ជយឃោស​​«​សម រង្ស៊ី​,​កឹម សុខា ​ជា​មនុស្ស​តែមួយ​»​ អាច​ទប់​​ការបែកបាក់​​បានទេ​?​

24-12-2018 10:19 am 2123
  ស្តាប់
លោកកឹម សុខា និងលោកសម រង្ស៊ី
ស្តាប់ជាសំឡេង

«​សម រង្ស៊ី និង​កឹម សុខា ជា​មនុស្ស​តែមួយ​» ជា​ស្លោក​ថ្មី ដែល​លោក​សម រង្ស៊ី ប្រកាសប្រាប់​សមាជិក​អ្នកគាំទ្រ​របស់ខ្លួន ឲ្យប្រើ​ជា​ជយឃោស​បាន​កាន់តែ​ច្រើន​ដង និង​កាន់តែខ្លាំង ទូទាំងប្រទេស​កម្ពុជា និង​ទូទាំង​ពិភពលោក ក្នុង​គោលដៅ​ទប់ស្កាត់​ការបែកបាក់ ផ្ទៃ​ក្នង​គណបក្ស​សង្គ្រោះ​ជាតិ និង​ដើម្បី​ទប់​នឹង​អ្វីដែល​លោក​សម រង្ស៊ី​អះអាងថា ជា​យុទ្ធសាស្ត្រ​របស់លោក​ហ៊ុន សែន ដែល​កំពុងតែ​ប្រើល្បិច​គ្រប់បែបយ៉ាង ដើម្បី​បំបែក​«​សម រង្ស៊ី ពី កឹម សុខា​»​។​

​លោក​សម រង្ស៊ី អះអាងថា ជយឃោស​នេះ នឹង​ធានា​ជ័យជំនះ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ថា លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន ភ័យខ្លាច​ជយឃោស​នេះ​ជាទីបំផុត​។ លោក​ស្នើឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ រឹងមាំ​ឡើង មិនត្រូវ​ចាញ់​កលល្បិច​លោក​ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។​

​លោក​រំលឹក​ប្រាប់​ដល់​អ្នកគាំទ្រ​ថា បន្ទាប់ពី​គណបក្ស​សម រង្ស៊ី ដែលមាន​២៦​អាសនៈ និង​គណបក្ស​សិទ្ធិមនុស្ស ដែលមាន​៣​អាសនៈ ច្របាច់​ចូលគ្នា ជា​គណបក្ស​សង្គ្រោះ​ជាតិ រួចមក ធ្វើឲ្យ​ការបោះឆ្នោត​ឆ្នាំ ២០១៣ គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន មិនមែន ២៦ + ៣ = ២៩ អាសនៈ ទេ តែ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​ដល់​ទៅ ៥៥​អាសនៈ ទោះបី​គណបក្ស​ប្រជាជន​របស់ លោក​ហ៊ុន សែន លួច​បំបាត់​សំឡេងឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដ៏​សន្ធឹកសន្ធាប់ យ៉ាងណាក៏ដោយ​។ នេះ​ជា​ការអះអាង​របស់លោក​សម រង្ស៊ី​។​

​លោក​សមរង្ស៊ី និយាយថា ពាក្យស្លោក​«​សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែមួយ​» គឺជា​ជយឃោស​ផង ជា​និមិត្តរូប​ផង និង​ជា​ជំហរ​ដាច់ខាត​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ផង ដើម្បី​សង្គ្រោះ​ជាតិ​ឲ្យបាន​ក្នុង​ឆ្នាំ ២០១៩ នេះ​។​

​នៅក្នុង​សារ​ផ្ញើជូន​ជនរួមជាតិ នាឱកាស​ចូលឆ្នាំ​សកល​ខាងមុខ លោក​សម រង្ស៊ី បានបង្ហាញ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អាច​ដំណើរការ​ជា​ប្រក្រតី​ដូចដើម​វិញ ហើយ​លោក​កឹម សុខា និង​មាន​សេរីភាព​ពេញលេញ​វិល​មក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឈានទៅរក​ភាពជោគជ័យ និង​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន តាម​យន្តការ​ប្រជាធិបតេយ្យ​។​លោក​សុំឲ្យ​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ បញ្ឈប់​ការយល់ច្រឡំ ការជេរប្រមាថ ការវាយប្រហារ​គ្នា​គ្រប់​រូបភាព​ចាប់ពី​ឆ្នាំ​ថ្មី​នេះ​តទៅ​។​

​យ៉ាងនេះ ក្តី មជ្ឈដ្ឋាន​អ្នកតាមដាន​សភាពការណ៍​នយោបាយ​ខ្លះ លើកឡើងថា បើទោះជា​លោក​សមរង្ស៊ី ខិតខំ​សម្របសម្រួល​បញ្ហា​ផ្ទៃក្នុង​យ៉ាងណាក៏ដោយ ក៏​គណបក្ស​នេះ ពិបាក​គេច​ផុតពី​ការបែកបាក់​ណាស់ ពីព្រោះ ទំនោរ​និយម​ទៅរ​កមេ​ម្ខាងៗ រវាង​លោក​សម រង្ស៊ី និង​លោក​កឹម សុខា មិនមែន​ទើប​កើតមាន​នៅ​រយៈពេល​ចុងក្រោយ​នេះ​ទេ តែ​វា​កើតមាន​តាំ​ពី​លោក​កឹម សុខា និង​លោក​សម រង្ស៊ី នៅ​ជុំគ្នា​ម្ល៉េះ ហើយ​វា​ទើបនឹង​លេចចេញ​ជា​រូបភាព​បែកបាក់​ខ្លាំង នៅក្នុង​រយៈកាល​ចុងក្រោយ ដោយ​រាប់​ចាប់តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​គេ​រំលាយ លោក​កឹម សុខា ជាប់​ក្នុង​ពន្ធនាគារ ឯ​លោក​សម រង្ស៊ី នៅ​ក្រៅប្រទេស បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដែល​ហាក់ដូចជា​ទទួលស្គាល់​ការ​រលាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច្នោះ​ដែរ និង​ចុងក្រោយ​បំផុត​នេះ លោក​សម រង្ស៊ី បាន​ច្បាម​យក​តួនាទី ជា​ប្រធានស្តីទី ដែល​ខុស​នឹង​លក្ខន្តិកៈ ដែល​ហាក់ដូចជា នាំគ្នា​ទាត់​លោក​កឹម សុខា​ចោល​។​

​ការណ៍​នេះ ធ្វើឲ្យ​ក្រុម​និយម​លោក​កឹម សុខា ហួសចិត្ត​នឹង​ក្រុម​លោក​សម រង្ស៊ី ជាខ្លាំង​។ ការវាយប្រហារ ហែកហួរ​ផ្ទៃក្នុង បាន​ផ្ទុំ​ឡើងឥត​ស្រាកស្រាន្ត​។​បើ​ដូច្នេះ សារ​ជយឃោស​«​សម រង្ស៊ី​, កឹម សុខា ជា​មនុស្ស​តែមួយ​» អាច​ទប់​ការបែកបាក់​នេះ និង​អាច​ត​ទល់នឹង​អ្វី ដែល​លោក​សម រង្ស៊ី ថា​យុទ្ធសាស្ត្រ​របស់លោក​ហ៊ុន សែន ដែល​កំពុងតែ​ប្រើល្បិច ដើម្បី​បំបែក​«​សម រង្ស៊ី ពី កឹម សុខា​» បាន​ដែរឬទេ​?

ព័ត៌មានផ្សេងទៀត