មនុស្ស​ស្លាប់ដោយសារ​រលក​យក្ស នៅ​ឥណ្ឌូនេស៊ីកើន​ដល់​១៦៨​នាក់​

23-12-2018 4:22 pm 1153
  ស្តាប់
ស្តាប់ជាសំឡេង

​រលក​យក្ស​ស៊ូណាមិ​ដ៏​កំណាច​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​២២​ខែធ្នូ​ឆ្នាំ​២០១៨ ដោយ​គ្មាន​សញ្ញា​ព្រមាន​ណាមួយ​ឡើយ ទើបបានជា​អាជ្ញាធរ មិនបាន​ធ្វើ​ការប្រកាស​អាសន្ន ឲ្យ​ប្រជាជន​ដឹង​ជាមុន ដើម្បី​រំដោះខ្លួន​ចេញពី​តំបន់​គ្រោះថ្នាក់​។ ម្យ៉ាង ដោយសារតែ​វា​កើតឡើង​នៅ​ពេលយប់ ជា​ពេលដែល​មនុស្ស​មួយចំនួន កំពុង​សម្រាក​នៅក្នុង​បន្ទប់ និង​អ្នកខ្លះ​កំពុង​ចូលរួម​កម្មវិធី​កម្សាន្ត​សប្បាយ​នានា​នៅក្បែរ​ឆ្នេរសមុទ្រ​។ ហេតុនេះហើយ ទើបបានជា​បណ្តាលឲ្យមាន​អ្នករង​គ្រោះ ដោយសារតែ​រលក​យក្ស​ក្នុង​ចំនួន​ច្រើន​បែបនេះ​។​

​បើ​គិត​ត្រឹម​ថ្ងៃអាទិត្យ​នេះ ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ពី​៤៣​នាក់​ដល់​១៦៨​នាក់ ខណៈ​មនុស្ស​៧៤៥​នាក់​ផ្សេងទៀត​រងរបួស និង​៣០​នាក់​បាត់​ខ្លួន​។ មនុស្ស​ស្លាប់​ភាគច្រើន នៅ​Pandeglang និង Serang នៅលើ​កោះ Java និង​ខេត្ត Lampung នៅ Sumatra​។ ប៉ុន្តែ មនុស្ស​ស្លាប់​ច្រើន​បំផុត​ចូល​ខ្ទង់ រយ​នាក់ គឺ​នៅ​ខេត្ត Lampung ជា​កន្លែង​ដែល​រង​នូវ​ការ​ការវាយប្រហារ​ធ្ងន់ធ្ងរ​ជាងគេ​។ ក្រៅពី​បណ្តាលឲ្យ​ស្លាប់​និង​របួស​មនុស្ស​រាប់​រយ​នាក់ រលក​ស៊ូណាមិ ក៏បាន​បំផ្លាញ​អាគារ​នៅជាប់​ឆ្នេរ​រាប់រយ​ខ្នង ហើយ​ចរន្តអគ្គិសនី​ត្រូវបាន​កាត់ផ្តាច់​។​

​មន្ត្រី​ទទួលបន្ទុក​ផ្នែក​ស៊ើបអង្កេត​បាន​និយាយថា មូលហេតុ​ដែល​បណ្តាលឲ្យមា​នរលក​យក្ស​ស៊ូណាមិ​កើតឡើង ដោយសារតែ​បន្ទុះ​ភ្នំភ្លើង Anak Krakatau​ស្ថិតនៅ​ចន្លោះ​កោះ Sumatra និង​កោះ​Java ។ ភ្នំភ្លើង​នេះ បាន​បង្កើន​ភាព​សកម្ម​របស់​វា នៅ​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ មុន​ផ្ទុះ​យ៉ាង​កក្រើក​ចំនួន​ជាង​២​នាទី​ប៉ុណ្ណោះ កាលពី​ថ្ងៃ​សុក្រ ដោយបាន​ព្រួស​ផេះ​ប្រមាណ​៤០០​ម៉ែត្រ​ទៅលើ​អាកាស​។​

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​ចូកូ វី​ដូ​ដូ បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ជនរងគ្រោះ និង​បញ្ជា​ឲ្យ​គ្រប់​ភ្នាក់ងារ​ពាក់ព័ន្ធ​នៃ​រដ្ឋាភិបាល​ទាំងអស់ ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ស្វែងរក​ជនរងគ្រោះ​ដែល​បាត់​ខ្លួន និង​មើលថែ​អ្នករងរបួស​។​

​ឥណ្ឌូនេស៊ី​មាន​ទីតាំង​ភូមិសាស្ត្រ ស្ថិតនៅ​ចំ​អាង​នៃ​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​សម្បូរ​គ្រោះ​រញ្ជួយ​ដី និង​ភ្នំភ្លើង​ណាស់​។ នៅក្នុង​ខែកញ្ញា​មនុស្ស​ជាង ២,០០០​នាក់​បាន​ស្លាប់ នៅពេលដែល​ការរញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ បាន​វាយប្រហារ​នៅលើ​កោះ Sulawesi បង្កើតជា​រលក​យក្ស​ស៊ូណាមិ លេប​ត្របាក់​ទីក្រុង Palu​។ ដោយឡែក នៅ​ថ្ងៃទី ២៦ ខែធ្នូ​ឆ្នាំ ២០០៤ ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា នៅ​មហាសមុទ្រ​ឥណ្ឌា បាន​បង្ក​ជា​រលក​យក្ស​ស៊ូណាមិ វាយប្រហារ​លើ​ប្រទេស​ចំនួន ១៤ បានសម្លាប់​មនុស្ស​ប្រហែល ២២៨,០០០ នាក់ ដែល​នៅ​ក្នុងនោះ អ្នកស្លាប់​ភាគច្រើន​នៅ​ឥណ្ឌូនេស៊ី​៕

ព័ត៌មានផ្សេងទៀត