​ថ្នាក់ក្រោម​ជាតិ ជា​កំណែទម្រង់​ដ៏​មាន​សារៈសំខាន់​របស់​រាជរដ្ឋាភិបាល ដែល​ផ្តោត​សំខាន់​លើ​ការរៀបចំ​ឡើងវិញ នូវ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ ឱ្យ​ឈរ​លើ​គោលការណ៍​នៃ​រដ្ឋបាល​ឯកភាព និង​ការអភិវឌ្ឍ តាម​បែប​ប្រជាធិបតេយ្យ ។ នេះ​បើ​តាម​ការអះអាង​របស់​លោក ង៉ាន់ ចំរើន ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ហៅ​កាត់​ថា គ​.​ជ​.​អ​.​ប ។​

​លោក ង៉ាន់ ចំរើន ពន្យល់ថា កំណែទម្រង់​នេះ​បាន​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ប្រកបដោយ​ប្រសិទ្ធភាព ។ លោក​ថា ដើម្បី​ឱ្យ​កំណែទម្រង់​នេះ​ទទួលបាន​ជោគជ័យ ត្រូវ​មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ដែល​ជា​ធាតុ​ផ្សំ​មួយ​យ៉ាង​សំខាន់​មិនអាច​ខ្វះ​បាន ។​

​យ៉ាងណាក៏ដោយ បច្ចុប្បន្ន ប្រធាន​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប រូបនេះ នៅតែ​មើលឃើញថា មាន​បញ្ហា​ប្រឈម​មួយចំនួន ដែល​បង្ក​ដល់​ការផ្ទេរ​មុខងារ​ទៅ​ថ្នាក់ក្រោម​ជាតិ​ដូចជា រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នៅ​ពុំទាន់​ឆ្លើយតប​តាម​សេចក្តីត្រូវការ​សង្គម​,​ការផ្ទេរ​មុខងារ និង​ធនធាន មាន​ភាពយឺតយ៉ាវ​, រដ្ឋបាល​ក្រុង ស្រុក និង​ឃុំ សង្កាត់ ពុំទាន់​មាន​ធនធាន​ហិរញ្ញវត្ថុ​ក្នុង​ទំហំ​សមស្រប​, ការចូលរួម និង​ការផ្តល់​យោបល់​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត ។​

​លោក ង៉ាន់ ចំរើន មានប្រសាសន៍ថា កង្វះ​ធនធានមនុស្ស​បម្រើការ​ងារ​នៅ​ថ្នាក់ក្រោម​ជាតិ ដែល​ជាហេតុ​ធ្វើឱ្យ​រដ្ឋា​បាល​ថ្នាក់ជាតិ មិន​ហ៊ាន​ផ្ទេរ​មុខងារ​ទៅ​ការ​កំណត់​មុខងារ និង តួនាទី​មិន​ទាន់​ច្បាស់​រវាង​អាជ្ញាធរ ថ្នាក់ក្រោម​ជាតិ និង​បណ្តា​ក្រសួង ឬ​ស្ថាប័ន ហើយ​ជាពិសេស​នោះ គឺ​កំណែទម្រង់​ផ្ទេរ​មុខងារ ទៅ​ថ្នាក់ក្រោម​ជាតិ តាម​បែប​វិមជ្ឈការ និង​វិសហមជ្ឈការ នឹង​ធ្វើឱ្យ​បាត់បង់​សិទ្ធិអំណាច របស់​បុគ្គល​មួយចំនួន ។ 

​គាត់​បន្ត​ថា កំណែទម្រង់​នេះ មិន​អាច​ធ្វើ​លឿន​បានទេ ព្រោះ​អាច​នឹង​មាន​បញ្ហា​ប្រឈម​រវាង​អ្នក​បាត់បង់​អំណាច និង អ្នក​ទទួលបាន​អំណាច ។ 

​គូសបញ្ជាក់ថា បច្ចុប្បន្ននេះ មាន​ក្រសួង​ចំនួន​ជាង​១០​បានធ្វើ​ប្រតិភូកម្ម​មុខងារ​ផ្តល់​សេវា​រដ្ឋបាល ចំនួន​ប្រមាណ​ជាង​៦០០​ប្រភេទ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការផ្តល់​សេវា​រដ្ឋ​បាល តាម​ការិយាល័យ​/ អង្គភាព​ច្រកចេញចូល​តែមួយ ។ 

​គិត​មកដល់​ឆ្នាំ​២០១៨​នេះ រាជរដ្ឋាភិបាល បាន​ផ្ទេរ​ថវិកា​រដ្ឋ​សរុប​ចំនួន​ប្រមាណ​ជាង​២​លាន​ដុល្លា​អាមេរិក (២.៤១២) ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សម្រាប់​ការគ្រប់គ្រង ចាត់ចែង និង​ប្រើប្រាស់​ក្រោម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សន្និបាត​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា លើក​ទី​៤១ បាន​ព្រមាន​ថ្នាក់ដឹកនាំ​តាម​ក្រសួង ឬ​ស្ថាប័ន ថ្នាក់​ជាតិ​ថា ប្រសិន​បើ​ថ្នាក់​ដឹកនាំ​ក្រសួង ឬ​ស្ថាប័ន​ណា​នៅ​តែ​ក្រសោប​អំណាច មិន​ព្រម​ផ្ទេរ​ទៅ​ថ្នាក់ក្រោម​ជាតិ​ទេ លោក​នឹង​ធ្វើ​ការរុះរើ​ក្រសួង ឬ​ស្ថាប័ន​នោះ ៕

ព័ត៌មានផ្សេងទៀត